មកដឹងពីគម្រោងរបស់ លោកជំទាវ មួយឡេង ទៅដល់អាមេរិកលើកនេះ

0

តាំងពីថ្ងៃទី៣១ មីនា ឆ្នាំ២០២១មកម្លេះ ដែលលោកជំទាវ ស្រឿង វ៉ាន្នី អគ្គនាយិកាក្រុមហ៊ុនមួយឡេង ឬ លោកជំទាវមួយឡេង បានទៅដល់ទឹកដីអាមេរិក ដោយដំណើរចាកចេញពីប្រទេសកម្ពុជាជាលើកទី២ ក្រោយកូវីត១៩ផ្ទុះខ្លាំងនេះ គឺស្ថិតក្នុងផែនការសំខាន់ៗដល់ទៅ៣ ដែលលោកជំទាវបញ្ជាក់ថា មិនអាចពន្យារបានទើបសម្រេចចិត្តទៅទាំងកូវីត19ផ្ទុះខ្លាំង។ ទៅដល់សហរដ្ឋអាមេរិក លោកជំទាវនៅតែមិនត្រូវបានរដ្ឋាភិបាលអាមេរិក តម្រូវអោយធ្វើចត្តាឡីស័ក្ត១៤ថ្ងៃដូចនៅកម្ពុជានោះទេ ដោយសារតែលោកជំទាវបានចាក់វ៉ាក់សាំងលើកទី២រួចហើយ និង ទី២ គឺនៅអាមេរិក គេមានប្រព័ន្ធត្រួតពិនិត្យគេម្យ៉ាងដែលអាចដឹងថា តើជនបរទេសដែលចូលទៅដល់ទីនោះ មានផ្ទុកមេរោគកូវីត១៩ប្រភេទថ្មី ឬ ក៏មិនមាន។

លោកជំទាវបានអះអាងថា ដំណើរមកកាន់ទឹកដីអាមេរិកលើកនេះ គឺប្រើពេលតែរយៈពេល ២សប្ដាហ៍ប៉ុណ្ណោះ តែត្រូវសម្រេចផែនការអោយបាន៣ ទើបលោកជំទាវមិនអាចដកឃ្លាបានទេ គឺអោយតែរួចពីការងារ គឺបញ្ចេញសកម្មភាពតែម្ដង ពោលគឺប្រើពេលវេលាបង្កើតលុយ បង្កើតចំណូល និងបង្កើនអាជីវកម្មតែម្ដង ដោយសារតែពេលវេលានៅទីនោះខ្លី។ លោកជំទាវបញ្ជាក់ថា បំណងទី១ ដែលនាំអោយលោកជំទាវមកដល់អាមេរិក ទាំងភ្នែកនៅកញ្ចឹងក នៅក្នុងពេលនេះ គឺដើម្បីជូនដំណើរកូនប្រុសមកសិក្សាបន្តនៅអាមេរិកវិញ ទី២ គឺមកជួបតំណាងចែកចាយផលិតផលគ្រឿងសម្អាងតាមការសន្យា និង ទី៣ គឺមកពិភាក្សាបន្តពីគម្រោងនាំចេញទៅវិញ នូវផលិតផលគ្រឿងសម្អាងមួយប្រភេទពីសហរដ្ឋអាមេរិក ដើម្បីបំពេញសេចក្ដីត្រូវការនៅក្នុងក្រុមហ៊ុន មួយឡេង។ លោកជំទាវថា គោលបំណងទី១ ត្រូវបានសម្រេចហើយ ក្រោយពីលោកជំទាវ និង កូនប្រុសទៅដល់អាមេរិកភ្លាមៗ ខណៈដែលលោកជំទាវក៏មានកូនស្រីម្នាក់ទៀត កំពុងសិក្សានៅទីនោះដែរ ដែលមិនខុសពីលោកជំទាវឡើងមកលេងកូនស្រី នៅលើទឹកដីអាមេរិក ដែលនៅតែផ្ទុះជម្ងឺកូវីត១៩នោះផង។ ដោយឡែកសម្រាប់គម្រោងទី២ គឺលោកជំទាវកំពុងតែបន្តដំណើរសម្រេចផែនការ ដោយទោះជាតំណាងចែកចាយផលិតផលខ្លះ គឺមិនបានជួបគ្នាដោយផ្ទាល់ តែក៏បានបង្ហាញភាពស្និទ្ធិស្នាលជាងមុនតាមរយៈឆាតគ្រុប និង តេលេក្រាមជាដើម ដោយក្នុងរយៈពេលសម្រាកនៅអាមេរិកនេះ គឺលោកជំទាវបង្កើនការយកចិត្តទុកដាក់ចំពោះកូនក្រុម និង ជួយដោះស្រាយបញ្ហាកូនក្រុម ក្នុងដំណាក់កាលកូវីត១៩បន្តរាលដាល។ លោកជំទាវថា នៅលើទឹកដីអាមេរិក ផលិតផលគ្រឿងសម្អាងរបស់ក្រុមហ៊ុនមួយឡេង នៅតែមានដំណើរការល្អ បើធៀបនឹងទីផ្សារនៅក្រៅប្រទេសចំនួន១៧ផ្សេងទៀត ដែលផលិតផលគ្រឿងសម្អាងរបស់លោកជំទាវកំពុងតែចរាចរណ៍។ នេះក៏ជាហេតុផលមួយ ដែលធ្វើអោយលោកជំទាវឧស្សាហ៍ឡើងចុះសហរដ្ឋអាមេរិកជាងបណ្ដាប្រទេសផ្សេងទៀត ដែលមានតំណាងចែកចាយកំពុងតែលក់ដូរផលិតផលមួយឡេងបែបនេះដូចគ្នាផងដែរ ដោយសារតែនៅអាមេរិក មានតំណាងចែកចាយនៅតាមបណ្ដារដ្ឋច្រើន ហើយនៅអាមេរិក ក៏ស្គាល់ផលិតផលមួយឡេងរបស់លោកជំទាវច្រើន ស្របពេលដែលលោកជំទាវក៏មានកូនៗដល់ទៅ២នាក់សិក្សាស្នាក់នៅនៅទីនោះផង។ យ៉ាងណាមិញ នៅប្រទេសកូរ៉េ និង ប្រទេសផ្សេងទៀត ដែលផលិតផលមួយឡេងកំពុងចរាចរណ៍ ក៏លោកជំទាវបានចុះទៅជួបតំណាងចែកចាយ និង ពង្រឹងទីផ្សារនៅមុនអំឡុងផ្ទុះកូវីតខ្លាំងផងដែរ ដូចជានៅកូរ៉េជាដើម។ ដោយឡែកសម្រាប់គោលបំណងទី៣ គឺមកពិភាក្សាបន្តដើម្បីទៅនាំចេញនូវផលិតផលមួយប្រភេទពីប្រទេសសហរដ្ឋអាមេរិក យកមកចរាចរណ៍លក់នៅក្នុងប្រទេសកម្ពុជា។ ការងារមួយនេះ លោកជំទាវបានជជែកវែកញែកជាច្រើនអន្លើរួចមកហើយ តែស្ថិតក្នុងការពិចារណាមិនទាន់ឯកភាព ដោយតាមរយៈដំណើរចុះទៅម្ដងនេះ គឺអាចល្អច្រើន ហើយបើ ការពិភាក្សា នឹងកាន់តែរលូននោះផលិតផលដែលឯកភាពគ្នា នឹងមានវត្តមាននៅក្នុងទីផ្សាររបស់កម្ពជានាពេលឆាប់ៗ។ ផលិតផលដែលលោកជំទាវកំពុងជជែក ដើម្បីនាំចូលមកកាន់កម្ពុជានោះ ក៏ជាផលិតផលពាក់ព័ន្ធនឹងគ្រឿងសម្អាងផងដែរ តែលោកជំទាវមិនទាន់បញ្ជាក់ថា នោះគឺជាផលិតផលអ្វីនោះទេ ដោយសារតែការជជែកគ្នា នៅខ្វែងគំនិតមួយចំនួន។