អាជីវករលក់នៅតាមបណ្តោយឆ្នេរអូរត្រេះរាប់រយនាក់មកពីខេត្តព្រៃវែង ដែលបានចាកចេញពីស្រុកកំណើតមកប្រកបរបរចិញ្ចឹមជីវិតដោយការលក់ដូរតាមរទះចល័តនៅខេត្តព្រះសីហនុ ស្នើរសុំឱ្យអាជ្ញាធរមូលដ្ឋានអនុញ្ញាតឲ្យពួកគេបន្តចតរទះលក់តាមចិញ្ចើមផ្លូវនៃឆ្នេរអូរត្រេះ និងសូមកុំបណ្តេញពួកគេអោយចាកចេញពីទីនោះ។
អាជីវករមួយចំនួនអះអាងថា ពួកគេចេញពីស្រុកកំណើតដោយសារកង្វះឱកាសការងារនៅស្រុកកំណើត ជំពាក់បំណុលធនាគារ និងក្រុមហ៊ុនមីក្រូហិរញ្ញវត្ថុ។ អាជីវករផ្សេងទៀតបានប្រាប់អោយដឹង ថាការដាំដំណាំ និងការប្រកបរបរអាជីវកម្មរបស់ពួកគេនៅស្រុកកំណើត បានរងផលប៉ះពាល់ព្រោះតែជំងឺរាតត្បាត COVID ក៏ដូចជាការបិទប្រទេសក្នុងរយៈពេល 2 ឆ្នាំកន្លងមកនេះ។
ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ អ្នកលក់នៅតាមបណ្តោយឆ្នេរបានស្វាគមន៍ និងអបអរចំពោះការសម្រេចចិត្តនេះ ប៉ុន្តែ ឥឡូវនេះអាជ្ញាធរ ក្នុងតំបន់បានស្នើឱ្យពួកគេចាកចេញពីកន្លែងដែលពួកគេធ្លាប់តាំងរទះលក់អស់រយះពេលជាងពីរឆ្នាំ និង ប្រាប់អោយពួកគេសាងសង់តូប ឬហាងអោយបានត្រឹមត្រូវ ប្រសិនបើពួកគេចង់បន្តលក់ផលិតផលរបស់ពួកគេនៅទីនោះបន្តទៀត។
សូមបញ្ជាក់ថា អាជីវករទាំងនោះសម្រាន្ត និងចំអិនអាហារនៅលើរទះរបស់ពួកគេអស់រយះពេលជាង ពីរឆ្នាំមកហើយ ពួកគេមិនមានលទ្ធភាពក្នុងការជួលផ្ទះនោះទេ។