ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ក៏មានព្រឹត្តិការណ៍ប្រដាល់ពិភពលោកមួយដែលអ្នករៀបចំបានអោយឈ្មោះថា Khmer Fight ឬ គុនខ្មែរពិភពលោក បង្ហាញវត្តមានមិនធ្លាប់មានផងដែរ ដោយនេះជាការរៀបចំរបស់ប៉ុស្ដិ៍លេខ៥ ហើយមានអ្នកទស្សនាយ៉ាងណែនតាន់តាប់ជុំវិញរេញតែម្ដង ព្រោះតែមានកីឡាករចម្រុះប្រទេសចូលរួម។ កីឡាករកម្ពុជាកម្រិតA និងកីឡាករបរទេសច្រើនគូ មិនត្រឹមតែប្រកួតគ្នាយកប្រាក់រង្វាន់ដែលមានតម្លៃខ្លួនខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានមេដាយកិត្តិយសម្នាក់មួយ មិនថាអ្នកចាញ់ ឬអ្នកឈ្នះនោះដែរ។ លោក សេង កដិកា អ្នករៀបចំកម្មវិធីប្រចាំនៅប៉ុស្ដិ៍លេខ៥បានអះអាងថា នេះជាព្រឹត្តិការណ៍ទី១ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាដោយមានលក្ខណៈស្រដៀងនឹងព្រឹត្តិការណ៍ Thai Fight ដែលថៃធ្លាប់បានធ្វើយ៉ាងកក្រើកបណ្ដាប្រទេសជាយូរមកហើយ។ ព្រឹត្តិការណ៍នេះ មានប្រទេស១៤ចូលរួម ហើយបែងចែកជាពីរក្រុមគឺការប្រកួតរបស់កីឡាករពាក់កណ្ដាលអាជីព ដែលមានពាក់កៅស៊ូការពារ និងការប្រកួតកីឡាអាជីពដោយប្រើក្បាច់សេរីអោយឈ្នះ។ ព្រឹត្តិការណ៍នេះ ប៉ុស្ដិ៍លេខ៥រៀបចំ៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ រហូតដល់ថ្ងៃទី៣០ ធ្នូ ហើយនៅថ្ងៃទី៣១ ធ្នូ ដែលជាថ្ងៃដាច់ឆ្នាំ និងជាថ្ងៃចុងក្រោយក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ ក៏មានការប្រកួតប្រដាល់ដែរ តែជាព្រឹត្តិការណ៍ប្រកួតជម្រុះយកពានដូចដែលធ្លាប់បានធ្វើនៅប៉ុស្ដិ៍លេខ៥ព្រែកកំពិសកន្លងមក។ លោកថាព្រឹត្តិការណ៍ Khmer Fight នឹងបន្តរៀបចំតាមបណ្ដាខេត្តសំខាន់ៗ និងទៅប្រកួតនៅក្រៅប្រទេសទៀត គឺដូចគ្នានឹងព្រឹត្តិការណ៍Thai Fight ដែលកំពុងល្បីល្បាញនៅលើពិភពលោកដែរ។
នៅក្នុងព្រឹត្តិការណ៍ដែលបានរៀបចំនោះ គេឃើញមានកីឡាករជនជាតិវៀតណាម ជនជាតិអ៊ីរង់ ឥណ្ឌា ឡាវ ថៃ និង ទុយនីស៊ីនីជាដើម ចូលប្រកួត ដោយការប្រកួតទាំងមូលសុទ្ធតែបានធ្វើអោយអ្នកទស្សនាភាគច្រើនផ្ដោតការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនៅពេលការប្រកួតរវាងគូអាជីពរវាងកីឡាករកម្ពុជាGrade A និងកីឡាករបរទេសចាប់ផ្ដើម។ ជាក់ស្ដែងគ្រាន់តែជំនួបរវាងកីឡាករកម្ពុជា មឿន សុខហ៊ុច និងកីឡាករថៃ Siriphana ស្ទើរមិនមានទឹកណាដែលធ្វើអោយអ្នកទស្សនាដកដង្ហើមបានស្រួលនោះទេ ដោយសារតែពួកគេទាំងពីរប្រកួតគ្នាល្អមើល ហើយសម្រាប់ការបញ្ចេញថ្វីដៃគឺមិនខ្វល់ពីគ្រោះថ្នាក់រៀងខ្លួន មុនពេលរកឃើញកីឡាករកម្ពុជា មឿន សុខហ៊ុច ជាអ្នកទទួលបានកិត្តិយស។ នៅក្នុងព្រឹត្តិការណ៍គេឃើញអ្នកទស្សនាយ៉ាងកកក្ដាំងនៅជុំវិញរេញតែម្ដង ដោយអ្នកទស្សនាភាគច្រើនសុទ្ធតែស្រែកហ៊ោកញ្ជ្រៀវនៅពេលកីឡាករដែលខ្លួនស្រឡាញ់វាយចេញបានល្អ ស្ទើរតែលប់សំឡេងកាំជ្រួច។ កីឡាករអ្នកឈ្នះ និងអ្នកចាញ់គ្រប់គូសុទ្ធតែទទួលបានមេដាយកិត្តិយសដូចគ្នា ដោយគ្រាន់ទទួលបានតម្លៃខ្លួនខុសគ្នា។