ស្ត្រីម្នាក់រស់នៅផ្ទះធំទ្រនំខ្ពស់ កំពុងរងបទចោទប្រកាន់ឆបោកលុយគេរាប់ម៉ឺនដុល្លារ
ស្រ្តីម្នាក់ដែលមានជីវភាពរស់នៅហ៊ឺហារលូយឆាយ នៅលើទឹកដីខេត្តបាត់ដំបង កំពុងត្រូវបានមនុស្សមួយក្រុម ដែលរួមមានមេតុងទីន និង កូនតុងទីនជាច្រើននាក់ ដាក់បណ្ដឹងពីបទឆបោក បន្ទាប់ពីអ្នកស្រី បានដេញតុងទីនស្ទើរតែគ្រប់ក្បាល ហើយមិនព្រមបង់ត្រលប់ និង គេចវេសមិនព្រមចូលខ្លួនដោះស្រាយ។ គេឃើញមានពាក្យបណ្ដឹង អោយបុគ្គលនេះចូលខ្លួនបំភ្លឺនោះផង ក្រោយពេលបន្តគេចវេសមិនដោះស្រាយ។
ស្ត្រីដែលរងបណ្ដឹងឆបោក និង កំពុងត្រូវបានគេចែកចាយដំណឹងអាស្រូវនេះមានឈ្មោះថា.ស៊ិន សុខឃឿន គឺជាកូនតុងទីន ដែលបានលេងច្រើនក្បាលតែម្នាក់ ដោយគ្រាន់តែខ្សែក្បាល៥០មួយ គឺប្រមូលលុយបានប្រមាណជាង៣ម៉ឺនដុល្លារ មុនពេលគេចវេស។ នៅក្នងពេលនេះ មានការបញ្ជាក់ថា ឈ្មោះ.ស៊ិន សុខឃឿន នេះ ត្រូវបានមេតុងទីន នង កូនតុងទីនមួយចំនួន បានដាក់បណ្ដឹងទៅកាន់ផ្លូវច្បាប់ហើយ បន្ទាប់ពីព្យាយាមសុំការសម្របសម្រួល តែបុគ្គលឈ្មោះនេះ គឺនៅតែមិនព្រមចូលខ្លួនដោះស្រាយ ហើយបន្តគេចវេស។ ក្រុមអ្នកចោទប្រកាន់បុគ្គលនេះ បានស្នើអោយអ្នកស្រីចេញមុខដោះស្រាយជាបន្ទាន់ មុនពេលមានវិធានការណ៍កាន់តែធ្ងន់ជាងនេះ តាមផ្លូវច្បាប់ ដែលក្រុមអ្នកចោទប្រកាន់បានទម្លាយថា ឈប់ទុកឱកាសអោយ។
យ៉ាងណាក៏ដោយនេះគ្រាន់តែជាប្រភពដែលទម្លាយចេញពីក្រុមអ្នកលេងតុងទីន ដែលអះអាងថាពួកគេបានរងគ្រោះពីឈ្មោះខាងលើ ដេញយកលុយហើយ មិនដោះស្រាយប៉ុណ្ណោះ ប៉ុន្តែការពិតត្រឹមណា គឹមានតែអ្នកស្រី.ស៊ិន សុខឃឿន ម្នាក់ប៉ុណ្ណោះ ដែលអាចបកស្រាយបាន។ សារព័ត៌មានយើងខ្ញុំរង់ចាំសម្រាប់ ការបំភ្លឺរបស់អ្នកស្រី ដើម្បីអោយច្បាស់ពីព័ត៌មាននេះ៕