ប្រជាជន​កម្ពុជា​ប្រារព្ធពិធី​ប្រពៃណី​ដើម្បី​ទទួលបាន​នូវរាសីល្អ និងសុខភាពល្អ

0

ជំនឿ​ពី​អតីតកាល​នៅ​តែ​មាន​ឥទ្ធិពល​ក្នុងជីវិតរស់នៅប្រចាំថ្ងៃសម្រាប់​ប្រជាជន​កម្ពុជា។ ការប្រារព្ធ​ពិធី​សាសនា​នៅ​តាម​ជនបទ​ដូចជា ពិធីកាត់គ្រោះ លើរាសី គឺជាពិធីមួយដែលខ្មែរយើងតែងតែប្រារព្ធនៅពេលដែលមនុស្សម្នាក់យល់ថាខ្លួនកំពុងមានគ្រោះ។ ប្រជាជនតម្រូវឱ្យរកអាចារ្យធ្វើការទស្សទាយ បន្ទាប់មកនិមន្តព្រះសង្ឃធ្វើពិធីកាត់គ្រោះដើម្បីដេញភាពចង្រៃដែលមកយីយារូបគេ។ តាម​រយៈ​ពិធី​តាម​បែប​សាសនាមួយនេះ បុគ្គលខ្លះ​មាន​ជីវិត​ប្រសើរ​ជាង​មុន ហើយ​ខ្លះ​ទៀត​ក៏មិន​មានភាពសមប្រកបផងដែរ។ លោកអាចារ្យ មួន សាម៉េត មានជំនឿថា ពិធីសូត្រមន្ត និងបន់ស្រន់នេះ អាចរក្សាអាយុជីវិត និងការពារមនុស្សម្នាក់នោះបានដោយករណី។ ចំណែកលោកអាចារ្យ មឿយ ម៉ៃ មានប្រសាសន៍ថា ការធ្វើពិធីមួយនេះមិនអាចជំនួសវិស័យសុខាភិបាលក្នុងការផ្តល់ការថែទាំចាំបាច់បាននោះទេ ដូច្នេះពិធីតាមប្រពៃណីគឺសម្រាប់តែការផ្តល់កម្លាំងចិត្តតែប៉ុណ្ណោះ។ ពិធី​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​រួបរួមសាមគ្គី​គ្នា​រវាង​អ្នក​ជិត​ខាង និង​ម្ចាស់​ផ្ទះដែលប្រារព្ធពិធីនោះ។ ដែល​ភាគ​ច្រើន​ ​នៅ​តាម​ជនបទគឺនៅរក្សាប្រពៃណីចេះជួយយកអាសារគ្នាទៅវិញទៅមកច្រើនជាងអ្នកនៅទីក្រុង។