គិតត្រឹមថ្ងៃទី១៧ តុលា ឆ្នាំ២០២០ ស្ថានភាពលិចលង់នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ រួមមានតំបន់រង្វង់មូលគួរស្រូវ វត្តព្រះធាតុ បុរីពិភពថ្មីគួរស្រូវ និង ទីតាំងសំខាន់ៗនៅភាគខាងត្បូងក្រុង នៅមិនទាន់ស្រកអស់នៅឡើយទេ ដោយការលិចលង់នេះ ត្រូវបានអ្នកជំនាញអះអាងថា មិនមែនលិចដោយសារតែបញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងនោះមិនល្អ ឬ ដោយសារតែការលុបបឹង លុបប្រឡាយ ឬ ដោយសារតែទីតាំងនោះ ជាបាតខ្ទះនោះឡើយ ប៉ុន្តែគឺមកពីបញ្ហាព្យុះដែលបណ្ដាលអោយមានភ្លៀងខុសប្រក្រតីធ្លាក់ជាប់ៗគ្នាក្នុងឆ្នាំនេះ ស្របពេលដែលទំនប់ចម្ការតែគីរីរម្យក៏ត្រូវបាក់ បណ្ដាលស្ទឹងព្រែកត្នោតដែលនៅក្បែរនោះ ជះឥទ្ធិពលលើខ័ណ្ឌដង្កោ។ មន្ត្រីជំនាញក៏បានពន្យល់ពីបញ្ហានេះផងដែរ។
ដកស្រង់ខ្លឹមសារពីទំព័រហ្វេសប៊ុកផ្លូវការរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថាហេតុផលមួយផ្នែកនៅភ្នំពេញ ពិសេសនៅខណ្ឌដង្កោត្រូវលិចក្នុងឆ្នាំនេះ គឺដោយសារតែ ស្ថានភាពដីក្នុងរាជធានីភ្នំពេញ កកើតឡើងក្នុងតំបន់ភូមិសាស្ត្រមួយជាទំនាបរាងជាបាតខ្ទះ ហ៊ុមព័ទ្ឋជុំវិញដោយបឹងកប់ស្រូវ ទន្លេសាប ទន្លេបាសាក់ និងស្ទឹងព្រែកត្នោត ដែលក្នុងឆ្នាំនេះ ស្ទឹងព្រែកត្នោតស្ដុកទឹកដែលបាក់ទំនប់ពីទំនប់ចម្ការតែនៅគីរីរម្យលែងជាប់ ទើបបណ្ដាលហៀរទឹកលិចមួយផ្នែកនៅខណ្ឌដង្កោ។ ក្នុងនោះទីតាំងរង្វង់មូលគួរស្រូវ, បុរីពិភពថ្មីគួរស្រូវ, បុរីវីអាយភី, ផ្សារព្រែកជ្រៃ, វត្តព្រះធាតុ សង្កាត់ស្ពានថ្ម, និង បុរីធំៗស្ទើរទាំងអស់ផ្សេងទៀតដូចជា បុរីរតនៈភ្នំពេញ, បុរី The ML Villa, បុរី អ៊ុយ ហុង, ក្រុមហ៊ុនថ្នាំពណ៌ជាតិ Can Paint, និង បុរីឡាផាម នៅក្នុងតំបន់នោះត្រូវលិច បើទោះជាបានរៀបចំប្រព័ន្ធលូធំៗត្រឹមត្រូវ ត្រូវតាមស្ថានភាពទីតាំងអភិវឌ្ឃន៍ថ្មី។ អ្នកជំនាញបន្តថា ការបម្រែបម្រួលនៃអាកាសធាតុលើពិភពលោក ដែលភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា លើសពី៤០មីលីម៉ែត្រក្នុងមួយម៉ោង គឺជាហេតុផលនាំអោយមានជំនន់ទឹកភ្លៀង ដោយក្នុងឆ្នាំនេះ មិនមែនតែភ្នំពេញទេ សូម្បី នៅទីក្រុងសេអ៊ូល បាងកក ហូជីមិញ សឹង្ហបុរី ម៉ានីល…ក៏រងការជន់លិចធ្ងន់ធ្ងរផងដែរ គឺខ្លាំងជាងនៅកម្ពុជាទៅទៀត។ ម្យ៉ាងមកពីក្នុងឆ្នាំនេះ ទំនប់ចម្ការតែ ដែលជាអាងស្តុកទឹកធំមួយ នៅគីរីរម្យត្រូវបានបាក់ ហើយបានបង្ហូរទឹកចូលស្ទឹងព្រែកត្នោត បណ្ដាលអោយហុរហៀរខ្លាំង ទើបផ្ទៃដីនៅខណ្ឌដង្កោនៅភាគខាងត្បូងត្រូវលិចលង់ខ្លាំងខុសពីរាល់ឆ្នាំ។ អ្នកជំនាញបន្តថា បើតាមតែស្ថានភាពភ្លៀងធ្លាក់ក្នុងរដូវវស្សា ដោយមិនមានឥទ្ធិពលព្យុះ គឺភាគខាងត្បូងមិនលិចដល់ថ្នាក់នោះទេ ដោយសារតែនៅតំបន់បុរីធំៗទាំងនោះ មានការរៀបចំប្រព័ន្ធលូ ដែលសុទ្ធតែដាក់ធំៗដើម្បីរំដោះទឹកនោះផង។
លោកស្រី គឹម ញឹប គណៈអភិបាលខណ្ឌដង្កោ ក៏បានបញ្ជាក់ផងដែរថា ដោយសារតែទឹកហៀរខ្លាំងពីស្ទឹងព្រែកត្នោត ដែលបណ្ដាលពីការបាក់ទំនប់ចម្ការតែ ទើបបណ្ដាលអោយទឹកដីខ័ណ្ឌដង្កោរនៅចំណុចបុរី VIP បុរីពិភពថ្មីគួរស្រូវ និង តំបន់ជុំវិញត្រូវលិច ស្របពេលដែលក្នុងប៉ុន្មានថ្ងៃនេះ ប្រទេសកម្ពុជា ក៏មានភ្លៀងធ្លាក់ជាប់គ្នា ដែលបណ្ដាលអោយមានជំនន់ទឹកភ្លៀងផង ទើបបណ្ដាលអោយតំបន់ដែលលិចទឹកទាំងនោះ មិនអាចរំដោះទឹកបានទាន់ពេលវេលា។ លោកស្រីថា បើត្រឹមជំនន់ទឹកភ្លៀង ទីតាំងដែលរងគ្រោះនោះ មិនលិចបែបនឹងនោះទេ តែបញ្ហាសំខាន់គឺបណ្ដាលមកពីអាងស្តុកទឹកព្រែកត្នោត គ្រប់គ្រងទឹកដែលហៀរពីការបាក់ទំនប់លែងជាប់ ហើយបណ្ដាលអោយតំបន់ជុំវិញ ត្រូវលិច។ លោកស្រីបានទាំងអះអាងថា នៅឆ្នាំបន្តបន្ទាប់ស្ថានភាពបែបនេះ អាចនឹងមិនកើតមាននោះផង បន្ទាប់ពីខ្សែក្រវ៉ាត់ក្រុងគឺទំនប់ទប់ទឹកសំខាន់ៗ ត្រូវបានរៀបចំច្បាស់លាស់។ លោកស្រីបានទទូចកុំអោយមានការយល់ថា តំបន់បុរីVIP តំបន់ផ្សារព្រែកជ្រៃនិង តំបន់ដែលបានលិចលង់ក្នុងប៉ុន្មានថ្ងៃនេះ តែបានលិចមួយឆ្នាំបែបនេះហើយ នឹងលិចរាល់ឆ្នាំដោយសារតែស្ថិតក្នុងតំបន់ទំនាប ពោលគឺលោកស្រីនៅតែយល់ថា ស្ថានភាពដែលបង្កអោយលិចនៅក្នុងពេលនេះ គឺបណ្ដាលមកពីកម្ពុជាទទួលឥទ្ធិលព្យុះបណ្ដាលអោយភ្លៀងធ្លាក់ជាប់ៗគ្នា និងបណ្ដាលមកពីបាក់ទំនប់ដែលធ្លាប់ជាអាងដ៏សំខាន់ ហើយបណ្ដាលអោយទឹកហៀរចេញពីអាងស្តុក ប៉ះជាមួយនឹងភ្លៀងធ្លាក់ជាប់ៗគ្នាព្រោះតែឥទ្ធិពលព្យុះនោះតែប៉ុណ្ណោះ។ បទពិសោធន៏លិចទឹកឆ្នាំនេះ នឹងធ្វើអោយរដ្ឋាភិបាលរកវិធីរុញច្រានទឹកទៅកាន់តំបន់ដែលមិនប៉ះពាល់ ដើម្បីកុំអោយទឹកដីខ័ណ្ឌដង្កោរងការលិចលង់ទៀត។ ជាមួយគ្នានោះលោកស្រី ក៏អំពាវនាវអោយប្រជាពលរដ្ឋយកចិត្តទុកដាក់អោយបានខ្ពស់សម្រាប់ជំនន់ទឹកភ្លៀង។ ក្នុងនោះក្រុមការងារជួយសង្គ្រោះ ក៏បានយកចិត្តទុកដាក់ ក្នុងតំបន់ដែលរងគ្រោះទាំងនោះផងដែរ៕