ចូលរួមអបអរ! សៀមរាបត្រូវបានប្រកាសជា ទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ ២០២១-២០២២

0

ក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសដាក់ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២១-២០២២ បន្ទាប់ពីទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានចាត់ចូលនៅឆ្នាំ២០១៨ ដល់ ឆ្នាំ២០២០នេះ។

តាមការប្រកាសពីផេកហ្វេសប៊ុករបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បះនៅថ្ងៃនេះបានឲ្យដឹងថា អបអរសាទរ ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសជា ទីក្រុងវប្បធម៌អាស៊ាន ក្នុងកិច្ចប្រជុំលើកទី៩ រដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈ ក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានដឹកនាំកិច្ចប្រជុំ ក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌ និងសិល្បៈ តាមរយៈប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។ ក្រសួងបញ្ជាក់ថា ការជ្រើសរើសទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ ២០២១-២០២២ គឺដោយសារទីក្រុងសៀមរាប គឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតកវប្បធម៌ទាំងរូបី និងអរូបី និងជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិដ៏ល្បីល្បាញពាសពេញពិភពលោក របស់ព្រះរាជាណាចក្រកម្ពុជា។
ចាប់ពីឆ្នាំ២០០៨មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ទទួលបន្ទុកវប្បធម៌ និងសិល្បៈបានឯកភាពគ្នាឲ្យប្រទេសនីមួយដែលជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំ ជ្រើសរើសទីក្រុងមួយរបស់ខ្លួនដើម្បីស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន។

ការកំណត់ទីក្រុងវប្បធម៌អាស៊ាន គឺធ្វើឡើងដើម្បីបង្ហាញពីអត្តសញ្ញាណអាស៊ាន និងភាពផ្សេងគ្នានៃវប្បធម៌របស់ប្រទេសនីមួយៗដែលជាសមាជិកអាស៊ាន។ ការជ្រើសរើសនេះ មានសុពលភាពរយៈពេល០២ឆ្នាំ។ ទីក្រុងវប្បធម៌អាស៊ាន ដែលបានជ្រើសរើសកន្លងមករួមមាន៖
១. ទីក្រុង Cebu នៃប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ ២០១០ -២០១១
២. ទីក្រុង Singapore នៃប្រទេស សឹង្ហបុរី ចាប់ពីឆ្នំា ២០១២-២០១៣
៣. ទីក្រុង Hue នៃប្រទេសវៀតណាម ចាប់ពីឆ្នាំ ២០១៤-២០១៥
៤. ទីក្រុង Bandar Seri Begawan នៃប្រទេសប៊្រុយណេ ចាប់ឆ្នាំ ២០១៦-២០១៧
៥. ទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ ២០១៨-២០២០។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា នឹងផ្តោតលើការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ ដែលជាគ្រឹះមួយនៃសក្តានុពលសហគមន៍អាស៊ាន និងការកសាងសុខដុមរមនាក្នុងចំណោមប្រជាជនអាស៊ាន។ ជាមួយគ្នានេះ កិច្ចប្រជុំក៏នឹងពិនិត្យពិភាក្សាលើបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដែលបាន និងកំពុងរាតត្បាតក្នុងតំបន់ និងពិភពលោក ព្រមទាំងស្វែករកមធ្យោបាយគន្លឹះសមស្របក្នុងការអនុវត្តសកម្មភាពវប្បធម៌សិល្បៈឡើងវិញ ក្នុងអំឡុងពេលកូវីដ និងក្រោយពេលកូវីដ៕