យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនប្រទេសកម្ពុជានឹងរងផលប៉ះពាល់ដោយសារភ្លៀងនិងព្យុះចាប់ពីថ្ងៃទី ២៨ ខែតុលារហូតដល់ថ្ងៃទី ០២ ខែវិច្ឆិកា។ មកទល់នឹងពេលនេះត្បិតឥទ្ធិពលនៃព្យុះនិងជម្ងឺឆ្លងពោលគឺ កូវីដ ចាប់ផ្ដើមល្អប្រសើរឡើងវិញ ប៉ុន្តែចំពោះហាងលក់ទំនិញ និងម្ចាស់ភោជនីយដ្ឋានភាគច្រើនដែលស្ថិតនៅក្នុងខេត្ត កែប កំពុងតែរងផលប៉ះពាល់ក្នុងការធ្វើអាជីវកម្មធ្ងន់ធ្ងរ ដោយសារចំនួននៃភ្ញៀវទេសចរណ៍មានការថយចុះ។
ផ្សារក្តាម ដែលធ្លាប់តែជាទីប្រជុំអ្នកលក់ និងអ្នកទិញទេសចរណ៍ក្នុងស្រុក និងក្រៅស្រុកអូរអែរទាំងយប់ទាំងថ្ងៃ បែជាស្ងាត់ជ្រងំពុំសូវមានមនុស្សចេញចូល ធ្វើឱ្យអាជីវករដែលលក់ដូរនៅក្នុងផ្សារមានការខាតបង់ដើមទុនយ៉ាងខ្លាំងខណៈស្តុកទំនិញ និងចំណីអាហារច្រើនហួសបរិមាណនៃភ្ញៀវទេសចរណ៍ដែលមកលេងកំសាន្ត។ ដែលទិដ្ឋភាពបែបនេះពុំធ្លាប់មានពីមុនមកឡើយ ប៉ុន្តែក្រោយពេលផ្ទុះជម្ងឺកូវីដ និងគ្រោះធម្មជាតិកើតឡើងក្នុងពេលបច្ចុប្បន្ននេះអត្រានៃអ្នកទេសចរណ៍កាន់តែហោចទៅៗ ចំណែកកំណើននៃអ្នកលក់ក៏ច្រើនជាងមុនធ្វើឱ្យទីផ្សាអាជីវករនៅតំបន់នោះកាន់តែចង្អៀតជាងមុនព្រោះមានតែអ្នកលក់តែពុំសូវមានអ្នកទិញ។
បញ្ហាទាំងនេះបានធ្វើឱ្យមានផលប៉ះពាល់មិនតិចនោះទេ រហូតមានអាជីវករជាច្រើនបានធ្វើការត្អូញត្អែរពីផលវិបាកដែលពួកគាត់កំពុងជួបប្រទះ។ ជាក់ស្ដែងនៅក្នុងកំឡុងពេលបុណ្យអ៉ំទូកមុននេះអាជីវករជាច្រើនបានសម្រុកផ្ទុកទំនិញបន្លែស្រស់ សាច់ស្រស់ ពិសេសគ្រឿងសមុទ្រ ក្ដាម បង្គារ មឹក ស្រស់ៗជាច្រើនប្រភេទដើម្បីត្រៀមទទួលសេវាកម្មភ្ញៀវទេសចរណ៍មកលេងកំសាន្ត។ ប៉ុន្តែមិនដូចការរំពឹងទុកចំនួននៃអ្នកមកដើរកំសាន្តនៅទីនោះមានការរិតត្បិត ធ្វ្វើឱ្យមានសំណល់នៃទំនិញខាតដើមខាតចុង ដោយអាជីវករខ្លះរកសឹងមិនបាន1$ផងក្នុងមួយថ្ងៃ។
ពួកគាត់សង្ឃឹមថាជម្ងឺរាតត្បាតកាចសាហាវ ពិសេសគ្រោះធម្មជាតិទឹកជំនន់នឹងស្ងប់ទៅនាពេលឆាប់ៗខាងមុខ ហើយសំណូមពរឱ្យភ្ញៀវទេសចរណ៍មកលេងខេត្តកែប ដែលជាទីទេសចរដ៏ស្រស់ត្រកាលនៃប្រទេសកម្ពុជាឱ្យបានអ៊ូរអរដូចពេលមុនៗម្ដងទៀត។