ចាត់ទុកថាជាសប្ដាហ៍មួយដ៏កម្រលើសង្វៀន គុនខ្មែរប៉ុស្តិ៍លេខ5 បើកឆាកនាដើមខែថ្មី កក្កដានេះ គូប្រកួតជម្រើសអន្តរជាតិ 4គូរប៉ះគ្នាខណៈកីឡាករមកពីប្រទេសចិន និង ប្រទេសថៃសរុបចំនួន 4រូបប៉ះគ្នាជាមួយនឹង កីឡាករជម្រើសប្រចាំប្រទេកម្ពុជា អាចយកជ័យជម្នះស្មើរដៃគ្នាដោយខាងកីឡាករបរទេសវាយផ្ដាច់ឈ្នះកីឡាករខ្មែរ2គូ រីឯ កីឡាករកម្ពុជាយើងវិញអាចផ្ដួលគូប្រកួតនិងទទួលបានជ័យជម្នះ2គូស្មើរគ្នា។
យ៉ាងណាមិញ គូឯកប្រចាំកម្មវិធី កីឡាករ អ៊ូច ធារិទ្ធ ត្រូវបានចូលប្រកួតជំនួសកីឡាករមួយរូបដែលស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5បានចាត់គូរួចមកហើយ ប៉ុន្តែដោយសារតែមានបញ្ហាសុខភាពភ្លាមៗទើជំនួសមកវិញដោយ កីឡាករ អ៊ូច ធារិទ្ធ តែក៏បានធ្វើឱ្យអ្នកទស្សនាផ្ទាល់ស្រែកខ្ទរសង្វៀនព្រែកកំពឹស ដោយកីឡាកររូបនេះបានផ្ដួលកីឡាករចិនឱ្យសន្លប់នៅត្រឹមទឹកទី2 ក្នុងប្រទេទប្រដាល់ហ្គង់ចេញម្រាម ប្រភេទទម្ងន់60 Kg បានអង្រួនសង្វៀនជាថ្មីដោយ និង បញ្ចប់ទៅដោយរលូនជាមួយនឹងឈុតឆាកប្រយុទ្ធយ៉ាងគួរឱ្យទាក់ទាញ។
គូឯកចុងក្រោយ កម្ពុជា-ចិន ( ហ្គង់ចេញម្រាម) ដោយកីឡាករ អ៊ូច ធារិទ្ធ ធ្វើបានល្អតាំងពីទឹកទីមួយ ស្នៀតប្រយុទ្ធពោពេញដោយកម្លាំងថាមពល និង ប្រើក្បាច់ពិសេសៗផ្ដួលគូប្រកួត ហ័រ ជីនចាវ ឱ្យដួលក្រោកមកតតាំងទាំងស្មារតីមិននឹងន៎ ហើយត្រូវបានអាជ្ញាកណ្ដាលប្រើឆន្ទានុសិទ្ធិសម្រេចឱ្យផ្អាកការប្រកួតភ្លាមៗតែម្ដង។
ជារៀងរាល់សប្ដាហ៍សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថានីយ៍ទូរទស្សប៉ុស្តិ៍លេខ5 តែងតែសម្រិតសម្រាំងនាំមកជូនទស្សនិកជនរហូតទៅដល់7គូ ទាំងជាតិ និង អន្តរជាតិឱ្យអ្នកស្នេហាវិស័យកីឡាបានទស្សនាឱ្យបានជក់ចិត្ត និង ពេញភ្នែក។
គួរបញ្ជាក់ផងដែរថា ប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ5 នឹងធ្វើការផ្អាកមួយសប្ដាហ៍ ដូច្នេះសម្រាប់បងប្អូនដែលស្នេហាវិស័យកីឡាអាចរង់ចាំតាមដានទស្សនា នាសប្ដាហ៍ក្រោយនៅថ្ងៃ សៅរិ៍ ទី 27 ខែកក្កដា ជាថ្មីម្ដងទៀត។ សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចរង់ចាំតាមដាននៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ5 ឬ Facebook Page ផ្លូវការ TV5 Cambodia ដើម្បីទាតួលបានតំណឹងពីការចាប់គូ និង វត្តមានកីឡាករណាខ្លះនឹងមកប្រកួតនៅលើសង្វៀនក្រោយៗ។