សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ5 បានសហការណ៍គ្នានាំយកនូវផ្ទាំងទស្សនីយ៍ភាពប្រដាល់គុនខ្មែរជារៀងរាល់សប្ដាហ៍នៅឯសង្វៀនព្រែកកំពឹស ជាមួយនឹងគូប្រកួតល្បីៗខ្លាំងៗ មានថ្វីដៃ និង កេរ្តិ៍ឈ្មោះច្រើនប្រកួត។
នៅក្នុងសប្ដាហ៍ទី3 ថ្ងៃទី 22 ខែ មិថុនា នេះសង្វៀនគុនខ្មែរប៉ុស្តិ៍លេខ5 កាន់តែសម្រិតសម្រាំងជ្រើសយកគូប្រកួតកម្រិតអន្តរជាតិមកពីប្រទេស ចិន រហូតទៅដល់3គូនៅក្នុងសប្បាហ៍នេះឱ្យប៉ះជាមួយនឹងកីឡាករជើងខ្លាំងក្នុងប្រទេសកម្ពុជាយើង។
ថ្វីបើនៅក្នុងសប្ដាហ៍នេះការប្រកួតគូមិត្តភាពអន្តរជាតិ ខ្មែរ-ចិន ចំនួន3គូ កីឡាករកម្ពុជាយើងបានវាយផ្ដាច់យកជ័យជម្នះគ្រប់ៗគូមិនឱ្យបាក់មុខពូជខ្មែរអ្នកចម្បាំង។ ប៉ុន្តែក្នុងនោះមួយគូប្រកួតរវៀងកីឡាករបង្គោលក្រហម ទូច ប្រុសណុច ប៉ះគ្នាជាមួយនឹងបង្គោលខៀវកីឡាករ LI ZUOXIANG មកពីប្រទេស ចិន បានក្លាយជាគូបំបែកកំណត់ត្រាថ្មីដ៏កក្រើកនៅសង្វៀនប៉ុស្តិ៍លេខ5 ដោយការប្រកួតមានចំនួនរហូតដល់ទៅ3ទឹក ប៉ុន្តែកីឡាករ ទូច ប្រុសណុច បានប្រើក្បាច់ពិសេសៗមិនដកដៃវាយបំបាក់កីឡាករចិន ឱ្យដួល និង ត្រូវបានអាជ្ញាកណ្ដាលរាប់រហូតដល់ទៅ3ដងផ្ទួនៗនៅក្នុងទឹកទី1។
ក៏បណ្ដាលឱ្យកីឡាករមកពីប្រទេសចិន បោះបង់ការប្រកួតដោយសន្លប់ត្រឹមនាទី 2:15នាទី ស្មើរនឹង ទូច ប្រុសណុច ចំណាយពេលត្រឹមតែ 45វិនាទីតែប៉ុណ្នោះ មិនដល់1នាទីផង វាយផ្ដាច់មិនឱ្យដៃគូឈ្ពោះទៅទឹកបន្តបន្ទាប់បាន អ្វីដែលពិសេសដៃគូមិនបានវាយត្រូវសូម្បីមួយដៃសឹងមិនគួរឱ្យជឿ។
នេះគឺជារូបភាពថ្មីមួយទៀតហើយនៅក្នុងសង្វៀនប៉ុស្តិ៍លេខ5 នៅក្នុងសប្ដាហ៍ថ្មីនេះ ដោយ កីឡាករ ទូច ប្រុសណុច ហាក់បង្ហាញពីឥទ្ធិពល និង ជោគជ័យពោពេញដោយមោទកភាពជូនចំពោះអ្នកគាំទ្ររបស់ខ្លួន ដោយបំបែកកំណត់ត្រាក្លាយជាអ្នកទទួលជ័យជម្នះលឿនជាងគេប្រចាំសប្ដាហ៍គួរឱ្យកត់សម្គាល់។
គួរំឮកឡើងវិញថា កាលពីសប្ដាហ៍មុនសង្វៀនប៉ុស្តិ៍លេខ5 ក៏បាននាំយកនូវកីឡាករមកពីបណ្ដារប្រទេសចំនួន4 មានដូចជាប្រទេស អ៉ីរ៉ង់, ចិន, ឡាវ និង រុស្ស៉ី ឱ្យប៉ះគ្នាជាមួយកីឡាករកម្ពុជាយើងនៅក្នុងថ្ងៃតែមួយយ៉ាងកក្រើក។
ក្នុងនោះផងដែរវត្តមានម្ចាស់អាវមាសTV5 កីឡាករ ឡឹក វិបុល ក៏បានធ្វើឱ្យអ្នកស្នេហាវិស័យគុនខ្មែរញញឹមបិទមាត់មិនជិតជាមួយនឹងជ័យជម្នះក្រោយប៉ះគ្នាជាមួយនឹងកីឡាករមកពីប្រទេសឡាវ ហើយថ្វីដៃក្នុងការប្រើស្នៀតប្រយុទ្ធហាក់មិនថមថយនោះឡើយ។