បើទោះជាមានជម្ងឺកូវីត១៩ផ្ទុះឡើង តែគេកត់សម្គាល់ថា បណ្ដាពុទ្ធបរិស័ទ នៅតែមានសទ្ធាជ្រះថ្លានៅក្នុងវិស័យព្រះពុទ្ធសាសនាគួរអោយសរសើរ នៅក្នុងឱកាសចូលព្រះវស្សានាឆ្នាំនេះ។ ក្នុងនោះដែរគេឃើញបណ្ដាពុទ្ធបរិស័ទ សស្រាក់សស្រាំនឹងពិធីក្នុងព្រះពុទ្ធសាសនានេះផង។
ជាមួយនឹងការកត់សម្គាល់នេះ នៅលើបណ្តាញសង្គម របស់ ព្រះអង្គនី សុវណ្ណមុនីរ៉េត គង់ នៅកុដិ២៤ វត្តនាគវ័ន ក៏បានសរសេរ រៀបរាប់កាលពីថ្ងៃទី ៥កក្កដា ឆ្នាំ ២០២០ ថា « ពិធីបុណ្យចូលព្រះវស្សាគឺជាទំនៀមទម្លាប់ប្រពៃណីរបស់ព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកខ្មែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់ពី១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ពុទ្ធបរិស័ទតែងតែនាំយកនូវទានព្រះវស្សា និងទេយ្យវត្ថុផេ្សងៗ ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សារយះពេលបីខែ នៅតាមទីវត្តអារាបនានា សូមកុសលផលបុណ្យ មហាកុសលទាំងប៉ុន្មាន ខ្ញុំព្រះករុណាអាត្មាភាព សូមឲ្យញាមញាតិពុទ្ធបរិស័ទ ទាំងអស់គ្នា ទាំងក្នុងប្រទេសក្រៅប្រទេស ជួបតែពរបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឡើយ សូមអនុមោទនា»។
ស្របពេលជាមួយ គ្នានេះ តាមទីវត្តអារាម នានា ថ្ងៃបើករដូវទានវស្សានេះ គេក៏ឃើញពុទ្ឋបរិស័ទ ជាច្រើន សម្រុកទៅកាន់ទីអារាម ប្រគេន របស់របរសំខាន់ៗ ដល់ព្រះសង្ឃ។ នេះ ជាការចូលរួម លើកស្ទួយវិស័យពុទ្ឋសាសនា កម្ពុជា និងការលើកតម្លៃ ព្រះពុទ្ឋជាសាសនារបស់រដ្ឋយើង។