ជនជាប់ចោទឈ្មោះ សាង ស៊ីដែត ហៅ ហួច អាយុ ៤៦ឆ្នាំ អាសយដ្ឋានបច្ចុប្បន្ននៅបុរីប៊ុនជេស ខុនដូរលេខ១-២ សង្កាតជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេច ផ្តន្ទាទោសជាផ្លូវការហើយ ពីបទ ជេរប្រមាថជាសាធារណៈ តាមមាត្រា ៣០៧ នៃក្រមព្រហ្មទណ្ឌ ដោយសម្រេចបង្គាប់ឲ្យជនជាប់ចោទរូបនេះ សងជម្ងឺចិត្តជូនទៅឲ្យដើមបណ្តឹងឈ្មោះ ញ៉ែម មរកត ចំនួន ៥,០០០,០០០(ប្រាំលាន)រៀល និង ពិន័យជាប្រាក់ ចំនួន ៥,០០០,០០០(ប្រាំលាន)រៀល ចូលជាថវិការដ្ឋ។
យោងតាមសម្រង់សាលក្រមព្រហ្មទណ្ឌរបស់សាលាដំបូងរាជធានីភ្នំពេញ ប្រកាសកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ពីអង្គហេតុថា កាលពីអំឡុងខែមីនា ឆ្នាំ២០២១ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី បានជូនបុគ្គលម្នាក់ឈ្មោះ ចេង នីវណ្ណា ទៅបំភ្លឺរឿងករណីស្ត្រីឈ្មោះ សាង ស៊ីដែត ដែលជាសមាជិកនៅក្នុងសហព័ន្ធស្រ្តីអ្នកជំនួញកម្ពុជានេះ ជុំវិញករណីរំលោភលើទំនុកចិត្ត (ជំពាក់ប្រាក់មិនសង យកប្រាក់បញ្ញើទៅចាយ ទិញរថយន្ត មិនឲ្យលុយគ្រប់) ។
ក្រោយការជួយអន្តរាគមន៍របស់លោកជំទាវ ជួយដល់ជនរងគ្រោះ ស្របពេលដែលជនរងគ្រោះឈ្មោះ ចេង នីវណ្ណា ក៏បាន បានដាក់ពាក្យបណ្តឹងនៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចោទប្រកាន់លើឈ្មោះ សាង ស៊ីដែត ហៅ ហួច ពីបទ រំលោភលើទំនុកចិត្ត ដែលបានខ្ចីប្រាក់ពីគាត់ចំនួន ៥២.៦០០$ ហើយគេចវេសពុំទទួលខុសត្រូវ។ ក្នុងថ្ងៃសមត្ថកិច្ចកោះហៅជនរងគ្រោះ អោយទៅទទួលយករថយន្តនោះមកវិញ លោកជំទាវក៏បានជូនឈ្មោះ ចេង នីវណ្ណា ទៅទទួល ស្រាប់តែឈ្មោះ សាង ស៊ីដែត លូកមាត់និយាយលេបខាយ ដៀមដាម ស្រែកឡូឡាប្រើពាក្យអាសអាភាសពង្វាងពីករណីរំលោភលើទំនុកចិត្តដោយ ចោទប្រកាន់ទៅម្ចាស់ប្រាក់វិញ ជាពិសេសគម្រាមឲ្យម្ចាស់ប្រាក់ដកពាក្យបណ្តឹងដែលប្តឹងខ្លួនវិញភ្លាម បើមិនដកពាក្យទេប្រយ័ត្នជាប់គុកប្រាំឆ្នាំ។ល។ ក្រោយពីបំភ្លឺជូនសមត្ថកិច្ចរួចមក លោកជំទាវ ញ៉ែម មរកត បានក្រោកឡើងដើរចេញមកដល់មាត់របងក្រៅ ស្រាប់តែឈ្មោះ សាង ស៊ីដែត បានស្រែកជេថា មីជំទាវភ្លីភ្លើសមតែវ៉ៃក្បាលនិងស្បែកជើងទេ ចំណែកប្តីរបស់ សាង ស៊ីដែត ឈ្មោះ ជិន សុបញ្ញា ដែលអង្គុយនៅពីក្រោយ បានលួចថតរូបភាពនិងថតសម្លេងពេលសមត្ថកិច្ចកំពុងសួរនាំ និងបង្ហោះចែកចាយផ្ញើទៅឲ្យអ្នកដទៃផ្សេងទៀត ហើយអួតក្អេងក្អាងថា “ ខ្លួនឲ្យប៉េអឹមដេញក្បាលមីជំទាវនោះចេញក្រៅ សមមុខមីជំទាវហ្នឹងហើយ “។
តាមការបញ្ជាក់របស់មេធាវីលោកជំទាវ ញ៉ែម មរកត ថា ពាក្យ មីជំទាវភ្លីភ្លើ និងការគម្រាមយកស្បែកជើងវ៉ៃក្បាលនេះ គឺជាការប្រមាថធ្ងន់ធ្ងរណាស់ ប៉ុន្តែលោកជំទាវមិនប្តឹងឡើយដោយគ្រាន់តែឲ្យសុំទោសប៉ុណ្ណោះ មុនដាក់ប្តឹងគឺគាត់ទុកពេលឲ្យជាច្រើនខែ ប៉ុន្តែឈ្មោះ សាង ស៊ីដែត បានបង្កើនអំណួតបង្ហោះសារជេបញ្ចោដៀមដាម ប្រមាថជាហូរហែរមកលើរូបលោកជំទាវកាន់តែខ្លាំងតាមប្រព័ន្ធសង្គម ធ្វើឲ្យប៉ះពាល់ដល់គោរមងារការងារ កិត្តិយស សេចក្តីថ្លៃថ្នូ និងសីលធម៌សង្គម ដែលធ្វើឲ្យលោកជំទាវជាជនរងគ្រោះដាច់ខាតត្រូវប្រើប្រាស់សិទ្ធិសេរីភាពក្នុងនាមជាពលរដ្ឋម្នាក់ដាក់បណ្តឹងតាមផ្លូវច្បាប់ ដើម្បីជាការព្រមានដល់ជន ជាប់ចោទឈ្មោះ សាង ស៊ីដែត អាយុ ៤៦ឆ្នាំរូបនេះ កុំឲ្យប្រព្រឹត្តនូវទង្វើខុសច្បាប់ ដើរបំពានបោកប្រាស់ និងជេរប្រមាថទៅលើអ្នកដទៃជាបន្តទៀត។
បច្ចុប្បន្នជនជាប់ចោទឈ្មោះ សាង ស៊ីដែត នៅជាប់បណ្តឹងរបស់លោកស្រី ចេង នីវណ្ណា ចំនួន៤សំណុំរឿងទៀតដែលតុលាការកំពុងដំណើរការតាមនិតិវិធីច្បាប់៕