ឌឺប៉ះឌឺ ខាំ កូនខ្លា និង សុភាព រុងរឿង វាយផ្ដាច់គូប្រកួតមកពីប្រទេសឡាវព្រមគ្នា នៅសង្វៀន TV5 KunKhmer

0


ក្រឡេកមកមើលគូអន្តរជាតិប្រចាំសប្ដាហ៍ចុងក្រោយ ដែលជាសប្ដាហ៍ទី4 បញ្ចប់នៃខែមិថុនានេះវិញ TV5 បានចម្រាញ់យកកីឡាករមកពីប្រទេស ចិន មួយរូប និង មកពីប្រទេស ឡាវ ពីររូប ឱ្យប៉ះជាមួយនឹងកីឡាករកម្ពុជានារាត្រីថ្ងៃទី 29 មិថុនានេះ។

ក្នុងនោះផងដែរ 2គូប្រកួតចុងក្រោយដែលកីឡាករកម្ពុជាយើងត្រូវប្រកួតជាមួយនឹងដៃគូមកពីប្រទេសឡាវដូចគ្នា បានធ្វើឱ្យអ្នកទស្សនាមើលមិនហ៊ានដកភ្នែក រហូតហើបគូទពីកៅអីនោះជាគូរបស់ កីឡាករ សុភាព រុងរឿង ដែលត្រូវប្រកួតជាមួយនឹងកីឡាករ ឡាវ ផេត ប៊ុនឈូ ប្រកួតក្នុងទម្រង់ ហ្គង់លេខ8 ក្នុងប្រភេទទម្ងន់ 63.5Kg។

មួយគូនេះបើនិយាយពីការតស៊ូក្នុងការប្រកួតគឺមានភាពស្មើរៗគ្នាដោយកីឡាករទាំងពីរចេញសឹងគ្រប់ក្បាច់ និង គាំងក្បាច់រៀងៗខ្លួន ប៉ុន្តែ សុភាព រុងរឿង ហាក់មានថាមពល និង មានព្រៀបជាងកីឡាករឡាវ ដោយវាយបំបាក់ដៃគូឱ្យបាត់បង់ជំហរ និង ស្មារតីរហូតលោកអាជ្ញាកណ្ដាលប្រើប្រាស់ឆន្ទានុសិទ្ធរបស់ខ្លួនបញ្ឈប់ការប្រកួតភ្លាមៗនៅក្នុងទឹកទី3ជ្រៀសវៀង ផេត ប៊ុនឈូ រងនូវបញ្ហាធ្ងន់ធ្ងរជាងនេះ បើទោះជាកីឡាករឡាវ មិនព្រមបោះបង់ការតស៊ូរក្ដី។

ចំណែកគូឯកប្រចាំសប្ដាហ៍នេះវិញក៏មិនធម្មតានោះឡើយ បើយោងតាមកិច្ចសម្ភាសន៍របស់ TV5 KunKhmer ជាមួយនឹងកីឡាករ ខាំ កូនខ្លា ក្រោយការប្រកួតចប់បានឱ្យដឹងថា បន្ទាប់ពីខ្លួនបាត់មុខពីសង្វៀនអស់មួយរយៈដោយសារមានបញ្ហាសុខភាព នេះគឺជាសង្វៀនដំបូងហើយក៏បានប៉ះគ្នាជាមួយនឹងកីឡាករលំដាប់មកពីប្រទេស ឡាវ ស្វាគមន៍ការត្រឡប់មកកាន់ការប្រកួតជាថ្មីបន្ទាប់ពីសម្ងំហ្វឹកហាត់សាច់ដុំអស់ជាងកន្លះខែតែប៉ុណ្នោះ។

ដូចទៅនឹងការសន្យាឱ្យអ្នកគាំទ្រចាំទស្សនាការប្រកួតរបស់ខ្លួនមិនឱ្យខកចិត្តនោះឡើយ ថ្វីបើខានឡើងសង្វៀនយូរ ប៉ុន្តែក្បាច់គុនកីឡាករវ័យ 20ឆ្នាំរូបនេះ នៅតែខ្លាំង កម្លាំងបំបោលពោពេញទៅដោយថាមពល វាយគូប្រកួតមិនដកដៃ បោះជង្គង់ឆ្វេងស្ដាំសុទ្ធតែប៉ះចំដៃគូ បំបុកតាំងពីទឹកទី១ រហូតដល់ទឹកទី2ដោយផ្ដួលគូប្រកួត ផេត ចំប៉ា ឱ្យសន្លប់បាត់មាត់ ផ្ដាច់យកជ័យជម្នះ ព្រមទាំងបន្សល់នូវមុខរបួសត្រង់មុខទុកឱ្យ ផេន ចំប៉ា ទៅវិញមុនចុះពីលើសង្វៀន មិនឱ្យបន្តទៅទឹកផ្ដាច់ព្រ័ត្តបាននោះឡើយ។

រីឯ គូប្រកួតមិត្តភាពអន្តរជាតិ ខ្មែរ-ចិន មួយគូដំបូងក៏មិនធម្មតាដែរ ក្រោយខនខានឡេីង​សង្វៀន​ជាងពីរឆ្នាំ​ ជ័យ​ សុីនេត​ បាន​ទទួលការ​ផ្ដល់​ឱកាស​ឡើង​សង្វៀន​ប្រកួត​សារជាថ្មី​ ប៉ះអ្នកលេង​ក្បាច់​កុងហ្វូចិន​សាច់​ស កុង យៀនឃុន តស៊ូពេញ3ទឹកពេញនៅលើសង្វៀន កីឡាករទាំងពីរទទួលបានលទ្ធផលស្មើរគ្នាខណៈឈុតឆាកប្រយុទ្ធមួយគូនេះក៏មិនណយដែរ។

ទាំងនេះគឺជាមោទភាពនៃការខិតខំប្រឹងប្រែងរបស់កីឡាករគុនខ្មែរយើងដែលជាហេតុជម្រុញឱ្យពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ5 សហការណ៍ជាមួយនឹង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ តែងតែនាំយកនូវគូប្រកួតលំដាប់ទាំងជាតិ និង អន្តរជាតិមកបង្ហាញលើសង្វៀន TV5 គុនខ្មែរ មានគ្រប់រសជាតិនៃការប្រកួតទាំង គុនខ្មែរប្រភេទ ហ្គង់ធម្មតា ហ្គង់ចេញម្រាម ពិសេសគឺមិនដែលរំលងការប្រកួតបែបអំបោះឆៅនោះឡើយមួយរយៈចុងក្រោយនេះ។

មិនតែប៉ុណ្នោះ ក៏តែងតែផ្ដល់ឱកាសឱ្យថ្នាលកីឡាករគុនខ្មែរដែលជាយុវជនជំនាន់ក្រោយមកបញ្ចេញកម្លាំងនៅលើសង្វៀនជារៀងរាល់សប្ដាហ៍ដើម្បីបណ្ដុះ ពង្រឹង និង ដុះខាត់សមត្ថភាពព្រមទាំងបទពិសោធន៍ឱ្យកាន់តែខ្លាំង។ ខាងក្រោមនេះគឺជាទិដ្ឋភាពនៃការប្រកួតកីឡា ប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ5 ដែលក្រុមការងារយើងផ្ដិតយកបានកាលពីថ្ងៃទី 29 មិថុនា ឆ្នាំ2024នេះ ៖