កាលពីព្រឹកថ្ងៃទី 8 ធ្នូ ឆ្នាំ2020 មុននេះស្វាមីរបស់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានដឹកនាំថវិការ និងសម្ភារៈមួយចំនួនយកទៅជូនដល់មន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត ហៅពេទ្យរុស្សី ដោយសារតែមន្ទីរពេទ្យនេះមានការប្រឈមខ្លាំងព្រោះជាទីតាំងព្យាបាលអ្នកជម្ងឺរកូវីដ19 នៅកម្ពុជា។ លោកជំទាវក៏ទទូចឱ្យយកចិត្តទុកដាក់ និងជួយដល់មន្ទីរពេទ្យមួយនេះផងដែរ ស្របពេលដែលលោកជំទាវយល់ឃើញថា បុគ្គលិកនៅក្នុងមន្ទីរពេទ្យមួយនេះមានការប្រឈមខ្លាំង ពីជម្ងឺរកូវីដ19។
នៅលើហ្វេកប៊ុកផេកផ្លូវការមានឈ្មោះថា Siv Mey Onlineshop កាលពីព្រឹកថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2020 លោកជំទាវបានបង្ហោះអមជាមួយរូបភាពជាច្រើនសន្លឹកក្រោយពីស្វាមីរបស់លោកជំទាវដឹកនាំជំនួយយកទៅជូនដល់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យរុស្សីថា « ក្នុងនាមខ្មែរតែមួយ រួបរួមសាមគ្គី ក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាងខ្ញុំ អ៊ាន សៀវម៉ី និង ក្រុមគ្រួសារ បានចូលរួមឧបត្ថម្ភ ថវិកាចំនួន ២០,០០០,០០០ រៀល ម៉ាសចំនួន ៥ កេស និងជែលលាងដៃចំនួន ៥០០ ដប ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីប្រើប្រាស់ក្នុងសកម្មភាពពិនិត្យ ធ្វើតេស្ត និងព្យាបាលអ្នកជំងឺ Covid-19 ។ សូមអរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ? សូមអរគុណដល់ថ្នាក់ដឹកនាំនៃស្ថាប័ននានា? សូមអរគុណដល់ក្រុមគ្រូពេទ្យជួរមុខ? សូមអរគុណដល់ស្មារតីរួបរួមក្នុងនាមខែ្មរតែមួយ ?❤️ »។
ជាមួយនឹងការបង្ហោះនេះលោកជំទាវឧកញ៉ាក៏បានអំពាវនាវសុំឱ្យបងប្អូនដែលជាសប្បុរសជនងាកមកចាប់អារម្មណ៍នឹងបុគ្គលិកនៅក្នុងមន្ទីរពេទ្យមួយនេះឱ្យបានកាន់តែច្រើន ដោយលោកជំទាវអះអាងថាប្រសិនបើមានការយកចិត្តទុក្ខដាក់កាន់តែខ្លាំងពីសប្បុរសជននោះ បុគ្គលិកដែលប្រឈមនឹងជម្ងឺរកូវីដ19 ទាំងនេះនឹងកាន់តែមានកម្លាំងចិត្តឈរជើងនៅលើសង្វៀនប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ19 ដែលត្រូវគេកត់សម្គាល់ថា មាននាក់ឆ្លងកើនឡើងក្នុងរយៈពេលចុងក្រោយនោះ។ លោកជំទាវបានឆ្លើយឆ្លងនឹងអ្នកលេងហ្វេកប៊ុកថា ថវិការនិងជំនួយជាជែលលាងដៃ និងអាល់កុលបាញ់សម្លាប់មេរោគ ដែលលោកជំទាវបានជួយដល់មន្ទីរពេទ្យរុស្សីនេះ គ្រាន់តែជាជំនួយតិចតួចប៉ុណ្ណោះបើធៀបនឹងទឹកចិត្តរបស់សប្បុរសជនជាច្រើន ដែលសស្រាក់សស្រាំម ក្នុងការជួយដល់សង្គមនាអំឡុងពេលមានកូវីដផ្ទុះឡើងនេះ តែនឹងក្លាយជាការពញ្ញាក់អារម្មណ៍មួយ ដើម្បីឱ្យសប្បុរសជនផ្សេងទៀតងាកមកយកចិត្តទុកដាក់ចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានលះបង់នូវសុខទុក្ខផ្ទាល់ខ្លួនហើយស៊ូរទាំងយប់ទាំងថ្ងៃ ជាមួយនឹងមេរោគកូវីដ19នោះ។