មូលនិធិ”ផ្ទះតារា” ទទួលបានថវិការ 1000$ និងអង្ករ 500Kg ពី អ្នកនាង ស្រីអូន សម្រាប់ជួយដល់អ្នកទីទ័ល

0

បន្ទាប់លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង បានបង្កើតមូលនិធិ”ផ្ទះតារា” ដោយធ្វើសកម្មភាពសប្បុរសធម៌ជាប្រយោជន៍ដល់អ្នកខ្សត់ខ្សោយនោះ អ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន ដែលជាអគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ ក៏បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ១០០០ដុល្លារ និង អង្ករ១០បេ ដើម្បីអោយមូលនិធិ”ផ្ទះតារា” បានបន្តសកម្មភាពផងដែរ។ ជំនួយដែលអ្នកនាងផ្ដល់ជូននេះ លោក ផាត់ តារារដ្ឋ ជាប្រធានមូលនិធិ ប្រកាសថា នឹងយកទៅចាត់ចែងទិញម្ហូបអាហារជូនដល់កុមាកំព្រាមួយកន្លែង ដែលកំពុងប្រឈមនឹងការខ្វះខាតនៅក្នុងពេលនេះ។ មណ្ឌលកុមារកំព្រា ដែលលោកសម្រេចផ្ដល់ម្ហូបអាហារ និង ស្បៀង ជូននោះ គឺមណ្ឌលកុមារកំព្រាស្នាមញញឹមដើម្បីកុមារកម្ពុជា នៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល បន្ទាប់ប្រធានមណ្ឌលមួយនេះ បានស្នើមកកាន់មូលនិធិ”ផ្ទះតារា” និង បានបញ្ជាក់មណ្ឌលដែលមានក្មេងរស់នៅប្រមាណជាជាង៦០នាក់មួយនេះ ខ្វះម្ហូបក្នុងការដោះស្រាយ។ កន្លងមកស្ថាបនិកគ្រួសារតារាកម្ពុជា ក៏បានស្វះស្វែងស្វែងរកមូលនិធិជួយដល់មណ្ឌលកុមារកំព្រាមួយនេះផងដែរ ទើបកង្វះម្ហូបអាហាររបស់មណ្ឌលមួយនេះ តម្រូវអោយមូលនិធិ”ផ្ទះតារា” ត្រូវតែជួយខ្នះខ្នែង។

អ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន បានអះអាងថា ដោយសារតែមើលឃើញពីការប្រឹងប្រែងរបស់ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលខ្នះខ្នែងជួយដល់សង្គម និង ចង់អោយមូលនិធិរបស់លោកមានថវិកាបម្រុងទុកគ្រាន់ប្រើប្រាស់ ទើបអ្នកនាងបរិច្ចាគទឹកប្រាក់ចំនួន1000ដុល្លារ និង អង្ករ ១០បេ ដើម្បីអោយមូលនិធិមួយនេះប្រើប្រាស់ជាប្រយោជន៍ដល់អ្នកខ្វះខាត។ អ្នកនាងថា នេះជាការចូលរួមចំណែករបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ ជាមួយនឹង”ផ្ទះតារា” ហើយអ្នកនាងក៏សប្បាយចិត្តផងដែរ ដែលមូលនិធិមួយនេះ ធ្វើការងារសង្គមជាច្រើន ជួយដល់អ្នកខ្វះខាត។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗ មូលនិធិ”ផ្ទះតារា” ទើបតែបាននាំយកអំណោយយកទៅប្រគល់ជូនគ្រួសារខ្វះខាតចំនួន១០០គ្រួសារប៉ុណ្ណោះ ដោយ៥០គ្រួសារ គឺជាអំណោយរបស់ អ្នកនាង លុយ សារីណា ភរិយារបស់អតីតតារាសម្ដែង លោក ស៊ុក សុភា នៅប្រទេសអូស្ត្រាលី រួមមានអង្ករក្នុងម្នាក់ ១៥គីឡូ ត្រីខ១០កំប៉ុង និង មីមួយកេស និង ចំនួន 50គ្រួសារទៀត គឺជាអំណោយរបស់ អ្នកស្រី Win Dy Love រស់នៅសហរដ្ឋអាមេរិក ដែលរួមមានមួយគ្រួសារទទួលបាន អង្ករ១០គីឡូ មី១០កញ្ចប់ ត្រីខ៥កំប៉ុង ពងមាន់១០ ទឹកត្រីទឹកស៊ីអ៊ីវ និង ថវិកាក្នុងម្នាក់១ម៉ឺនរៀល។ ដោយឡែកអ្នកស្រី ក៏បានបរិច្ចាគជូនគ្រួសារសំណង់មួយគ្រួសារតាមរយៈលោក ផាត់ តារារដ្ឋ ប្រធានមូលនិធិ ចំនួន១០ម៉ឺនរៀល ដែលខ្វះខាតខ្លាំងនោះផងដែរ។