គុនខ្មែរអស្ចារ្យ គូមិត្តភាពអន្តរជាតិ ខ្មែរ-ម៉ារ៉ុក-វៀតណាម-ចិន កីឡាករកម្ពុជា នៅតែមានប្រៀបនាំមុខយកជ័យជម្នះគ្រប់គូ នៅសង្វៀន គុនខ្មែរ TV5 ដើមខែ មិថុនា

0


មកទល់ពេលនេះ កម្មវិធីប្រកួតកីឡាប្រដាល់ គុនខ្មែរប៉ុស្តិ៍លេខ5 សហការណ៍ជាមមួយនឹង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាន់តែធ្វើឱ្យអ្នកទស្សនាពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ជក់ដិតដិតអារម្មណ៍ជាមួយនឹងការនាំយកនូវកីឡាករជម្រើសជាតិ និង អន្តរជាតិល្បីៗដែលសុទ្ធសឹងតែជាម្ចាស់មេដាយ SEAGAME និង ម្ចាស់ខ្សែក្រវ៉ាត់លំដាប់ប្រទេស មកប្រកួតប៉ះគ្នានៅលើសង្វៀនតែមួយ។

ថ្វីបើនៅរាត្រីថ្ងៃទី 01 ខែ មិថុនា ឆ្នាំ2024 មុននេះសង្វៀន គុនខ្មែរប៉ុស្តិ៍លេខ5 មិនបាននាំយកកីឡាករថៃមកប្រកួត តែបានជំនួសមកវិញដោយកីឡាករមកពីប្រទេស វៀតណាម ព្រមទាំងកីឡាករមកពីប្រទេស ម៉ារ៉ុក និង ប្រទេសចិន នៅក្នុងសប្ដាហ៍នេះវិញ។

អ្វីដែលកាន់តែមានមោទកភាពចំពោះគុនខ្មែររបស់យើងនោះគឺ 3គូប្រកួតប៉ះគ្នារវៀងកីឡាករគុនខ្មែរយើងជាមួយនឹងដៃគូមកពីបរទេសទាំង3 ហើយកីឡាករខ្មែរយើងមានប្រៀបជាង និង ទទួលបានជ័យជម្នះដោយពិន្ទុគ្រប់គូ ពេញបីទឹក ទាំងប្រភេទកីឡាបែប អំបោះឆៅ ដោយកីឡាករ ធា នុរាជ យកឈ្នះ កីឡាករ ម៉ាហាមេដ អែល ម៉ាឌី ( Morocco ),

រីឯគូអន្តរជាតិ ខ្មែរ-វៀតណាម កីឡាករ ធន់ វណ្ណា ក៏បានយកឈ្នះកីឡាករ ង្វៀន ទៀនផាត ក្នុងប្រភេទការបហរកួតហ្គង់ធម្មតា និង គូឯកចុងក្រោយ គូមិត្តភាព កម្ពុជា-ចិន បឺត សង្ឃឹម និង ជាំងរ៉ុងឡុង ក្នុងប្រភេទការប្រកួតហ្គង់ចេញម្រាម ទម្ងន់ 60Kg កម្ពុជាក៏នៅតែរក្សាបាននូវជ័យជម្នះគួរឱ្យកត់សម្គាល់ផងដែរ។

កម្មវិធីប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ5 និង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ តែងតែនាំមកនូវរសជាតិថ្មីៗនៃការប្រកួតដោយត្រៀមសម្រិតសម្រាំងនាំយកគូប្រកួតដែលពូកែខ្លាំងៗ ដើម្បីជាចំណីភ្នែករបស់អ្នកទស្សនាពីមួយសប្ដាហ៍ ទៅមួយសប្ដាហ៍ឱ្យកាន់តែពិសេស។

មិនតែប៉ុណ្នោះ ប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ5 ក៏នឹងត្រៀមជ្រើសរើសកីឡាករឱ្យប្រកួតដណ្ដើមខ្សែរក្រវ៉ាត់ចំនួន 3ប្រកួតក្នុងចំណោមកីឡាករ ៨នាក់ ជម្រើសយកម្ចាស់ខ្សែក្រវ៉ាត់ឯករបស់សង្វៀនគុនខ្មែរប៉ុស្តិ៍លេខ5 នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ដើម្បីឱ្យជ្រាបកាន់តែច្បាស់នូវព័ត៌មានគូប្រកួតជាបន្តបន្ទាប់នៅសប្ដាហ៍ក្រោយៗ ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរទាំងអស់អាចចូលទៅតាមដាននៅលើហ្វេកប៊ុកផេក TV5 Cambodia និង រង់ចាំទស្សនាការផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 6ល្ងាចតទៅ ឬអាចមកទស្សនាដោយផ្ទាល់បាននៅសង្វៀនព្រែកកំពឹស និង ការ Live ផ្ទាល់លើផេកផ្លូវការផងដែរ។