មានការភ្ញាក់ផ្អើលមិនតិចទេ ដែលការប្រដាល់នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងព្រឹត្តិការណ៍ កំពូលអ្នកប្រយុទ្ធ Boostrong Fighter On Fire កាលពីព្រឹកថ្ងៃអាទិត្យទី ១១ វិច្ឆិកា មុននេះ ឈានដល់ការសម្រេចមិនអោយតម្លៃខ្លួន កីឡាករបង្គោលក្រហម ថន ភឿត ដោយអះអាងថាគេប្រកួតមិនប្រក្រតី។ នេះជាការពិន័យធំមួយ ដែលស្ថានីយទូរទស្សន៍មួយនេះ ធ្លាប់បានព្រមានដល់កីឡាករ ដែលឡើងប្រកួត ហើយត្រូវគេចោទថា បានលក់លទ្ធផល ឬ ធ្វើចាញ់ ដើម្បីលុយខាងក្រៅសង្វៀន។
ការសម្រេចដែលនាំអោយកីឡាករបង្គោលក្រហមរូបនេះ មិនទទួលបានតម្លៃខ្លួន គឺដោយសារតែកីឡាកររូបនេះ សម្រេចចិត្តបោះបង់ការប្រកួតក្នុងទឹកទី៣ ដោយយកលេសថា កីឡាករបង្គោលខៀវ ហេង វាសនា ទាត់ត្រូវចុងដង្ហើម និង វាយត្រូវច្រើនចំណុចចំសុទ្ធតែកន្លែងសំខាន់ៗ។ លោកត្រូវគេឃើញដេកដួលលើរេញ ដោយទោះជាត្រូវលោកអាជ្ញាកណ្ដាលរាប់ពន្យារយ៉ាងណា ក៍លោកនៅតែមិនក្រោក ហើយសម្រេចចិត្តបោះបង់។ គណកម្មការបានហៅសភាពប្រកាច់លើរេញ និងបោះបង់ការប្រកួតរបស់លោកថា ជាលេស និងថាជាការលក់លទ្ធផល ដោយគណកម្មការសម្រេចថាគេប្រកួតមិនប្រក្រតី ហើយកំណត់មិនអោយតម្លៃខ្លួន។
កីឡាករ ថន ភឿត បដិសេធធ្វើការបកស្រាយ តែអ្នកអោយទឹករបស់លោក បានលាន់មាត់ថា បើការប្រកួនោះ បង្ហាញពីការតស៊ូបន្តិច នោះប្រាកដជាមិនមានបញ្ហានោះទេ។ លោកត្រូវគេឃើញអង្គុយមិនសប្បាយចិត្តក្នុងពេលដោះរេញពីដៃ និងបង្ហាញពីការខកចិត្ត ដែលលោកសម្រេចចិត្តខុស ដែលទំនងថាមិនមានបញ្ហា។ យ៉ាងណាក៍ដោយគណកម្មការបញ្ជាក់ថា មិនមានវិធានការព្រមានមិនអោយឡើងប្រកួត ក្រៅពីសម្រេចមិនអោយតម្លៃខ្លួន ព្រោះតែប្រកួតមិនប្រក្រតីនេះទេ។