មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីហ្វេសប៊ុកមួយរបស់ឯកឩត្តម សាម៉ន បណ្ឌិត្យ ដែលជារដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាអតីតអ្នករៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ល្បីឈ្មោះម្នាក់ បានសរសេរពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៅក្នុងពិធីមង្គលការសព្វថ្ងៃ ដែលឯកឧត្តមចាត់ទុកថាគឺជាការអនុវត្តន៍ខុសពីទម្រង់ដើមនៃវប្បធម៌ដូនតា។
ឯកឧត្តម បានប្រើហ្វេសប៊ុក ឈ្មោះ យុជជនជនបទ ហើយបានបង្ហោះថា”តើ អ្វីទៅ ដែលជាប្រពៃណីខ្មែរ វប្បធម៌ខ្មែរ សីលធម៌សង្គម សុជីវធម៌សង្គម ដែលដូនតាយើងបានបន្សល់ទុកជាយូរយារណាស់មកហើយនោះ?។ ជារឿយៗនៅលើបណ្តាណសង្គមfackbook រឺ video youtube គឺតែងតែឃើញការបង្ហោះនូវវីដេអូក្នុងពិធីកាត់សក់នានា ក្នុងមង្គលការកូនប្រុសស្រីនីមួយៗស្ទើរគ្រប់ទីកន្លែងហើយមានវីដេអូជាច្រើនដែលបង្ហាញពីពិធីកាត់សក់ដែលបងប្អូនយើងខ្លះពុំសូវចាប់អារម្មណ៌។ ដូចក្នុងរូបភាពនេះវាជ្រុលណាស់ទៅហើយដែលសកម្មភាពក្នុងវីដេអូនេះបានផ្សព្វផ្សាយដែលធ្វើអោយប៉ះពាល់ដល់វប្បធម៌ ប្រពៃណីខ្មែររបស់យើង។ និយាយតាមត្រង់ទៅពិធីកាត់សក់ក្នុងពេលបច្ចុប្បន្ន ហាក់បីដូចជាលេងសើចពេកហើយ ពេលខ្លះ ការប្រើពាក្យសំដីក្នុងពិធីកាត់សក់មិនសមទៅនឹងពិធីសិរីសួស្តីជ័យមង្គលកូនប្រុសស្រីនោះឡើយ រួមទាំងកាយវិការ កំប្លុកកំប្លែងជ្រុលពេក មិនតែប៉ុណ្ណោះសូម្បីតែអ្នកមិនមានចំណេះជំនាញ ខាងពិធីកាត់សក់ក៏ចេះតែយកទៅលេងសើចដោយប្រើកាយវិការខ្លះ និងពាក្យសំដីមិនសមរម្យផងដែរ។
ខ្ញុំជឿថា បងប្អូនខ្មែរយើងយល់ច្បាស់ណាស់ពីប្រពៃណីខ្មែរដ៏ល្អតាំងពីបុរាណកាល ហើយសិទ្ធតែត្រូវបានអនុវត្តន៏ដោយភ្ជាប់ភ្ជួរតាមច្បាប់ក្បួនត្រឹមត្រូវ ទៅតាមកម្មវិធីនីមួយៗហើយរក្សាបាននូវវប្បធម៌ និងប្រពៃណីបានយ៉ាងល្អ ដូច្នេះសូមបងប្អូនខ្មែរយើងទាំងអស់គ្នាមេត្តាជាពិសេសបងប្អូនដែលមានកូនចៅរៀបចំមង្គលការ គួរតែមេត្តាពិនិត្យនិងនែនាំដល់ក្រុមអ្នកកាត់សក់កុំអោយរៀបចំក្នុងពិធីកាត់សក់ជ្រុលហួសហេតុនាំអោយមហាជនមានការរិះគន់តាមបណ្តាញសង្គមក៏ដូចធ្វើអោយប៉ពាល់រឺបាត់បង់អត្តសញ្ញាណវប្បធម៌ ប្រពៃណីខ្មែររបស់យើងដ៌ល្អផូផង់នេះ ហើយស្របជាមួយគ្នានេះខ្ញុំជឿជាក់ថា ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បះ រួមទាំងក្រសួងធម្មការនិងសាសនាពិតជាធ្លាប់បានឃើញរាល់រូបភាពវីដេអូទាំងនេះនៅលើបណ្តាញសង្គមfackbook រួចមកហើយដែរ។ សូមបងប្អូនមេត្តាចូលរួមគោរពអនុវត្តន៌និងថែក្សា វប្បធម៌ប្រពៃណីរបសល់យើងអោយគង់វង់តាមលទ្ធភាពដែលអាចធ្វើទៅបានទុកជួនអ្នកជំនាន់ក្រោយបានស្គាល់និងថែរក្សាបន្តផង។” ការលើកឡើងមួយនេះ ឃើញមានការគាំទ្រខ្លាំង ដោយសារតែភាគច្រើននៃពិធីកាត់សក់នាពេលបច្ចុប្បន្ន ហាក់មិនសូវផ្ដោតរឿងសិរីសួស្ដី និង ក្បួនខ្នាតដូចមុន តែផ្ដោតរឿងកំប្លុកកំប្លែងច្រើនជាង៕