លោកជំទាវ មួយឡេង ជូនកាដូរថយន្តម្លៃ២៥ម៉ឺនដុល្លារ អោយស្វាមីថ្ងៃ ៨ មីនា

0

ពោរពេញដោយសុភមង្គល និង កក់ក្ដៅមិនតិចទេ នៅពេលឃើញលោកជំទាវ ស្រឿង វ៉ាន្នី ហៅ លោកជំទាវ មួយឡេង ដែលជាម្ចាស់ហាងពេជ្រ និង ជាអគគនាយិកាក្រុមហ៊ុនមួយឡេង ប៊ីយូធី បង្ហោះពីការ Surprise កាដូរថយន្ត ឡិចស៊ីស គូរូ ឆ្នាំ២០២១ តម្លៃរហូតដល់ ២៥ម៉ឺនដុល្លារ ជូនដល់ស្វាមីកាលពីថ្ងៃទី៨ មីនា។ លោកជំទាវ បានតម្រូវអោយគេដឹករថយន្ត ដែលមានតម្លៃកប់ពពកនោះ ទៅដាក់ដល់ខាងមុខវីឡា ហើយបានប្រគល់ជូនស្វាមី គឺលោកឧត្តមសេនីយ៍ទោ ប៊ន សំអាត ខណៈដែលស្វាមី គឺមិនបានដឹងខ្លួនមុន។ នៅក្នុងវីដេអូ Live បានបញ្ជាក់យ៉ាងច្បាស់ថា លោកជំទាវ បានសម្ងំកុម្ម៉ង់រថយន្ត ដែលមានតម្លៃនេះ ដោយមិនអោយស្វាមីបានដឹងជាយូរមកហើយ ដោយកំណត់យកថ្ងៃពិសេសគឺថ្ងៃ ៨ មីនា ឆ្នាំ២០២១ គឺជាថ្ងៃប្រគល់ជូនស្វាមី ដោយសារតែក្នុងថ្ងៃនោះ ក៏ថ្ងៃខួបកំណើតរបស់ស្វាមីផង។ លោកជំទាវថា បើទោះជាស្វាមីរបស់លោកជំទាវ មានឋានៈជាអនុប្រធានការិយាល័យព្រហ្មទណ្ឌ នៅក្រសួងមហាផ្ទៃ តែស្វាមីមិនដែលចង់បានបែបនេះ ឬ បែបនោះ ដើម្បីអោយទាន់សម័យទំនើបហ៊ឺហារនោះទេ ដោយភាគច្រើនគឺលោកជំទាវច្រើនតែជាអ្នករៀបចំជូន។ ជាមួយនឹងការលើកទឹកចិត្តស្វាមី ដែលជាមន្ត្រីផ្កាយ២ និង តែងតែលើកទឹកចិត្តចំពោះលោកជំទាវរាល់គ្រប់សកម្មភាពសប្បុរសធម៌ផង ទើបលោកជំទាវសម្រេចចិត្តកុម្មង់រថយន្តឡិចស៊ីសមួយគ្រឿងនេះជូនស្វាមី ដើម្បីអោយស្វាមីសប្បាយចិត្តក្នុងថ្ងៃខួបកំណើត។

លោកជំទាវនៅតែយល់ថា ការពពាក់អារម្មណ៍ចំពោះស្វាមីភរិយា គឺនៅតែសំខាន់សម្រាប់ុស្នេហ៍គ្រប់វ័យ ដោយមិនមែនទាល់តែគូស្នេហ៍ថ្មោងថ្មី ឬ គូស្នេហ៍ក្មេងៗនោះទេ។ ជាក់ស្ដែងក្នុងពេលកន្លងទៅ ថ្វីដ្បិតតែលោកជំទាវ ទទួលបានតែផ្កាមួយបាច់ពីស្វាមីក្នុងថ្ងៃ១៤ កុម្ភៈ ក៏លោកជំទាវនៅតែរំភើបនោះដែរ ទើបលោកជំទាវយល់ថា ការជូនកាដូចំពោះស្វាមី នៅថ្ងៃពិសេសរបស់ស្វាមី ហើយធ្វើអោយស្វាមីរំភើបចិត្ត នឹងកាន់តែធ្វើអោយចំណងស្នេហ៍វ័យជ្រេរបស់លោកជំទាវ ពោរពេញដោយអត្ថន័យ។