តារាកម្សត់លោក វណ្ណាឌី រំភើបដល់ទ្រហោយំ ពេលគ្រួសារតារាកម្ពុជាចុះប្រគល់អំណោយ

0

កាលពីល្ងាចថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ ស្ថាបនិកគ្រួសារតារាកម្ពុជាគឺលោក ផាត់ តារ៉ារដ្ឋ បានដឹកនាំសប្បុរសជន និង ថវិការបស់ម្ចាស់ជំនួយដែលប្រមូលបានពីការរ៉ៃអង្គាសក្នុងក្រុមទាំងក្នុងនិងក្រៅក្រុមជំហានទី១ រួមមានប្រាក់សុទ្ធ២៣០ដុល្លារ និង អង្ករត្រីសាច់ គ្រឿងឧបភោគបរិភោគ ជាច្រើន យកទៅប្រគល់ជូនដល់ លោក វណ្ណាឌី ដល់បន្ទប់ជួលស្ថិតនៅប្ញស្សីកែវ បន្ទាប់ពីលោកធ្លាក់ខ្លួន ដល់ថ្នាក់ប្រកាសលក់ឈាមដើម្បីចិញ្ចឹខ្លួន។ គ្រាន់តែជំនួយទាំងនោះត្រូវបានប្រគល់ជូន លោកដល់ថ្នាក់ស្រែទ្រហោយំមិនខ្មាស់អ្នកណាតែម្ដង ដោយសារតែអារម្មណ៍រំភើបពេក។

ការប្រគល់អំណោយនោះ ក៏មានការចូលរួមពីសំណាក់តារាសិល្បៈដែលជាសមាជិករបស់គ្រួសារតារាកម្ពុជា ដែលរួមវត្តមានរបស់លោកជំទាវ រីយ៉ាត្រាណេ ដែលជាសប្បុរសជនប្រចាំក្រុម និងសមាជិកផ្សេងទៀតផងដែរ ដូចជា អ្នកនាង សាង សុរិយា តារាសម្ដែង អ្នកនាង សាណា សមាជិក លោក រុន ណាកូ ពិធីករ និង ជាតារាចម្រៀងក្លាស៊ិក រួមទាំងក្រុមសប្បុរសធម៌ របស់តារាកំប្លែងយាយ ប៉េងប៉ោះ។

លោក ផាត់ តារ៉ារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាបានថ្លែងបញ្ជាក់ថា ថវិការដែលយកមកប្រគល់នេះ គឺគ្រាន់តែជាការរ៉ៃអង្គាសលើកទី១ប៉ុណ្ណោះ ដោយគ្រួសារតារាកម្ពុជា នឹងបន្តទទួលជំនួយពីសប្បុរសជនបន្តទៀត ដើម្បីយកមកប្រគល់ជូនតារាកម្សត់រូបនេះ។ លោកថា តារាសម្ដែងវ័យ៥៨ឆ្នាំលោក វណ្ណាឌី ក្រៅពីមានជំងឺប្រចាំកាយខ្លះ ក៏ជាតារាគ្មានទីផ្សារ ពិបាករកចំណូល និង គ្មានកូនចៅបងប្អូនគិតគូរផងដែរ ចាប់រងពីលោកបែកបាក់ប្រពន្ធកូនអស់ប្រមាណជាង១០ឆ្នាំ។ លោកមិនខុសពីមនុស្សចាស់ឯកោ និង ទុរគតនោះទេ ទើបលោកធ្លាក់ខ្លួននៅក្នុងស្ថានការណ៍ដែលកូវីតកើតឡើង ហើយការសម្ដែងក៏ស្ទើរមិនមាន។ ស្របពេលដែលការសម្ដែងម្ដងៗក៏បានតែ១៥ ទៅ៣០ដុល្លារផង ទើបពិបាកអោយលោកទប់ទល់ស្ថានភាពជីវភាពបាន។

រ៉ៃអង្គាសជទទួលបាននេះគឺបានមកពីការប្រមូលរ៉ៃអង្គាសលើកទីមួយបន្ទាប់ពីបានដឹងដំណឹងថាលោក វណ្ណាឌី ធ្លាក់ខ្លួនដល់ថ្នាក់តេសុំជុំនួយពីសិល្បៈករសិល្បៈការិនី រហូតឈានដល់ការប្រកាសលក់ឈាមដើម្បីយកលុយដោះស្រាយជីវភាពដែលកំពុងតែដុនដាប។ ស្របពេលដែលលោកមិនអាចប្រកបការងាររកចំណូលអ្វីបានក្នុងកំឡុងពេលមានជម្ងឺរកូវីដ១៩នេះ បូករួមទាំងលោកមានជម្ងឺប្រចាំកាយផងនោះធ្វើឱ្យលោកកាន់តែមានការរាំងស្ទះក្នុងការស្វែងរកការងារធ្វើដើម្បីបានប្រាក់ចិញ្ចឹមជីវិត។

គួរបញ្ជាក់ផងដែរថាអំណោយដែលលោកនាំយកមកប្រគល់ជូនថ្ងៃរួមមាន ទឹកប្រាក់ចំនួន ២៣០ ដុល្លាអាមេរិក អង្ករចំនួន ៣បេ ត្រីខកំប៉ុង ទឹកស៊ីអ៉ីវ មី ត្រីងៀត និងសាច់ក្រក សម្រាប់ជួយដោះស្រាយជីវភាព ឱ្យលោកមានលទ្ធភាពបង់ថ្លៃឈ្នួលផ្ទះ និងផ្គត់ផ្គង់ការហូបចុករបស់លោកមួយគ្រានេះផងដែរ។ លោកក៏បន្តអំពាវនាវដល់ក្រុមផលិតករឱ្យមេត្តាផ្ដល់ឱកាសដល់តារាដ៏កំសត់មួយរូបនេះ អោយបានចូលសម្ដែងសិល្បៈអោយបានគ្រប់សកម្មភាពផងដែរ ដើម្បីអោយលោកអាចមានចំណូលក្នុងការផ្គត់ផ្គង់ជីវភាព។

លោក វណ្ណាឌី បានបង្ហាញអារម្មណ៍រំភើបដល់ថ្នាក់ទ្រហោយំ ដោយលោកបញ្ជាក់ថា ក្នុងពេលលោកទៅសម្រេចចិត្តលក់ឈាមគឺលោកធ្លាក់ខ្លួនដល់ថ្នាក់ខលទៅសុំអ្នកស្និទ្ធិស្នាលក្នុងសិល្បៈ១០ដុល្លារ និង ២ម៉ឺនរៀល និងធ្លាក់ខ្លួនដល់ថ្នាក់ពឹងអោយគេជូនទៅសុំអង្ករ៤ប្រាំកំប៉ុងពីសិល្បករមួយចំនួនដែលលោកស្គាល់ស្នុទ្ធិ តែសិល្បករទាំងនោះបដិសេធ ទើបលោកសម្រេចចិត្តសុំអន្តរាគមន៍ពីគ្រួសារតារាកម្ពុជា។ លោកថារំភើបព្រោះក្រោយពីការប្រកូកប្រកាសរបស់គ្រួសារតារាកម្ពុជា គឺមានតារាមួយចំនួនបានយកចិត្តទុកដាក់ចំពោះលោក ធ្វើអោយលោកមានក្ដីសង្ឃឹមឡើងវិញបន្ថែមពីលើជំនួយរបស់គ្រួសារតារាកម្ពុជា។