យោងតាមបញ្ជាក់ពីបងប្អូនខ្មែរមួយចំនួន ដែលទាក់ទងមកដោយផ្ទាល់នឹងផ្ទះតារា បានលើកឡើងថា ស្ត្រីខ្មែរមួយរូប ដែលមានឈ្មោះថា Kosen Kim និង បានប្រើហ្វេសប៊ុកឈ្មោះ Nary Love និង Nary Kim បានឆបោកប្រាក់ពីបងប្អូនខ្មែរដូចគ្នា ដែលរស់នៅរដ្ឋមែលប៊ន និង នៅក្រុងស៊ីដនី អស់ជាច្រើន ដោយអ្នកខ្លះចាញ់បោកដល់ថ្នាក់ក្បែរៗដប់ម៉ឺនដុល្លារក៏មាន។ រូបភាពដែលស្ត្រីឈ្មោះ Nary Kim បានឆបោកនេះ គឺដោយសារតែស្ត្រីឈ្មោះនេះ បានដើរតួជាអ្នករកស៊ីចងការប្រាក់ ហើយបានកៀរគរបងប្អូនខ្មែរ ដែលស្ត្រីនេះបានស្គាល់ អោយយកលុយមកដាក់វិនិយោគជាមួយខ្លួន ដោយសន្យាផ្ដល់ការប្រាក់ចំនួន១០ភាគរយ ហើយស្ត្រីឈ្មោះ Nary Kim នេះ យកប្រាក់ដែលកៀរគរបាន ទៅដាក់ចងការបន្ត ឬ យកទៅបណ្ដាក់ទុនជាមួយដៃគូជំនួញដទៃ ដើម្បីបានចំពេញទាំងខ្លួន និង អ្នកយកប្រាក់មកបណ្ដាក់ទុនជាមួយ។
ផ្អែកតាមវីដេអូសម្ភាសន៍ ដែលអ្នកចាញ់បោកបានបញ្ជាក់ជាមួយផ្ទះតារា បានលើកឡលងថា ក្នុងពេលដំបូងៗ ស្ត្រីឈ្មោះ Nary Kim នេះ តែងតែបង់ការប្រាក់ជូនដល់ម្ចាស់លុយ ដោយមិនមានបញ្ហានោះទេ តែក៏បន្តលួងលោម អោយម្ចាស់លុយបន្ថែមប្រាក់ដើមកើនទៅៗ រហូតដល់ម្នាក់ៗ អស់ប្រាក់ប្រមាណជាប្រាំទៅប្រាំម៉ឺនដុល្លារ ក៏គេចវេសឆបោកតែម្ដង។ ស្រ្តី5រូប ដែលបានខលមកទម្លាយរឿងរ៉ាវនេះ ដល់ផ្ទះតារា បានបន្តថា គ្រាន់តែពួកខ្លួន5នាក់ គឺបានចាញ់បោកស្ត្រីខ្មែរឈ្មោះ Nary Kim នេះ ចំនួនប្រមាណរាប់សិបម៉ឺនដុល្លារហើយ ហើយបណ្ដាលមកពីមិនមានដំណោះស្រាយទាល់តែសោះទើបសម្រេចចិត្តទាក់ទងមកកាន់អ្នកកាសែត ដើម្បីកុំអោយមានអ្នកផ្សេងទៀតបន្តចាញ់បោក។ អ្នកទម្លាយរឿងនេះ បន្តថា ក្រៅពីបានឆបោករឿងលុយចងការ ឈ្មោះ Nary Kim នេះក៏បានលេងតុងទីនជាមួយបងប្អូនខ្មែរម្នាក់ជាមេតុងទីន ហើយបានដេញយកទៅបាត់មិនបង់ត្រលប់មកវិញ ដែលធ្វើអោយអ្នកបង់ខាតលុយចំពោះឈ្មោះនេះ កើនឡើងផងដែរ។
មកទល់បច្ចុប្បន្នឈ្មោះ Nary Kim នេះ ត្រូវបានអ្នកទាំង5លើកឡើងថា បានឆបោកលុយកាក់បងប្អូនខ្មែរអស់មិនតិចនាក់នោះទេ តែមិនមានអ្នកណាអាចប្ដឹងបាននោះទេ ដោយសារតែស្ត្រីឈ្មោះ Nary Kim នេះ មានឈ្មោះជាស្ត្រីមេម៉ាយ ចិញ្ចឹមកូន6នាក់ ដែលចាយប្រាក់ខែរដ្ឋ ដែលមានសមាគមស្ត្រីនៅទីនោះនឹងជួយការពារ ប្រសិនបើមានអ្នកចាញ់បោកលុយ នឹងប្រើផ្លូវច្បាប់។ ម្យ៉ាងមកពីអ្នកចាញ់បោកភាគច្រើន គឺសុទ្ធតែជាស្ត្រីម៉េមាយដែលចាយប្រាក់ខែរដ្ឋអូស្ត្រាលីដូចគ្នាផង ទើបបើរឿងរ៉ាវនេះឡើងដល់តុលាការ នឹងមានការស៊ើបអង្កេតថា តើអ្នកចាញ់បោកទាំងនោះ បានលុយមកពីណា ទើបអាចអោយស្ត្រី Nary Kim បោកបានទាំងម៉ឺន។ ដោយសារតែឈ្មោះ Nary Kim បានដឹងពីចំណុចខ្សោយនេះ ទើបមិនព្រមដោះស្រាយ ហើយអោយតែម្ចាស់បំណុលទៅរកដល់ផ្ទះពេលណា គឺតែងតែបិទ្វារមិនចេញមកជួប និង ធ្វើដូចជាគ្មានរឿងអ្វី។ មកទល់ពេលនេះ ឈ្មោះ Nary Kim បានទាំងប្រកាសនៅលើហ្វេប៊ុក ថាខ្លួនក្ស័យធន និង បានស្នើអោយបងប្អូនខ្មែរ ជួយបរិច្ចាគក្នុងម្នាក់1ដុល្លារ ឬ តាមសិទ្ធា ដើម្បីអោយនាងបានប្រាក់សងដល់ម្ចាស់លុយផងដែរ ប៉ុន្តែការពិតគឺមានការសងអ្នករងគ្រោះណាម្នាក់ឡើយ ដែលទង្វើរនេះ គឺអ្នកបានចាញ់បោកប្រាក់ យល់ថាគឺជាបោកប្រាស់ ដល់បងប្អូនខ្មែរ ដែលមិនដឹងអីផ្សេងទៀត។
អ្នកឆ្លងឆ្លើយវីដេអូជាមួយផ្ទះតារា បានបន្តថា បើឈ្មោះ Nary Kim នេះ ក្ស័យធន ហើយជួបការលំបាកនោះម្ចាស់បំណុលក៏នឹងមានការលើកលែងផងដែរ ប៉ុន្តែការពិតគឺឈ្មោះ Nary Kim នេះ បានដើរលេងហ៊ឺហារ និង ចាយវាយប្រេនៗ ដូចគ្មានរឿងជំពាក់អ្នកណា ទើបអ្នករងគ្រោះភាគច្រើន មិនអាចទទួលយកបាន។ នៅក្នុងពេលនេះ ស្ត្រីទាំង5បានទាំងអះអាងថា អ្នកចាញ់បោកភាគច្រើន មិនទាំងហ៊ានបង្ហោះអោយគេបានដឹងនោះផង ដោយសារតែម្នាក់ៗខ្មាស់គេ និង ខ្លាចគេដៀលថា ហេតុអ្វីយកលុយទៅអោយគេបោក ប៉ុន្តែការពិតគឺអ្នករងគ្រោះទាំងនោះអ្នកខ្លះចង់សម្លាប់ខ្លួនក៏មានដែរ ដោយសារតែចាញ់បោកអស់លុយច្រើនៗ។ ជាមួយនឹងការទម្លាយនេះ ផ្ទះតារា មិនទាន់ដឹងថា តើស្ត្រីឈ្មោះ Nary Kim ពិតជាបានប្រើរូបភាពខ្ចីលុយយកទៅចងការបន្ត និង លេងតុងទីនហើយមិនបង់ត្រលប់ ធ្វើអោយប្អូនខ្មែរដែលរងគ្រោះនៅអូស្ត្រាលីនោះ ខាតបង់លុយកាក់ដូចអ្វីដែលបានរៀបរាប់នោះទេ ផ្ទះតារានឹងរងចាំការបំភ្លឺពីឈ្មោះ Nary Kim ក្រោយការចេញផ្សាយ។
ស្ត្រីដែលអះអាងថាបានរងគ្រោះបានបន្តថា ពួកខ្លួនមានភស្តុតាងគ្រប់យ៉ាងពីការចាញ់បោកនេះ ហើយក៏ត្រៀមរួចរាល់ដែរ ទាំងផ្លូវច្បាប់ និង ការតវ៉ាផ្សេងៗ ប្រសិនបើឈ្មោះ Nary Kim បានឃើញព័ត៌មានហើយ មានបំណងប្ដឹងផ្ដល់ បើទោះជាករណីប្រតិកម្មនោះ នឹងប្រឈមរឿងច្បាប់អូស្ត្រាលី ស៊ើបអង្កេតថា ភាគច្រើនគឺជាមេម៉ាយៗ ដែលចាយប្រាក់ខែចិញ្ចឹមរបស់រដ្ឋសោះ តើបានលុយមកពីណាច្រើនម្លេះ អោយឈ្មោះ Nary Kim ឆបោក៕