សាលាដូងគីរីរម្យ និង ពលរដ្ឋ ទទួលជំនួយទ្រង់ទ្រាយធំ

0

លោកស្រី ថេ ដាឡែន អគ្គនាយិកាភោជនីយដ្ឋានបាយ័ន និង រមណីយដ្ឋានម៉ូលីរីស៊ត និងដៃគូអាជីវកម្ម បានដឹកនាំសប្បុរសជន នាំយកជំនួយជាច្រើនរួមមានអង្ករ និង គ្រឿងឧបភោជបរិភោគ គិតជាថវិការហូតដល់ជាង៧ពាន់ដុល្លារ យកទៅប្រគល់ជូន ដល់សាលាដូងនៅគីរីរម្យ និង ពលរដ្ឋប្រចាំសហគមជាច្រើនគ្រួសារ ដែលចាត់ទុកថា គឺជាជំនួយទ្រង់ទ្រាយធំ។ គ្រួសារពលរដ្ឋរហូតដល់២៥០គ្រួសារ ទទួលបានអង្ករមួយគ្រួសារមួយបេ មីមួយកេស ត្រីខមួយយួរ ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារៈបន្ថែមមួយកញ្ចប់ អមដោយថវិកា ដោយក្នងនោះសាលាដូង និង ក្រុមមន្ត្រីបរិស្ថានក៏ទទួលបានជំនួយដោយឡែកផងដែរ។

លោកស្រី ថេ ដាឡែន តំណាងអោយក្រុមសប្បុរសជនដែលបានយកអំណោយទៅប្រគល់ជូនដោយផ្ទាល់ បានថ្លែងប្រាប់ផ្ទះតារាថា ដោយសារតែមើលឃើញថា សាលាដូងមានកង្វះខាតក្រោយពេលបើកប្រទេស ស្របពេលសាលាដូងក៏បានរៀបរាប់ពីការប្រឈមរបស់ពលរដ្ឋនៅទីនោះ ទើបលោកស្រីសម្រេចដកផលចំណេញពីភោជនីយដ្ឋានបាយ័ន ពីម៉ូលីរីស៊ត និងបានសហការជាមួយបណ្ដាមិត្តភ័ក្ត្របងប្អូនដែលសុទ្ធតែជាម្ចាស់អាជីវកម្មផ្សេងទៀត ស្រាក់ដៃគ្នានាំយកជំនួយដ៏ច្រើនទាំងនេះ យកមកប្រគល់ជូនសាលាដូង ដើម្បីអោយសាលាដូងប្រមែប្រមូលពលរដ្ឋ និង ក្មេងៗ មកទទួលអំណោយដោយផ្ទាល់។ លោកស្រីថា នេះគឺជាលើកដំបូង តែក្នុងពេលខាងមុខក៏នឹងមានការស្រាក់ដៃគ្នាជួយដល់សាលាដូង និង ពលរដ្ឋបែបនេះផងដែរ ហើយអាចនឹងធំជាងនេះផង ដោយគ្រាន់តែមិនទាន់ប៉ាន់ស្មានដឹង។ លោកស្រីថាកម្លាំងសប្បុរសធម៌គឺមានតម្លៃណាស់ ហើយលោកស្រី និងក្រុមដៃគូ រឹតតែសប្បាយចិត្តនៅពេលចុះមកដោយផ្ទាល់ ហើយឃើញកុមារៗ និង គ្រួសារដែលទទួលជំនួយរំភើបនៅពេលបានជំនួយ។

លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគីរីរម្យ បានបង្ហាញនូវអារម្មណ៍រំភើប និង សប្បាយរីករាយយ៉ាងខ្លាំង ចំពោះក្រុមសប្បុរសធម៌របស់លោកស្រី ថេ ដាឡែន និង ដៃគូសហការ ដែលបាននាំយកអំណោយជាស្បៀងទ្រង់ទ្រាយធំមកជួយក្មេងៗ និង ពលរដ្ឋនៅក្នុងសហគម។ នេះជាលើកទី៤ហើយ ដែលសាលារបស់លោកទទួលបានជំនួយ ដើម្បីចែកជូនដល់ប្រជាសហគមតាំងពីផ្ទុះកូវីត តែលោកយល់ថា ការទទួលបានជំនួយដ៏ធំពីក្រុមភោជនីយដ្ឋានបាយ័នមួយនេះ គឺជាជំនួយដែលសំខាន់ជាងពេលកន្លងមក ព្រោះចំពេលពេលពលរដ្ឋនៅក្នុងសហគមកំពុងខ្វះស្បៀង ក្រោយពេលបើកប្រទេសហើយនៅមិនទាន់មានចំណូលព្រោះនៅគីរីរម្យមិនសូវមានអ្នកទេសចរណ៍ច្រើននៅឡើយ ដែលធ្វើអោយការលក់ដូរនានានៅស្ងាត់។