កម្មវិធីប្រកួតប្រដាល់កម្រិតអន្តរជាតិសង្វៀន គុនខ្មែរប៉ុស្តិ៍លេខ5នាសប្ដាហ៍នេះ បានឈានដល់វគ្គប្រកួតប្រជែងដណ្ដើមខ្សែក្រវ៉ាត់ និង រកបានម្ចាស់ខ្សែក្រវ៉ាត់ឯកប្រភេទទម្ងន់ 57 Kg កម្រិតC ដែលជាថ្នាលគុនខ្មែរពោពេញទៅដោយកម្លាំង គុណភាព និង ជាទំពាំងស្នងឬស្សីនៅក្នុងវិស័យគុនខ្មែរ។ នៅក្នុងរាត្រីដ៏អស្ចារ្យនេះផងដែរក្រៅពីគូម៉ារ៉ាតុនប្រកួតដណ្ដើមខ្សែក្រវ៉ាត់ ក៏មានអមជាមួយនឹងការប្រកួតគូមិត្តភាពអន្តរជាតិ កម្ពុជា-អ៉ីរ៉ង់-ចិន មានទាំងគូកីឡាករ និង កីឡាការិនី ដែលមានរហូតទៅដល់ 10គូ នារាត្រីថ្ងៃ សៅរិ៍ ទី 08 ខែ មិថុនានេះ។
យោងតាមសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការណ៍នូវការបហរកួតដណ្ដើមខ្សែក្រវ៉ាត់នេះ បានឱ្យដឹងថា ការប្រកួតជ្រើសរើសម្ចាស់ខ្សែក្រវ៉ាត់ឯកទម្ងន់ 57Kg នៅសង្វៀនប៉ុស្តិ៍លេខ5នៅក្នុងសករាជថ្មីនេះ មានចំនួន8រូបមកពី8ក្លឹបផ្សេងៗគ្នានៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ចំពោះការរើសគូប្រកួតគឺសុទ្ធសឹងតែមានការចាប់ឆ្នោត និង ប្រកាសជាផ្លូវការណ៍ឱ្យមហាជនបានដឹងពុំមែនជាការលើកដាក់ឬជ្រើសរើសកីឡាករណាមួយដើម្បីឡើងមកប្រកួតនោះឡើយ។
ឆ្លងកាត់ការប្រកួតយ៉ាងកក្រើកមិនប្រដាក់ដៃតាំងពីវគ្គជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្ត កីឡាករ នៅ វណ្ណថន បានធ្វើឱ្យអ្នកទស្សនាផ្ទាល់នៅសង្វៀនព្រែកកំពឹស ហើបគូទពីកៅអី មើលការប្រកួតសឹងមិនដកក្រសែភ្នែកដោយសារពីមួយវគ្គទៅមួយវគ្គកាន់តែជក់ចិត្ត និង កញ្ជ្រោលសង្វៀនមិនធម្មតា។
ជាលទ្ធផល នៅ វណ្ណថន ក៏មិនបានធ្វើឱ្យទស្សនិកជន និង អ្នកគាំទ្រខកបំណងនោះឡើយដោយនៅក្នុង វគ្គជម្រុះដំបូងបានយកឈ្នះកីឡាករ ឡុង លីហេង ដោយពិន្ទុយ៉ាប្រផិតប្រផើយឈ្ពោះទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្តអាចក៏យកឈ្នះកីឡាករ រឿង ឌីណា រហូតឈានទៅដល់វគ្គផ្ដាច់ព្រ័ត្តប៉ះគ្នាដណ្ដើមខ្សែក្រវ៉ាត់ឯកជាមួយនឹងជើងខ្លាំង កីឡាករ រឿប វិច្ចកា ដោយទទួលបានជោគជ័យ ក្នុងការប្រកួត3គូ ពេញទាំង3ទឹកតែម្ដង។
រំឮកអំពីកីឡាករ នៅ វណ្ណថន មានអាយុ 17 ឆ្នាំ កម្ពស់ 1.70cm ទម្ងន់ 57Kg ជាកីឡាករមកពីក្លឹប សុភាពគុនខ្មែរ សមាគមកងយោធពលខេមរភូមិន្ទ ធ្លាប់ប្រកួតសរុបចំនួន 18ដង ចាញ់2 ដង ហើយក៏ធ្លាប់ផ្ដួលដៃគូតាមរយៈបច្ចេកទេសបានចំនួន4ដងរួចមកហើយ។
អ្វីដែលកាន់តែមានមោទកភាពនៅក្នុងពេលនេះ វណ្ណថន ក៏បានក្លាយជាម្ចាស់ខ្សែក្រវ៉ាត់លើកដំបូងទាំងវ័យក្មេងប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្តក៍លេខ5 និង ទទួលបានការចាប់អារម្មណ៍ពីសំណាក់គណកម្មការពីសមត្ថភាពដ៏គួរឱ្យភ្ញាក់ផ្អើលរបស់កីឡាកររូបនេះថែមមួយកម្រិតទៀត។
គួរបញ្ជាក់ផងដែរថា ខ្សែក្រវ៉ាត់ឯករបស់សង្វៀន គុនខ្មែរប៉ុស្តិ៍លេខ5 នឹងផ្ដល់ឱកាសឱ្យម្ចាស់ជ័យលាភីឡើងការពារខ្សែក្រវ៉ាត់របស់ខ្លួនជារៀងរាល់3ខែម្ដង ក៏ដូចជាផ្ដល់ឱកាសឱ្យត្រៀមខ្លួនប្រកួតជាលក្ខណៈអន្តរជាតិថែមទៀតផង ដើម្បីពង្រឹងសមត្ថភាព និង ការពារតំណែងជាម្ចាស់ជើងឯក ព្រមទាំងវិវឌ្ឍន៍ខ្លួនឱ្យកាន់តែស្វាហាប់ និង មានឥទ្ធិពលទ្វេរដងនៅក្នុងវិស័យប្រដាល់គុនខ្មែរ។
សម្រាប់ព័ត៌មានលម្អិត ក៏ដូចជាតាមដាននូវគូប្រកួតថ្មីៗនៅសប្ដាហ៍ក្រោយៗបន្តទៀតទស្សនិកជនអាចស្វែងរកបានតាមការបង្ហោះនៅលើហ្វេកប៊ុកផេកផ្លូវការ ក៏ដូចជានៅតាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ5 ឬ TV5 Cambodia ។ ទស្សនិកជនក៏អាចទស្សនាផ្ទាល់បាននៅសង្វៀនព្រែកកំពឹស រៀងរាល់ថ្ងៃ សៅរិ៍ ចាប់ពីម៉ោង6ល្ងាចតទៅ ឬ ទស្សនាតាមការ Live ផ្ទាល់លើFacebook page និង កញ្ចក់ទូរស្សន៍ TV5។