អគ្គនាយិកាHK7 ជួយសង់ដំបូល និងជញ្ជាំងថ្មី ដល់គ្រួសារទីទ័លក្រមួយ នៅភ្នំពេញ

0

យោងតាមការបង្ហោះរបស់ប្រធានមូលនិធិ”ផ្ទះតារា” លោក ផាត់ តារារដ្ឋ ដែលជាស្ថាបនិកគ្រួសារតារាកម្ពុជាផង បានបង្ហោះកាលពីថ្ងៃទី២ មេសា ឆ្នាំ២០២១ ថា លោកស្រី អ៉ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 និង ស្វាមី បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយសង់ដំបូលផ្ទះ និងជញ្ជាំងផ្ទះថ្មី ដល់គ្រួសារក្រីក្រមួយ ដែលរស់នៅក្នុងភូមិព្រៃសាលា សង្កាត់កាកាប២ ក្នងខណ្ឌពោធិសែនជ័យ តាមច្រកចូលខាងមុខ ព្រលានយន្តពោធិចិនតុង កណ្ដាលភ្នំពេញ ដោយសារតែគ្រួសារនោះទីទ័លខ្លាំង។

លោក ផាត់ តារារដ្ឋ បន្តថា ទីតាំងដែលអ្នកនាង អ៉ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 សម្រេចផ្ដល់ដំបូល និង ជញ្ជាំងផ្ទះ ជួយដល់គ្រួសារនោះ គឺដោយសារតែកន្លងមកលោកក្នងនាមជាម្ចាស់មូលនិធិ ធ្លាប់យកអំណោយទៅចែកជូនម្ដង ហើយគ្រួសារមួយនេះ បានសំពះសុំដំបូលផ្ទះ ព្រោះតែផ្ទះលិចខ្លាំង។ ក្រោយពីឃើញសកម្មភាពរបស់”ផ្ទះតារា” អ្នកនាង អ៉ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 ក៏បានឧបត្ថម្ភមូលនិធិ”ផ្ទះតារា”ចំនួន1000ដុល្លារ ហើយលោក ផាត់ តារារដ្ឋ ក៏សម្រេចដកថវិកាដែលអ្នកនាងផ្ដល់ជូនជួយសង់ដំបូលផ្ទះជូនដល់គ្រួសារមួយនេះតែម្ដង។ លោកថាថវិការបស់អ្នកនាង អ៉ឹម សុគន្ធា មិនត្រឹមតែជួយប្ដូរដំបូលថ្មីអោយប៉ុណ្ណោះទេ តែក៏ផ្ដល់ជញ្ជាំងផ្ទះថ្មីអោយផងដែរ ដើម្បីអោយគ្រួសារមួយនេះ បានផ្ទះរស់នៅសមរម្យ។

អ្នកស្រី ម៉ៅ ដែលជាម្ចាស់ផ្ទះបានបង្ហាញអារម្មណ៍រំភើបដល់ថ្នាក់ស្រក់ទឹកភ្នែក បន្ទាប់ពីអ្នកនាង អ៉ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 ផ្ដល់ដំបូលផ្ទះ និង ជញ្ជាំងផ្ទះថ្មីអោយខ្លួន ដោយអ្នកស្រីថា មួយជីវិតរបស់ខ្លួន និង កូនៗ ស្ទើរតែដេកក្រោមដំណក់ទឹកភ្លៀងរហូតមកហើយ។ អ្នកស្រីថាខ្លួនជាអ្នកដើរដកក្រអៅឈូក និង ត្រកួនដើរលក់ ហើយស្វាមីជាកម្មករ ដែលទើបតែគ្រោះថ្នាក់ចរចរ។ ដូច្នេះហើយទើបអ្នកស្រីរំភើបចិត្តពេលបានដំបូល និង ជញ្ជាំងផ្ទះថ្មី តាមរយៈមូលនិធិ”ផ្ទះតារា”។

ផ្ទះតារានឹងបង្ហាញជូនផ្ទះថ្មីក្រោយពេលជួសជុល ក្នងពេលបន្ទាប់៕