ហ៊ានណាស់ តារាហ្វេសប៊ុក ម៉ន សូលីដែត និង ស្វាមី ធ្វើបុណ្យអោយម្ដាយឡើងកក្រើក មិនទទួលបញ្ច័យបុណ្យ

0

ចាត់ទុកថាជាការលះបង់មួយដ៏កម្រ ដែលតារាហ្វេសប៊ុកអ្នកនាង ម៉ន សូលីដែត និង លោក វ៉ា សុខជា ជាស្វាមី ដែលគេស្គាល់ថាគឺជាអ្នកជំនួញទាំង២នាក់ប្ដីប្រពន្ធ ចំណាយប្រាក់ច្រើនម៉ឺនដុល្លារធ្វើបុណ្យ១០០ថ្ងៃជូនដល់អ្នកម្ដាយ និង អ្នកម្ដាយក្មេក យ៉ាងធំបែបអភិជន តែប្រកាសមិនទទួលអោយចូលបញ្ច័យបុណ្យនោះទេ ខណៈដែលភ្ញៀវដែលបានចូលរួមក្នុងពិធីក៏មានចំនួនច្រើនលើសពីការកំណត់ ហើយត្រូវបានអ្នកនាង និង ស្វាមីទទួលដោយមិនកំណត់ ហើយទទួលបានទាំងថវិកា និងអំណោយត្រលប់ទៅវិញ។ នេះជាពិធីបុណ្យ១០០ថ្ងៃដែលគេកម្រឃើញ ហើយក៏ចាត់ទុកថា គឺជការដើម្បីបំពេញកិត្តិយសមួយដ៏ធំជូនដល់អ្នកមានគុណគឺម្ដាយ ដែលទើបទទួលមរណភាពនោះផងដែរ។

អ្នកនាង ម៉ន សូលីដែត និង លោក វ៉ា សុខជា ជាស្វាមីបានរៀបរាប់ជាច្រើនពីមូលហេតុដែលធ្វើអោយមានការសម្រេចធ្វើបុណ្យ១០០ថ្ងៃជូនដល់អ្នកម្ដាយ និង ម្ដាយក្មេក ដោយមិនទទួលបច្ច័យបុណ្យសូម្បី១រៀលខ្មែរ។ ពិធីបុណ្យ១០០ថ្ងៃនេះ គ្រាន់តែមើលពីការតុបតែង និង ការរៀបចំ គឺចំណាយអស់ជាច្រើនម៉ឺនដុល្លារ ពោលគឺមិនខុសពីពិធីបែបអភិជនធំមួយនោះទេ ទើបមានការចាប់អារម្មណ៍មិនតិចឡើយក្រោយពេលអ្នកនាង សូលីដែត បង្ហោះរូបភាពនៃការរៀបចំហើយ ប្រកាសអញ្ជើញដោយមិនចំពោះ និងបញ្ជាក់ថាមិនទទួលបច្ច័យបុណ្យនោះទេ សូមអោយតែផ្ដល់កិត្តិយសចូលរួម។ តារាអនឡាញដែលតែងតែលេងខ្លួនស្អាតៗ និង បង្ហាញពីភាពផ្អែមល្ហែមក្នុងជីវិតអាពាហ៍ពិពាហ៍រូបនេះ ក៏ហាក់បង្ហាញពីមោទនភាពដែលខ្លួនអាចរៀបចំពិធីនេះឡើង និងបានចែកទាន នៅក្នុងពិធីបុណ្យធំដែលខ្លួនបានរៀបចំនេះផងដែរ។

យ៉ាងណាក៏ដោយអ្នកនាងក៏បានរៀបរាប់ពីរឿងរ៉ាវតូចចិត្តតូចថ្លើមមួយឡើងពាក់ព័ន្ធ ដែលនាំអោយអ្នកនាងចំណាយលុយធ្វើបុណ្យ១០០ថ្ងៃអស់មិនធម្មតា ហើយមិនទទួលលុយចូលបុណ្យពីមិត្តភ័ក្ត្រ និង ភ្ញៀវចូលរួមណាម្នាក់នេះ។ អ្នកនាង ម៉ន សូលីដែត បានថ្លែងប្រាប់ផ្ទះតារាពីខេត្តបាត់ដំបង ដែលកន្លែងប្រារព្ធពិធីថា បុណ្យ១០០ថ្ងៃនេះ គឺបុណ្យ១០០ថ្ងៃម្ដាយបង្កើតរបស់អ្នកនាង ហើយត្រូវបានធ្វើឡើងនៅស្រុកកំណើតរបស់អ្នកនាងផ្ទាល់ គឺនៅភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង នឹងបានធ្វើឡើងកាលពីថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០២២ ហើយបញ្ចប់នៅថ្ងៃទី១២ ក្នុងខែឆ្នាំដដែល ដោយមានរាប់បាត្រព្រះសង្ឃរហូតដល់៨០អង្គ។ អ្នកនាងថា កាលពីជាង៣ខែមុន ម្ដាយបង្កើតរបស់អ្នកនាងដែលរស់នៅខេត្តបាត់ដំបង មានជម្ងឺប្រចាំកាយ ដោយអ្នកនាងក៏បានស្ទុះស្ទារយកម្ដាយមកកាន់ពេទ្យនៅភ្នំពេញ និងបានថែបំប៉នមើលថែក្នុងរយៈពេលនៃការព្យាបាលនោះអស់ប្រាក់មិនតិចជាង៥ទៅ៦ម៉ឺនដុល្លារនោះដែរ ប៉ុន្តែអ្នកម្ដាយរបស់អ្នកនាងនៅតែត្រូវបាត់បង់ជីវិត ក្នុងវ័យ៥៨ឆ្នាំ។ អ្នកនាងថា ម្ដាយរបស់អ្នកនាងគឺជាស្ត្រីដែលហែលឆ្លងនូវការតស៊ូលំបាកច្រើនណាស់ទម្រាំៗអោយកូនៗរៀនចប់ និង មានការងារ ប៉ុន្តែនៅពេលកូនៗចាប់ផ្ដើមធូរធារ និង ទើបតែផ្ដល់លុយកាក់អោយបានស្រណុកតែមួយរយៈពេលខ្លីបែរជាចែកឋានទៅ ទើបធ្វើអោយអ្នកនាងតូចចិត្ត។

អ្នកនាងថាខ្លួន និង ស្វាមីទើបតែជោគជ័យខ្លាំង និង ទើបតែស្ទួយអោយឪពុកម្ដាយបានស្រណុកពីការលំបាកត្រឹមតែប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ ទើបពិធីបុណ្យ១០០ថ្ងៃដែលទើបបញ្ចប់នេះ គឺទោះជាអស់ច្រើនម៉ឺន ក៏អ្នកនាងមិនទទួលលុយចូលបុណ្យ។ អ្នកនាងថា ខ្លួនមិនទទួលបច្ច័យពីអ្នកចូលរួម ហើយបើកពិធីទទួលភ្ញៀវដោយមិនកំណត់ ពោលគឺចង់ធ្វើបុណ្យ បំពេញកិត្តិយសជូនដល់អ្នកម្ដាយតែម្ដង ដោយក្រៅពីមិនយកលុយបុណ្យជូនជាក្រម៉ា និង ថវិកាក្នុងម្នាក់២ម៉ឺនរៀលដល់ភ្ញៀវជាច្រើនរយនាក់ត្រលប់ទៅវិញ។ អ្នកនាងនិយាយថា ដោយសារម្ដាយខ្ញុំ គាត់លំបាកច្រើនមកហើយ ប៉ុន្តែនៅពេលខ្ញុំមានលទ្ធភាពស្រាប់តែគាត់បែរជាលាចាកលោក ហើយកាលបុណ្យសពក៏ធ្វើក្នុងលក្ខណ្ឌត្បិតត្បៀត ទើបខ្ញុំសម្រេចចិត្តធ្វើបុណ្យ១០០ថ្ងៃ ដោយមិនទទួលបច្ច័យ ហើយថែមទាំងចែកទានទៀត ដើម្បីអោយមានអ្នកចូលរួមអោយអធឹកអធម។