អ្នកស្រី ស្រី គង្គ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីរូបថត និង ឈ្មោះរបស់អ្នកស្រី ត្រូវបានគេយកទៅបង្កើតហ្វេសប៊ុកក្លែងបន្លំ ដើម្បីឆបោក ហើយបានយកឈ្មោះអង្គការអ្នកស្រីទៅឆបោកគេអស់ជាច្រើននាក់ ទម្រាំបែកធ្លាយ។ អ្នកស្រីថា អ្នកបង្កើតហ្វេសប៊ុកឆបោកនោះ ថែមទាំងមានសំលេងរបស់អ្នកស្រីផ្ញើអោយអ្នកឆ្លងឆ្លងនោះផង ដោយសំលេងទាំងនោះ គឺអ្នកស្រីបានប្រើក្នុងការសន្ទនាជាមួយបុគ្គលម្នាក់ នៅពេលអ្នកស្រីឆាតបង្រៀនពីរបៀបរៀបរាប់សុំជំនួយពីសប្បុរសជន ប៉ុន្តែបែរជាត្រូវបានគេប្រើដើម្បីបញ្ជាក់ថា គេគឺជាអ្នកស្រីហើយកំពុងខ្វះខាត និង សុំជំនួយ។ អ្វីដែលអ្នកស្រីហួសចិត្ត គឺអ្វីដែលអ្នកស្រីបានបង្ហោះសុទ្ធតែត្រូវបានអាក់ខោនមួយនោះ យកទៅបង្ហោះដូចគ្នា ដើម្បីក្លែងបន្លំថា អាក់ខោនដែលពួកគេលេង គឺជាអាក់ខោនពិតប្រាកដរបស់អង្គការ។ អ្នកស្រីបញ្ជាក់ថា ខ្លួនដឹងថាអ្នកដែលប្រើឈ្មោះអ្នកស្រី និង រូបអ្នកស្រីទៅរៃអង្គាសលុយគេដើម្បីប្រយោជន័នោះគឺជាអ្នកណា ហើយអ្នកស្រីមិនដាក់បណ្ដឹងភ្លាមៗនោះទេ គឺអ្នកស្រីគ្រាន់តែជូនដំណឹងដើម្បីអោយសមត្ថកិច្ច និង ស្ថាប័នពាក់ព័ន្ធបានដឹងជាមុន ហើយបើនៅតែមិនព្រមឈប់ទៀត គឺអ្នកស្រីនឹងធ្វើតាមច្បាប់។ អ្នកស្រីថា រឿងរ៉ាវដែលបានបែកធ្លាយគឺបន្ទាប់ពីម្ចាស់ជំនួយធំពីរបីរូបឆាតមកសួរអ្នកស្រីថា គេទើបតែផ្ដល់ជំនួយ ហេតុអ្វីមកសុំជំនួយពីខ្ញុំទៀត ទើបធ្វើអោយអ្វីៗមានការភ្ញាក់ផ្អើល។ ក្រោយពីថតឆាតឆ្លងឆ្លើយអោយមើល និង ផ្ញើអ្វីៗមួយចំនួនអោយឃើញ ទើបអ្នកស្រីដឹងថា អ្នកដែលប្រើឈ្មោះអង្គការ និង រូបថតអ្នកស្រី យកទៅឆបោកគេ ឬ យកទៅរៃលុយគេ គឺពិតជាសាហាវ។ អ្នកស្រីមិននឹកស្មានថា បុគ្គលម្នាក់នោះហ៊ានធ្វើរឿងដ៏អាក្រក់បែបហ្នឹងនោះទេ ហើយអ្នកស្រីក៏បើកទម្លាយមុខមាត់អោយដឹងពីសណ្ដានផងដែរ ប្រសិនបើនៅតែមិនឈប់។ អ្នកស្រីក៏កំពុងសង្ស័យថា អាក់ខោនពិតប្រាកដរបស់អ្នកស្រី កំពុងត្រូវបានគេគ្រប់គ្រងផងដែរ ដោយសារពាក្យសម្ដីដែលបុគ្គលម្នាក់នោះ បានឆាតរៃលុយពីម្ចាស់ជំនួយ គឺដូចជាដឹងម្ចាស់លាស់ពីទំនាក់ទំនង និង ការសន្ទនារវាងអ្នកស្រី និង ម្ចាស់ជំនួយ។
គួរបញ្ជាក់ផងដែរថា អ្នកស្រី ស្រីគង្គ និង ស្វាមី គឺជាម្ចាស់សមាគមន៍ស្នាមញញឹមនៃកុមារកម្ពុជា ដែលកំពុងចិញ្ចឹមក្មេងកំព្រាប្រមាណ៦០រូប នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មណ្ឌលនេះ ពីមុនមានការខ្វះខាតខ្លាំង តែក្រោយពីមានស្រុះគ្នាជួយពីគ្រប់មជ្ឈដ្ឋាន ជាពិសេសក្រោយពីមានការផ្សព្វផ្សាយពីផ្ទះតារា និង គ្រួសារតារាកម្ពុជា ម្ចាស់ជំនួយច្រើនឡើងបានផ្ដោតការជ្រោមជ្រែង។ យ៉ាងណាមិញ ក្នុងរយៈពេលកូវីត១៩នេះ មណ្ឌលរបស់អ្នកស្រីក៏មានការខ្វះខាតផងដែរ ដោយសារតែម្ចាស់ជំនួយមួយចំនួនផ្អាកការឧបត្ថម្ភ ហើយក្រោយមានការបង្កើតអាក់ខោនក្លែងក្លាយ គឺម្ចាស់ជំនួយមួយចំនួនក៏ត្រូវគេឆក់ និង ខ្លះយល់ច្រលំហើយឈប់ជួយ ព្រោះតែស្មានថាអ្នកស្រីគិតតែសុំជំនួយមិនស្វាង ដែលការពិតគឺអ្នកផ្សេងជាអ្នកបន្លំនោះ៕