នៅទីបញ្ចប់នៃ ការប្រកួតនៅលើសង្វៀនទូរទស្សន៍អាសុីអាគ្នេយ៍កាលពីយប់ថ្ងៃទី១៧ វិច្ឆិកា កីឡាករវ័យក្មេង ទើបឡើងកូដ ឡុង ខេត្ត បានក្លាយជាអ្នករងការអាម៉ាស់ខុសពីការគ្រោងទុក ក្រោមដៃកីឡាករវ័យក្មេង ជី ឆៃលី។ ការប្រកួតរបស់ទាំងពីរ ត្រូវគេឃើញបើកឆាកយ៉ាងកក្រើកតែម្ដង ដោយអាចនិយាយបានថា ទាក់ទាញមិនអន់ជាងគូប្រកួតល្បីៗនៅក្នុងថ្ងៃនោះឡើយ។
នេះជាការប្រកួតជាលក្ខណៈមិត្តភាពរបស់អ្នកទាំងពីរ តែបើនិយាយពីគុណភាពនៃការប្រកួត គឺអាចនិយាយបានថាល្អមើល ជាពិសេសនៅពេលការប្រកួតទាំងមូលកាន់តែឡើងកំដៅក្នុងទឹកទី៣។ នេះជាជំនួបលើកដំបូងរបស់អ្នកទាំងពីរ ប៉ុន្តែសម្រាប់ការប្រកួតដែលបានធ្វើឡើង មិនខុសពីគូសុីសាច់ហុតឈាមនោះទេ ដោយសារតែតាំងពីទឹកទី១រហូតដល់ទឹកទី៥ ស្ទើរមិនមានវិនាទីណាមួយ ដែលអ្នកទាំងពីសំចៃដៃដាក់គ្នា។ កីឡាករ ឡុង ខេត្ត ត្រូវគេឃើញបញ្ចេញសមត្ថភាពបានល្អគួរអោយសរសើរ ខណៈដែលការប្រកួតមួយគូនេះ កីឡាករឡុង ខេត្ត ក៍មានអ្នកប៉ាន់ស្មានថា នឹងឈ្នះច្រើនជាងបរាជ័យ។ អុីចឹងហើយ ទើបក្រោយបើកប្រកួត ស្រាប់តែ កីឡាករឡុង ខេត្ត បែរជាត្រូវទ័លទី ហើយបរាជ័យទៅវិញ គឺធ្វើអោយកីឡាករ ជី ឆៃលី ស្ថិតក្នងអារម្មណ៍អ្នកគាំទ្រតែម្ដង។ យ៉ាងណាមិញ កីឡាករ ឡុង ខេត្ត បានបង្ហាញពីការមិនអស់ចិត្តនោះទេ ដោយបានទាំងបន្ទោសថា ហេតុផលភ្លាត់ស្នៀត២ទឹកចុងក្រោយ គឺជាអ្វីដែលធ្វើអោយខ្លួនអាម៉ាស់ផង។
អ្នករៀបចំការប្រកួតបានអះអាងថា នឹងអោយគូទាំងពីរប៉ះគ្នាម្ដងទៀត ដើម្បីស្ទាបស្ទង់សមត្ថភាពជាថ្មី។