កាលពីថ្ងៃទី២៩ និង ៣០ មេសា ឆ្នាំ២០២១ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាប្រធានមូលនិធិ”ផ្ទះតារា” បាននាំយកអំណោយចំនួន៥០ ដែលជាជំនួយរបស់ម្ចាស់ហ្វេសប៊ុក Win Dy Love រស់នៅសហរដ្ឋអាមេរិក យកមកប្រគល់ជូនដល់គ្រួសារអ្នកក្រីក្រ។ ប្រមាណ៥០គ្រួសារ ដែលរួមមាន កម្មករសំណង់ សន្តិសុខ និងប្រជាពលរដ្ឋ ដែលភាគច្រើនជាអ្នកស្នាក់នៅតំបន់ជុំវិញបុរីពិភពថ្មីឈូកវ៉ា៣ គឺជាអ្នកទទួលអំណោយនេះ។ ពលរដ្ឋមួយចំនួនក្នុងតំបន់ក្រហម ដែលស្ថិតនៅទួលសង្កែ ដែលបានទំនាក់ទំនងមកសុំជំនួយតាមរយៈផេក “ផ្ទះតារា Home Star” ក៏ត្រូវបានប្រធានមូលនិធិដឹកជូនផងដែរ ដើម្បីសម្រួលការខ្វះខាត។
លោក ផាត់ តារារដ្ឋ ប្រធានមូលនិធិ និយាយថា ការផ្ដល់ជូនអំណោយ៥០គ្រួសារ ដែលជាថវិកាទាំងស្រុង របស់អ្នកស្រី Win Dy Love រស់នៅអាមេរិកនេះ ត្រូវបានបែកចែកជាក្រុមៗ ដោយមួយក្រុមត្រូវបានអញ្ជើញអោយមកទទួលនៅក្នុងដីឡូតិ៍មួយកន្លែង និង មួយចំនួនទៀត ត្រូវបានយកទៅប្រគល់ជូនតាមផ្ទះដោយផ្ទាល់។ អ្នកស្រី Win Dy Love ក៏បានបរិច្ចាគថវិកាចំនួន ១០ម៉ឺនរៀល ជូនដល់គ្រួសារកម្មករមួយគ្រួសារដែលជាប់គាំងនៅកាំបូល ហើយគ្មានលុយទិញអង្ករហូបក្នុងផ្ទះជាច្រើនថ្ងៃនោះ។ លោកថា ម្ចាស់ជំនួយបានដឹងពីការលំបាករបស់ទុរគតជនទាំងនេះ តាមរយៈការស្នើសុំរបស់លោក ហើយក៏ជាការបង្ហាញទឹកចិត្តគួរអោយសរសើរផងដែរ ដែលបានបរិច្ចាគជួយដល់បងប្អូនកម្ពុជាដែលមានការខ្វះខាតតាមរយៈមូលនិធិ”ផ្ទះតារា”។ លោកថា ជំនួយរបស់អ្នកស្រី Win Dy Love រួមមាន អង្ករមួយគ្រួសារ១០គីឡូ មី១០កញ្ចប់ ពងមាន់១០ ត្រីខ៥កំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និង ថវិកាធ្វើដំណើរក្នងម្នាក់១ម៉ឺនរៀល។ ទីតាំងដែលលោកយកអំណោយយកទៅប្រគល់ជូននេះ កាលពីប៉ុន្មានថ្ងៃមុន ក៏លោកបានដឹកនាំអំណោយយកទៅជូនបានចំនួន៥០គ្រួសារផងដែរ ដែលជាថវិកាទាំងស្រុងរបស់ អ្នកនាង លុយ សារីណា ភរិយាលោក ស៊ុក សុភា នៅប្រទេសអូស្ត្រាលី ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១៥គីឡូ មីមួយកេស និង ត្រីខ មួយយួរ១០កំប៉ុង៕