រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តម សាម៉ន បណ្ឌិត្យ បន្តក្រើនរំឮក

0

យោងតាមកិច្ចប្រជុំនាពេលកន្លងមកនៅក្នុងក្រសួងព័ត៌មាន ក៏ដូចជាយោងតាមការបង្ហោះរបស់ ឯកឧត្តម ម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា វិស័យព័ត៌មាននាពេលបច្ចុប្បន្នកាន់តែមានភាពទូលំទូលាយ និង រីកចំរើន ដោយការរីកចំរើនមួយនេះ បានផ្ដល់ឱកាសកាន់តែសំបូរបែប អោយមហាជនបានដឹងពីដំណឹងគ្រប់ទិសទី។ ប៉ុន្តែឯកឧត្តមក៏បានរំលឹកថា អ្នកព័ត៌មានមួយចំនួនក៏បានដើរតួខុសតួនាទី បណ្ដាលអោយវិជ្ជាជីវៈទទួលការរិះគន់ផងដែរ។

ឯកឧត្តមបានសរសេរបន្ថែមនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា “វិស័យសារព័ត៌មាន គឺពិតជាមានសារសំខាន់បំផុត ក្នុងការបញ្ជួនព័ត៌មានគ្រប់ទីកន្លែង គ្រប់ពេលវេលាទៅកាន់មហាជនគ្រប់រូបភាពដើម្បីទទួលបានព័ត៌មានពិត ទោះបីជាស្ថិតនៅទីកន្លែងណា កាល:ទេស:ណាក៏ដោយ ប៉ុន្តែរាល់ការផ្សព្វផ្សាយ និងការ បញ្ជួនព័ត៌មានទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ក្នុងករណីដែលសាមុីខ្លួន រឺអង្គភាពសារព័ត៌មានផ្សព្វផ្សាយចេញទៅវាលើសពីសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិលើសពីការពិតរឺនាំអោយប៉ះពាល់ដល់សិទ្ធិអ្នកដ៍ទៃ។ដូច្នេះអ្នកប្រកបវិជ្ជាជីវ:សារព័ត៌មានគប្បីត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវ: និងក្រមសីលធម៍ជានិច្ច។ការងារអ្វីក៏ដោយប្រសិនបើយើងធ្វើហួសពីបន្ទាត់ព្រំដែនវារមែងតែងជួបគ្រោះថ្នាក់ជាក់ជាពុំខាន”។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានគេចាត់ទុកថា គឺជាការក្រើនរំលឹកមួយដ៏ធំដល់បណ្ដាអ្នកសារព័ត៌មានទាំងអស់ ជាពិសេសគឺអ្នកសារព័ត៌មានដែលតែងតែដើរតួជាអ្នកកាត់ក្ដី និង ផ្សព្វផ្សាយលម្អៀង ដែលធ្វើអោយមានការរិះគន់ពីស្រទាប់មហាជន បន្ទាប់ពីព័ត៌មានទាំងនោះ ធ្វើអោយមានការប៉ះពាល់ ឬ ជាព័ត៌មានដែលជះនូវឥទ្ធិពលអវិជ្ជមាន។ ឯកឧត្តមក៏ដើរតួជាអ្នកចូលរួមបណ្ដុះបណ្ដាល និង ចែលរំលែកវិជ្ជាជីវៈ ដល់អ្នកសារព័ត៌មានជារឿយៗ តាមរយៈក្រសួងផងដែរ៕