មិនមានវត្តមាននាយ ក្រិន សម្តែងជាថ្មី ក្នុងពេលដែលតារាកំប្លែងជាច្រើនទទួលបានទីផ្សារសម្តែងជាថ្មីឡើងវិញ។នាយ ក្រិន នៅតែមិនមានឱកាសសម្តែងជាថ្មីឡើងវិញឡើយ បន្ទាប់ពីលោកបានវេចបង្វិចចាកចេញពីរាជធានីភ្នំពេញ មករស់នៅឯស្រុកកំណើតនាឯខេត្តបាត់ដំបង។
ចាប់តាំងពីពេលនោះមកតារាកំប្លែងរូបនេះ បានខកខានទាំងស្រុងនៅក្នងការបន្តអាជីពកំប្លែងរបស់ខ្លួន ក្នុងពេលស្ថានភាពរស់នៅរបស់លោកក៏ស្ទើរគ្មានអ្នកបានដឹងដំណឹងផងដែរ។
ជាការកត់សម្គាល់ នៅក្នុងកម្មវិធីសំណើចចុងសប្តាហ៍ និងរាត្រីស្រុកស្រែរបស់ស្ថានីយទូរទស្សន៍បាយ័ន គេសង្កេតឃើញមានតារាកំប្លែងរួមក្រុមរបស់នាយ ក្រិន មានដូចជានាយ ហុង ដា ជាដើមនោះនៅតែបង្ហាញវត្តមានសម្តែងជាមួយប្រធានក្រុមគឺនាយកុយដដែល។ អ្វីដែលគួអោយកត់សម្គាល់ទៀតនោះនៅក្នុងកម្មវិធីសំណើចចុងសប្តាហ៍គេសង្កេតឃើញមានការប្រមូលផ្តុំតារាកំប្លែងជាច្រើនរូបចូលរួមសម្តែង ប៉ុន្តែមហាជននៅតែចាប់អារម្មណ៍ពីការគ្មានវត្តមាននាយ ក្រិន ដដែល។
ពាក់ព័ន្ធបញ្ហាខាងលើនេះលោក ជួង ជី ហៅកុយ បានអះអាងថា មានមូលហេតុមួយចំនួនដែលមិនមានវត្តមានសម្តែងរបស់នាយ ក្រិន គឺដោយសារពេលនេះនាយ មានជំងឺ និងរស់នៅឆ្ងាយពីភ្នំពេញផងនោះ។
លោកថា នាយ ក្រិន នៅបាត់ដំបងឆ្ងាយ ហេតុនេះនាយអាចនឹងពិបាកធ្វើដំណើរមកចូលរួមសម្តែង ព្រោះនាយមិនមានផ្ទះនៅភ្នំពេញនោះឡើយ។នាយ កុយ បានលើកឡើងទៀត ក្រុមរបស់លោកក៏មានឱកាសតិចតួចបានសម្តែងឡើងវិញដែរ ប៉ុន្តែការសម្តែងនោះមិនទទួលកម្រៃច្រើនដូចមុនដែរ ហេតុនេះតារាសម្តែងក៏មានការកំណត់។ទោះជាយ៉ាងណា ប្រសិនបើក្រុមរបស់លោកលោកមានឱកាសម្តែងច្រើន និងទទួលបានកម្រៃដូចដើមនោះលោកក៏នឹងប្រមូលផ្តុំក្រុមរបស់លោកឡើងវិញ ដោយនៅក្នុងនោះក៏មាននាយ ក្រិន ផងដែរ។ ពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្នរបស់នាយ ក្រិន នោះ នាយកុយ បានបញ្ជាក់ថា លោកហាក់មិនបានដឹងច្បាស់ពីការរស់នៅរបស់នាយ ក្រិនឡើយ ប៉ុន្តែលោកគ្រាន់តែដឹងថា អការះជំងឺរបស់នាយ ក្រិន ហាក់បានល្អប្រសើរខ្លះៗហើយ។
យ៉ាងណាលោកយល់ថា បើទោះបីជាបានធូស្រាលពីជំងឺលោកជឿថា នាយ ក្រិន ក៏នឹងពិបាករកការងារធ្វើសម្រាប់ចិញ្ចឹមជីវិត ដូចអាជីពសិល្បះនេះណាស់ ដោយសារនាយមានមាឌល្អិតខុសខ្នាតពីមនុស្សដ៏ទៃ។