យោងតាមការបង្ហោះរបស់ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា កុដិដែលមានវ័យជាង១០០ឆ្នាំ ដែលមានបារមីថែរក្សានោះ ត្រូវបានសាងសង់ជារូបសំណាក់ ដើម្បីទុកជាទីសក្កាបូជាជាផ្លូវការហើយ ដោយការរៀបចំសាងសង់ទីសក្កាបូជាថ្វាយដល់បារមីនៅកុដិនោះ គឺជាបច្ច័យផ្ទាល់ខ្លួន របស់លោក និង ភរិយា។ តាមរយៈការបញ្ជាក់នេះ ផ្ទះខ្មោចដែលធ្លាប់ធ្វើទុក្ខបុកម្នេញម្ចាស់ផ្ទះ កាលពីក្នុងជំនាន់បារាំង រហូតបណ្ដាលអោយម្ចាស់ផ្ទះយកមកប្រគេនលោក នៅវត្តថ្មសរ ក្នុងឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។ ហើយក្រោយយកមកដាក់វត្តបារមីរបស់អមនុស្ស ក៏បានកាន់សីល្ប៍ និងឈប់ធ្វើបាបមនុស្ស ដោយបារមីដែលថែរក្សាកុដិនេះ គឺលោកយាយម៉ែន ស ដែលជាម្ចាស់ផ្ទះកាលពីដើមដំបូង។
មកទល់ពេលនេះ បារមីកុដិនៅតែបញ្ចេញអានុភាព និង ថែរក្សាវត្ត ហើយដោយមើលឃើញពីប្រវត្តិកុដិដែលដឹងតៗគ្នាហើយ ទើបលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានសម្រេចជួយកសាងជារូបសំណាកលោកយាយ ម៉ែន សរ និង ជួយរៀបចំជាទីសក្ការៈ ដើម្បីទុកអោយពលរដ្ឋគោរពបូជា។ ក្នុងនោះ លោក និង ភរិយា ក៏បានផ្ដើមគំនិតជួយកសាងនូវសមិទ្ធផលមួយចំនួនផ្សេងទៀតផងដែរ ដោយបានគៀរគរ សប្បុរសជនជួយកសាងនូវរូបសំណាកផ្សេងៗ ដូចជា រូបសំណាកលោកតាមុន្នីឥសីព្រះនេត្រទិព្វ នៅខាងមុខកុដិ គឺបានកសាងដោយ លោកជំទាវ មីសែល ត្រាណេ ជាដើម។ សមិទ្ធផលដែលលោក ផាត់ តារារដ្ឋ បានកសាងជាទីសក្ការៈថ្វាយដល់បារមីកុដិនោះ រួមមាន រូបសំណាក់ លោកយាយ ម៉ែន សរ បារមីកុដិមួយជំហរមួយអង្គ ឆ័ត្រពណ៍មាសមួយដើម រូបសំណាកកិន្នមួយអង្គ ស្លាកយីហោធំមួយផ្ទាំង ដែលរៀបរាប់ពីប្រវត្តិវត្ត និង សម្ភារៈជាច្រើនផ្សេងទៀត ដើម្បីរៀបចំរូបសំណាក់របស់លោកយាយម្ចាស់កុដិ អោយក្លាយជាទីសក្ការៈបូជាសមរម្យ។ យ៉ាងណាមិញ ការរៀបចំនៅមិនទាន់រៀបរយនៅឡើយទេ ដោយនឹងបន្តអោយរៀបចំជាច្រើនផ្នែកទៀត ទើបធ្វើពិធីប្រសិទ្ធីបំពេញបារមី ដែលយ៉ាងហោចគឺក្រោយបុណ្យចូលឆ្នាំខ្មែរ ឬ ស្ងប់កូវីត១៩។