ផ្ទុយពីការមើលឃើញថាកីឡាករបង្គោលក្រហម គុជសា ចាន់រាជ ប្រកួតឈ្នះនៅក្នុងព្រឹត្តិការណ៍ TV5 Boxing Knock Out Series By K-Cement ក្នុងវគ្គ៣២នាក់ជម្រុះយក១៦នាក់ កាលពីថ្ងៃទី១ ធ្នូ កីឡាករបង្គោលក្រហមរូបនោះមិនត្រូវបានគណកម្មការអនុញ្ញាតិអោយឡើងប្រកួតក្នុងវគ្គបន្តនោះទេ ដោយត្រូវកំណត់អោយគេចាញ់ស្វ័យប្រវត្តិទោះជាបានប្រកួតឈ្នះ។
គណកម្មការការប្រកួតបានបញ្ជាក់ពីហេតុផលមួយចំនួនដែលនាំអោយកីឡាករដែលបានឈ្នះក្លាយជាអ្នកចាញ់នៅក្រោយការប្រកួត។
លោក សេង កដិកា អ្នករៀបចំការប្រកួតបានថ្លែងបញ្ជាក់ថា កីឡាករបង្គោលក្រហម គុជសារ ចាន់រាជ មិនត្រូវបានគណកម្មការអនុញ្ញាតអោយឡើងប្រកួតបន្តនោះទេ ដ្បិតតែគេបានប្រកួតឈ្នះបង្គោលខៀវ រឿន សុខលី នៅក្នុងវគ្គជម្រុះដ៏ស្វិតស្វាញនោះ។
ហេតុផលដែលគេប្រកួតឈ្នះតែបែរជាបាត់ឱកាសឡើងទៅប្រកួតបន្ត គឺដោយសារតែគេបណ្ដោយអោយលើសគីឡូផ្ទុយពីលក្ខន្តិកៈដែលបានកំណត់ឡើង។
លោកថាបើលើសត្រឹមតែប្រាំប្រាំមួយខាំ នោះគណកម្មការអាចយោគយល់បាន ប៉ុន្តែបើលើសដល់ទៅ២គីឡូ នោះអ្នកល្មើសនឹងត្រូវកំណត់អោយចាញ់ការប្រកួតដោយស្វ័យប្រវត្តិ។ យ៉ាងណាមិញ លោកថាសម្រាប់ការប្រកួតដើម្បីបំពេញកិច្ចសម្រាប់ម៉ោងផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ គឺត្រូវតែដំណើរការប្រកួតឈ្នះចាញ់ធម្មតា ដើម្បីកំណត់យកអ្នកឈ្នះអោយទទួលបានតម្លៃខ្លួនខ្ពស់ជាង។ លោកនិយាយថាមុនប្រកួត កីឡាករបង្គោលក្រហម គុជសា ចាន់រាជ ត្រូវបានកំណត់អោយចុះហត្ថលេខារួចហើយថា ទោះជាឈ្នះក៏ត្រូវតែអោយធ្លាក់ដោយស្វ័យប្រវត្តិ ដោយសារតែគេបណ្ដោយអោយលើសទម្ងន់ដល់ទៅជិត២គីឡូ ដែលផ្ទុយពីការកំណត់របស់គណកម្មការសម្រាប់ការប្រកួតជ្រើសរើសជើងមួយនេះ។ លោកនិយាយថា«សម្រាប់ការប្រកួត គឺយើងនៅតែដំណើរការអ្នកឈ្នះនិងអ្នកចាញ់ជាធម្មតា ប៉ុន្តែក្រោយការប្រកួតចប់ គឺទោះជាលទ្ធផលយ៉ាងមិច ក៏កីឡាករម្ខាងទៀត ដែលគេរក្សាទម្ងន់បានល្អ ត្រូវតែបានឡើងទៅកាន់វគ្គបន្ត!»៕