មិនមែនស្រួលទេ ទម្រាំ សៀវ ង៉ុយ យកបានកៅអីវគ្គដំបូងនេះ

0

គ្មានអ្នកណាមិនដឹងនោះទេ ថាកីឡាករ សៀវ ង៉ុយ គឺជាកីឡាករដែលមានស្នាដៃ និងមានកេរ្តិ៍ឈ្មោះនៅក្នុងពិភពប្រដាល់គួរសមមកហើយ ប៉ុន្តែសម្រាប់ការប្រកួតជម្រុះជើងឯកក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមកាលពីថ្ងៃទី១០ វិច្ឆិកា គេកត់សម្គាល់ថាកីឡាករបង្គោលក្រហមរូបនេះ ដណ្ដើមបានកៅអីពីបង្គោលខៀវ ងួន រ៉ាថេន ក្នុងព្រឹត្តិការណ៍កំពូលជើងឯក TV5 Boxing Knock Out Series By K-Cement ដោយមិនស្រួល។ នេះជាការប្រកួតក្នុងសប្ដាហ៍ទី៣ សម្រាប់ការប្រកួតជម្រុះ៣២នាក់យក១៦នាក់ ដែលជាការប្រកួតជ្រើសរើសជើងឯកក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម បន្ទាប់ពីប៉ុស្ដិ៍លេខ៥ បានបញ្ចប់ការប្រកួតជ្រើសរើសជើងឯកដោយប្រើរូបមន្តបែបនេះបានជោគជ័យច្រើនលើកមកហើយ។

ការប្រកួតដែលបានធ្វើឡើងនៅសង្វៀនប៉ុស្ដិ៍លេខ៥ ព្រែកកំពិសនោះ កីឡាករទាំង២ ប្រឹងប្រែងបប្រកួតគ្នាយ៉ាងចាស់ដៃ ដោយភាគីម្ខាងមិនបានបន្ធូរដៃអោយគ្នានោះទេ ដោយគ្រាន់តែបើកឆាកទឹកទី១ភ្លាម ក៏បើកឆាកប្រកួតគ្នាធ្វើអោយសង្វៀនទាំងមូលរញ្ជួយតែម្ដង។ អ្នកគាំទ្រកីឡាករទាំំងពីរ ស្ទើរតែភ្លេចដកដង្ហើមនៅពេលកីឡាករទាំងពីរវាយលុកដាក់គ្នាទៅវិញទៅមកនោះផង ខណៈដែលមុនប្រកាសលទ្ធផល អ្នកគាំទ្ររបស់កីឡាករអ្នកឈ្នះក៏មិនហ៊ានទុកចិត្តនោះដែរ ព្រោះតែភាគីអ្នកចាញ់ក៏មិនធម្មតា។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ៣ទឹកពេញ កីឡាករ សៀវ ង៉ុយដែលមានឈ្មោះល្បីជាយូរណាស់មកដែរ បានក្លាយជាអ្នកគ្រប់គ្រងជ័យជម្នះ ដោយបានឈ្នះពិន្ទុលើបង្គោលខៀវ តែឈ្នះមិនច្រើននោះទេ គឺស្ថិតក្នុងភាពប្រផិតប្រផើយប៉ុណ្ណោះ។

យ៉ាងណាមិញ កីឡាករសៀវ ង៉ុយ បានឡើងទៅកាន់វគ្គ១៦នាក់ ដើម្បីត្រៀមខ្លួនប្រកួតបន្ត បន្តយកកៅអី៨នាក់ និងវគ្គបន្តបន្ទាប់ទៀត បន្ទាប់ពីបានវាយអោយកីឡាករជាដៃគូត្រូវធ្លាក់ហាលអាវពេលនេះ៕