យោងតាមបង្ហោះរបស់ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាប្រធានមូលនិធិ”ផ្ទះតារា” កាលពីល្ងាចថ្ងៃទី១ ឧសភា ឆ្នាំ២០២១ បានបង្ហោះថា ប្រធានមណ្ឌលកុមារកំព្រាមួយកន្លែង នៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ទទួលបានស្បៀងអាហារជាច្រើន បន្ទាប់ពីមណ្ឌលកុមារមួយនេះ ប្រឈមនឹងខ្វះស្បៀងជាច្រើនថ្ងៃ។ នេះមិនមែនជាការជួយរបស់លោកជាលើកដំបូងដល់មណ្ឌលកុមារកំព្រាមួយនេះនោះទេ ដោយពេលកន្លងមក គឺលោកស្វះស្វែងរកមូលនិធិជួយដល់មណ្ឌលកុមារកំព្រាមួយនេះ ជាញឹកញាប់មកហើយ។
លោក ផាត់ តារារដ្ឋ បានបង្ហោះភ្ជាប់ដោយរូបភាពផ្ដល់ជូននូវស្បៀងអាហារជាច្រើនថា”មូលនិធិ”ផ្ទះតារា” ប្រគល់ស្បៀង រួមមាន សាច់គោប្រឡាក់១០គីឡូ សាច់ក្រកសៀមរាប លេខមួយ ១០គីឡូ ត្រីងៀត៥គីឡូ ផ្អកពងត្រី៥គីឡូ ជ្រក់កូនឆៃថាវ៥គីឡូ ដែលជាអំណោយរបស់អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ និង ប្រគល់ពងទា៥០០គ្រាប់ រួមទាំង ត្រីខចំនួន៥០០កំប៉ុង ជូនដល់មណ្ឌលកុមារកំព្រា ស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមកុមារ ដែលមានក្មេងៗរស់នៅជាង៦០នាក់ កំពុងខ្វះស្បៀង”។ លោកបន្តថា ជំនួយដែលប្រគល់ជូននេះ គឺបន្ទាប់ៗប្រធានមណ្ឌល ទទូចសូមអោយលោក ព្រោះតែក្មេងៗជាង៦០នាក់ ខ្វះស្បៀងក្នុងការទទួលទាន។ ជំនួយជាស្បៀងដ៏សន្ធឹកនេះគឺជាថវិកាមួយផ្នែកធំរបស់ អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ និង មួយផ្នែកទៀតរបស់អ្នកស្រី Win Dy Love នៅសហរដ្ឋអាមេរិក ហើយការផ្ដល់ជូននេះ ដើម្បីអោយក្មេងៗទាំងជាង៦០រូបនៅក្នុងមណ្ឌលបានរួចមួយគ្រាផងដែរ។ លោក ប៉េន សុផល ជាប្រធានមណ្ឌល និង ក្មេងៗរស់នៅក្នុងមណ្ឌល២រូប គឺជាអ្នកមកទទួលដោយផ្ទាល់៕