អាស្រមធំមួយ ត្រូវអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និង ភរិយា សម្ពោធថ្វាយលោកយាយម៉

0

មានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពី អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និង ភរិយា គឺ លោកជំទាវ គៀន ស្រីនាង បានដឹកនាំក្រុមគ្រួសារ និង ពុទ្ធបរិស័ទ ធ្វើពិធីសូត្រមន្តឆ្លងអាស្រមថ្មីមួយយ៉ាងអធឹកអធមនៅទីសក្ការៈលោកយាយម៉ៅ ដែលអាស្រមនេះ គឺជាជួយឧបត្ថម្ភទាំងស្រុង ដោយ អ្នកឧកញ៉ា និង លោកជំទាវ ដើម្បីទុកជាទីសក្ការៈជូនអ្នកមានជំនឿលើទីសក្ការៈលោកយាយម៉ៅ នៅពេជ្រនិល។

នៅក្នុងពិធីសែនព្រេនប្រោះព្រំដ៏អឹកអធឹកនោះ លោកជំទាវ គៀន ស្រីនាង ភរិយាអ្នកឧកញ៉ាបណ្ឌិត្យ ទ្រី ភាព បានថ្លែងបញ្ជាក់ថា ដោយសារតែលោកជំទាវមានស្រុកកំណើតនៅខេត្តព្រះសីហនុ ហើយត្រូវធ្វើដំណើរឆ្លងកាត់ទីសក្ការៈលោកយាយម៉ៅជាប្រចាំ និង តែងដឹងគុណទីសក្ការៈមួយនេះ រាល់ការបន់ស្រន់អោយសុខសប្បាយកន្លងមក ទើបលោកជំទាវ និង ក្រុមគ្រួសារសម្រេចសាងសង់អាស្រមនេះឡើង ដើម្បីអោយបងប្អូនដែលធ្វើដំណើរឆ្លងកាត់ និងពលរដ្ឋ ដែលអាស្រ័យនៅទីសក្ការៈនោះ គោរពបូជា។ ម្យ៉ាងចង់អោយទីសក្ការៈបូជារបស់លោកយាយម៉ៅ មានកន្លែងធ្វើបុណ្យអោយសមរម្យផង ទើបលោកជំទាវយល់ថាគឺជាកិច្ចដ៏មានប្រយោជន៍សម្រាប់ការសាងសង់អាស្រមមួយនេះ។ ហេតុផលនៃការជួយសាងអាស្រមនេះ ក៏ដើម្បីអោយទីសក្ការៈលោកយាយម៉ៅ មានកន្លែងធំទូលាយដើម្បីតម្កល់គ្រឿងដង្វាយផ្សេងៗផងដែរ។ យ៉ាងណាមិញលោកជំទាវថា ក្រោយការប្រគល់ជូនប្រជាពលរដ្ឋដែលថែក្សានៅទីសក្ការៈនោះបន្ត មិនដឹងថាតើរូបបដិមាលោកយាយម៉ៅ នឹងត្រូវគេលើកយកមកដាក់ក្នុងអាស្រមថ្មីនេះ ឬ គ្រាន់តែទុកជាអាស្រមសម្រាប់ធ្វើបុណ្យ ឬ សម្រាប់គ្រឿងដាក់ដង្វាយនោះទេ ដោយលោកជំទាវ និង ក្រុមគ្រួសារប្រគល់ជូនពលរដ្ឋដែលមើលថែរក្សាប្រើប្រាស់តាមការគួរ។

ក្នុងពិធីសូត្រមន្តប្រោះព្រំអាស្រមថ្មីនោះ អ្នកឧកញ៉ាបណ្ឌិត្យ និង លោកជំទាវ គឺបានចូលរួមរៀបចំដោយផ្ទាល់ ដោយក្នុងពិធីនោះ ក៏មានថ្វាយភ្លេងពិណ្យពាទ្យ និង រៀបចំដង្វាយយ៉ាងបរិបូរណ៍ថ្វាយដល់លោកយាយម៉ៅផងដែរ។ បើទោះជាក្នុងពិធីនោះមានរំខានដោយភ្លៀង តែពិធីសូត្រប្រោះព្រំអាស្រមថ្វាយដល់លោកយាយម៉ៅ នៅតែប្រព្រឹត្តិទៅយ៉ាងអធឹកអធម ដោយមានពលរដ្ឋជាច្រើនចូលរួម។ អាស្រមនេះ ក៏នឹងធ្វើអោយទីសក្ការៈលោកយាយម៉ៅពេជ្រនិល នឹងកាន់តែមើលទៅធំទូលាយសម្រាប់បងប្អូនខ្មែរធ្វើបុណ្យធ្វើទាន ងាយស្រួលចូលអុជធូបអុជទាន និង សម្រាប់លោកតាលោកយាយដាក់គ្រឿងដង្វាយផងដែរ។