គួរឱ្យស្ដាយណាស់ ហោត្រៃយ៍បុរាណនៅក្នុងវត្ត ស្វាយពពែ ផ្ទុះរឿងមានគេចង់កម្ទេចចោល

0

បន្ទាប់ពីវត្តស្វាយពពែ ដែលស្ថិតនៅក្បែរកោះពេជ្រ បានហ៊ុមព័ទ្ធទីតាំងហោត្រៃយ៍បុរាណមួយ ដែលជាសម្បត្តិដ៏កម្រ និង បុរាណរបស់ជាតិ បានកំពុងធ្វើអោយមានចំណោទយ៉ាងខ្លាំងថាសកម្មភាហ៊ុមព័ទ្ធនេះ គឺជាគម្រោងជួសជុល ឬ ចង់វាយកម្ទេចចោល ដោយសារតែទីតាំងវត្តនេះធ្លាប់ប៉ុនប៉ង វាយកម្ទេចក្លោងទ្វារបុរាណរបស់ខ្លួនដើម្បីធ្វើថ្មីម្ដងហើយ ប៉ុន្តែក្រោយមានអន្តរាគមន៍ពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ទើបបន្តរក្សាទុក។ ក្រោយប្រាង្គហោត្រៃយ៍បុរាណក្នុងវត្តនេះត្រូវបានហ៊ុមព័ទ្ធ ដែលមិនដឹងថា តើជាគម្រោងជួសជុល ឬ វាយកម្ទេចចោល បានធ្វើអោយមានការចាប់អារម្មណ៍នឹងសកម្មភាពមួយនេះ ជាថ្មី ស្របពេលដែលអ្នកលេងហ្វេសប៊ុកម្នាក់ ក៏ដាក់សំណួរថា តើសកម្មភាពនេះ មានដឹងដល់ក្រសួងវប្បធម៌ ឬទេ ដោយសារតែប្រាង្គបុរាណគឺនៅសល់តែ៣ទីតាំងប៉ុណ្ណោះនៅកម្ពុជា ដោយនៅកំពង់ចាម២ និង នៅភ្នំពេញតែមួយគត់ ហើយក៏ត្រូវបានអ្នកស្រាវជ្រាវខ្មែរ ចារទុកក្នុងឯកសារ និង មានតម្កល់ថាជាសម្បត្តិបុរាណរបស់ជាតិ នៅក្នុងក្រសួងវប្បធម៌ផង។

អ្នកលេងហ្វេសប៊ុកឈ្មោះ Hai Kimhong បានទាំងបង្ហាញប្រតិកម្មជាសាធារណៈថា”ហេតុអ្វីដាច់ចិត្តវាយកម្ទេចហោត្រៃ ដ៏ល្អវិចិត្រមួយនេះ តើវាជាការចាំបាច់ឬ ? ម្ដេចមិនប្រុងរក្សាថែ ….. បើបាត់បងលើកនេះទៀត គឺនៅសេសសល់តែមួយទេ ដែលមានទម្រង់ស្រដៀង នេះ គឺ ព្រះវិហារ វត្តកំពូល ធម្មយុត្តិកនិកាយ
បើបានជួសជុលរក្សាទុកជាកេរ្ត៏តំណែលជាការល្អណាស់ ក្នុងការផ្ដល់ឱកាស ដល់មនុស្សជំនាន់ក្រោយសិក្សារៀនសូត្រ ពីស្នាដៃមនុស្សជំនាន់មុន
រលាយហើយ ហោត្រៃ វត្ត ស្វាយពពែ
ស្ថានភាព : កំពុងចាប់ផ្ដើមរុះរើ បើមានឱកាស គួរតែឆ្លៀតមកមើលជាលើកចុងក្រោយ”។

គួរបញ្ជាក់ផងដែរថា នៅក្នុងសម័យបុរាណគេនិយមសង់ហោត្រៃទុកជាកន្លែងតម្កល់គម្ពីរព្រះត្រៃយ៍បិតក ដោយប្រាង្គប្រាសាទនេះ មានអាយុកាលមិនក្រោមរាប់រយឆ្នាំនោះទេ ខណៈដែលហោត្រៃយ៍ខ្លះក៏ត្រូវគេប្រើជាកន្លែងដាក់តាំងវត្ថុបុរាណ ដើម្បីស្រាវជ្រាវផង។ ប្រាង្គហោត្រៃយ៍ទម្រង់នេះ ត្រូវបានបណ្ដាវត្តភាគច្រើនវាយកម្ទេចចោលស្ទើរអស់ហើយ ដោយនៅវត្តស្វាយពពែ ដែលជាវត្តដ៏ចំណាស់នៃការកកើតរាជធានីចតុមុខ នៅបន្តរក្សាហោត្រៃយ៍នេះ បន្សល់ទុកដល់បច្ចុប្បន្ន។ ប៉ុន្តែទំនងជាខ្វះការផ្សព្វផ្សាយ ទើបអ្នកចេញចូលទៅកាន់វត្តនេះភាគច្រើន មិនចាប់អារម្មណ៍ថានេះគឺជាសំណង់បុរាណឡើយ។ ប្រាង្គហោត្រៃយ៍នេះ ត្រូវបានគេដឹងថា មានគម្រោងវាយចោល ដើម្បីសង់ជាសំណង់ថ្មីច្រើនលើកមកហើយ ប៉ុន្តែក្រោយមានប្រតិកម្មជាហូរហែរទើបស្ងប់ស្ងាត់។ ក្រោយឃើញរូបភាពហ៊ុមព័ទ្ធបែបនេះ មានការចោទសួរទៀតហើយថា តើនេះជាគម្រោងជួសជុលអភិរក្ស ឬ វាយកម្ទេចចោល ស្របពេលដែលក្រសួងវប្បធម៌ និង អ្នកស្រាវជ្រាវ ត្រូវបានគេដឹងថា នឹងមិនឯកភាពឡើង ប្រសិនបើចង់វាយកម្ទេចចោលសម្បត្តិដ៏បុរាណមួយនេះ។ យ៉ាងណាមិញ មានការទម្លាយថា នេះការហ៊ុមព័ទ្ធគ្រោងវៃចោល ដោយមិនមែនជួសជុលឡើយ។