មិនឱ្យខុសការសន្យា ស្រីអូន និង ស្វាមី ធ្វើឱ្យតាតាស៊ីក្លូ បានហូបឆ្ងាញ់ និង ទទួលភាពកក់ក្ដៅ ក្នុងថ្ងៃបើកប្រាក់ខែដំបូង

0


មិនខុសពីបានសន្យា អ្នកនាង នួន សុន្ទរី ហៅ ស្រីអូន និង លោក ឈាង រ័ត្ន ជាស្វាមី បានអញ្ជើញតាតាជាអ្នកធាក់ស៊ីក្លូ ដែលអ្នកទាំងពីរបានសន្យាផ្ដល់ប្រាក់ចិញ្ចឹម អោយមកទទួលប្រាក់ខែដំបូងហើយ។ ជំនួបនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១២ តុលា ឆ្នាំ២០២២ នៅក្រុមហ៊ុនសម្រស់ធម្មជាតិ ដោយអ្នកទាំងពីរក៏បានទទួលលោកតាៗ នូវអាហារដ័ឆ្ងាញ់មួយពេល ដែលធ្វើអោយលោកតាៗ ជាអ្នកធ្លាក់ស៊ីក្លូទាំង៥២រូប បានឆ្ងាញ់មាត់ និង រំភើបចិត្តផងដែរ។

អ្នកនាង ស្រីអូន បានលើកឡើងថា លោកតាៗ ជាអ្នកធាក់ស៊ីក្លូដែលអ្នកនាងទទួលចិញ្ចឹម មានចំនួនតែ៥០នាក់ប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏មានលោកតា២នាក់សុំបញ្ចូល។ លោកតាៗ ដែលអ្នកនាងសន្យាផ្ដល់ក្នុងមួយខែ១០ម៉ឺនរៀលក្នុងម្នាក់នេះ គឺមានវ័យចាប់ពី៧០ឆ្នាំឡើងទៅ ដោយអ្នកសន្យាថា ក្នុងពេលបុណ្យទាន ឬ លោកតាៗណាដែលមានតម្រូវការបន្ថែម ឬ បញ្ហាសុខភាព គឺអ្នកនាងនឹងបន្ថែមប្រាក់ប្រចាំខែអោយជាក់ស្ដែង ដោយមិនមែនផ្ដល់ជូនតែមួយខែ១០ម៉ឺនរៀលតែម្យ៉ាងឡើយ។

ក្នុងនោះអ្នកនាងក៏បន្តប្រកាសថា សម្រាប់អ្នកធាក់ស៊ីក្លូទាំងអស់អោយតែគ្រប់វ័យ៧០ឆ្នាំ គឺអ្នកនាងនឹងបន្តទទួលទាំងអស់ ដោយក្នុងមួយខែគឺអ្នកនាងនឹងអោយក្រុមការងារ យកឡានទៅដឹកតាតាដល់កន្លែង អោយមកបើកប្រាក់ខែ អោយមកសំណេះសំណាលជាមួយអ្នកនាង និង ធ្វើអាហារឆ្ងាញ់អោយមួយពេល ដើម្បីអោយលោកតាចាស់ទាំងនោះសប្បាយចិត្ត។ អ្នកនាងក៏បានទទូចអោយរួមគ្នាបានជួយបន្ថែមដល់ពួកគាត់ ដោយកុំគិតថា អ្នកនាងបានរួមចំណែកជួយដល់ពួកគាត់រួចហើយ គឺពួកគាត់នឹងលែងពិបាកអោយសោះ ដោយសារតែអ្នកធាក់ស៊ីក្លូ ក្រៅពីចិញ្ចឹមខ្លួនឯង ក៏ត្រូវចិញ្ចឹមចៅ និង ប្រពន្ធនៅស្រុកផងដែរ។