លោក វន វណ្ណៈ និង លោក ហម រ៉ន អគ្គនាយកបុរី VIP ទៅបញ្ចុះខណ្ឌសីម៉ា នៅអតីតដំណាក់ស្ដេច

0

កាលពីព្រឹកថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២១ មុននេះ លោក វន វណ្ណៈ និង លោក ហម រ៉ន អគ្គនាយកក្រុមហ៊ុនបុរី VIP មិនត្រឹមតែចូលរួមជាគណអធិបតីកិត្តិយសប៉ុណ្ណោះទេ នៅក្នុងពិធីបញ្ចុះខណ្ឌសីម៉ា នៅវត្តព្រះរាជាពន្លាជ័យ ហៅវត្តភ្នំពិស្ស ស្ថិតក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺមួយនេះ ក៏មានថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមផងដែរ។ វត្តមានប្រវត្តិគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែទីនោះ គឺជាដំណាក់ស្ដេចដ៏ទាក់ទាញក្នុងប្រវត្តិសាស្ត្រ។

យោងតាមរបៀបវារៈ វត្តស្តេចព្រះពន្លាជ័យភ្នំពិស្ស៍(មហានិកាយ) មានចម្ងាយ៧០គ.ម ពីទីរួមខេត្តកំពង់ស្ពឺ។ វត្តនេះ មានឈ្មោះដើមថា​វត្តចាស់លោកធុត្តង្គភ្នំពិស្ស៍ បានកសាងកាលពីឆ្នាំ ២០០០ ដោយព្រះសង្ឃមកតាដុង្គនៅទីនេះ ក្រោមការឧបត្ថមដោយពុទ្ធបរិស័ទជើងវត្ត តែសមិទ្ធិផលនៅក្នុងវត្តនេះ គឺមានតែសាលាឆាន់ប៉ុណ្ណោះ ទើបសប្បុរសជននានារួមកសាងជាវិហារ ដោយលោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុនបុរី VIP ក៏ជាសប្បុរសជនសំខាន់មួយ នៅក្នុងគម្រោងសាងសង់ព្រះវិហារនេះ និងសមិទ្ធផល មួយចំនួន។ វត្តចាស់លោកធុត្តង្គភ្នំពិស្ស៍នេះ កាលដើមឡើយមានស្តេចទ្រង់បោះពន្លានៅលើភ្នំនេះ ទើបវត្តនេះ ត្រូវបានប្រសិទ្ធនាមថា វត្តស្តេចព្រះពន្លាជ័យតែម្តង។ មុនឆ្នាំ ១៩៧៤ ទីតាំងនេះ គឺជាកន្លែងដំណាក់ស្ដេច។ ស្ថានភាពចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ខ្មែរក្រហមបានបំផ្លាញ់អស់ហើយយកវត្តធ្វើជាទីតាំង រោងសិប្បកម្ម និងតម្បាញ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ក្រោមការដឹកនាំរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាព្រះពុទ្ធសាសនាត្រូវបានបង្កើតឲ្យមានឡើងវិញ។ ពីឆ្នាំ​២០០២ ព្រះតេជ្ជគុណព្រះនាម ព្រំ អ៊ុន ជាចៅអធិការកសាងបាន សាលាឆាន់០១ ឧបត្ថម្ភដោយពុទ្ធបរិស័ទជើងវត្ត។ ក្រោយមកព្រះតេជ្ជគុណព្រះនាម បញ្ញាធរោ អង្គ តាក្រវ៉ាញ កសាងបានបន្តកសាងសមិទ្ធិផលផ្សេងៗ។

លោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុន បុរី VIP បានលើកឡើងថា ក្នុងនាមជាសប្បុរសជនមួយរូប និង ជាអគ្គនាយកបុរីវីអាយភី(VIP) លោកមានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកក្នុងការកសាងសមិទ្ធិផលនៅក្នុងទីអារ៉ាមនេះ។ លោកថានេះជាលទ្ធផលដែលបានពីសុខសន្តិភាព ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ជាមួយនឹងការបានរួមចំណែក ក្នុងការកសាងសមិទ្ធិផលនានា ដើម្បីលើកស្ទួយក្នុងវិស័យព្រះសាសនានេះ លោកថា នឹងបន្តជួយដល់វិស័យនេះបន្តបន្ទាប់ទៀត ដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា។ នៅក្នុងពិធីនោះ លោកក៏បានបរិច្ចាគថវិកាមួយចំនួនផងដែរដូចជា
១. ចូលបច្ច័យសម្រាប់ឥន្ទកិលចំនួន ១២,០០០,០០០ រៀល
២. ចូលបច្ច័យតាមទិសទាំង ៨ ក្នុងមួយទិស ថវិកា ១០០,០០០ រៀល
៣. ជូនសម្ភារៈជូនប្រជាពលរដ្ឋ ចំនួន ៣០០ នាក់ ក្នុងមួយនាក់ ក្រម៉ា ១ សារ៉ុង ១ ថវិកា ១០,០០០ រៀល
៤. ជូនសម្ភារៈសិស្សានុសិស្សសាលាបឋមសិក្សាភ្នំពិស្ស៍ចំនួន ១១០ នាក់ ក្នុងមួយនាក់ សៀវភៅ ២ ក្បាល ប៊ិច ១ ខ្មៅដៃ ១ ថវិកា ១០,០០០ រៀល
៥. លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាភ្នំពិស្ស៍ចំនួន ៣ នាក់ ក្នុងមួយនាក់ ទទួលបានថវិកា ៥០,០០០ រៀល។
នៅក្នុងពិធីនោះ ក៏មានវត្តមាន ឯកឧត្ដម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀតផងដែរ។