យោងតាមការបង្ហោះ លោក ឌឹម សួនណាត អគ្គនាយកក្រុមហ៊ុន Enarita ត្រូវបានប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលជាអ្នកវិនិយោគជាមួយកន្លងមក ផ្ដិតមេដាយស្នើសុំអោយតុលាការខេត្តសៀមរាប ដែលនៅតែបន្តឃុំខ្លួន អោយដោះលែងអគ្គនាយករូបនេះ ដើម្បីអោយលោក បានរួចពីការចោទប្រកាន់ ហើយមកដោះស្រាយបំណុលតាមការសន្យារជួយដល់ដៃគូវិយោគទាំងអស់។ គ្រួសារទាំងអស់បានរួមគ្នាធ្វើលិខិតសុំអន្តរាគមន៍រួមគ្នាមួយជូនសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីអោយសម្ដេចជួយអន្តរាគមន៍ ខណៈដែលគ្រួសារដែលជាដៃគូវិនិយោគហាក់អស់សង្ឃឹមលើចំណាត់ការរបស់តុលាការខេត្តសៀមរាប និងបានចោទថាតុលាការនេះ មានចេតនាបង្ឃាំងលោក ឌឹម សួនណាត ជាអ្នកទទួលខុសត្រូវ មិនអោយចេញពីពន្ធធនាគារ និង ថាការពន្យារពេលដោះលែងនេះ កំពុងបង្កអោយគ្រួសារជនដែលត្រូវបានដំណោះស្រាយជួបបញ្ហា ដោយសារតែ លោក ឌឹម សួនណាត បានផ្ដិតមេដាយយល់ព្រមផ្ដល់សំណងតាមដំណាក់កាល រួចហើយ អោយតែលោកបានចេញពីពន្ធនាគារ។ គ្រួសារទងអស់ចោទថា ការមិនទទួលបានសំណង នៅក្នុងកាលៈទេសៈ ដែលជំងឺកូវីតនាពេលនេះ កាន់តែធ្វើអោយគ្រួសារភាគច្រើន កាន់តែមានបញ្ហាប្រាក់ចំណូល ដោយសារតុលាការបន្តឃុំខ្លួន លោក ឌឹម សួនណាត។ លិខិតដែលត្រូវបានបង្ហោះ និងចែកចាយដោយអតីតសមាជិក Enarita រាប់រយនាក់ ដែលក្នុងនោះក៏មានក្រុមសិល្បករផង បានប្រកាសអំពាវសុំអោយមានអន្តរាគមន៍ពីសម្ដេចនាយករដ្ឋមន្ត្រីយ៉ាងស្រុះដៃ។
អត្ថន័យនៅក្នុងលិខិតដែលបានបង្ហោះនោះ មានខ្លឹមសារថា”
យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋអ្នកវិនិយោគរាប់ពាន់គ្រួសារ ដែលបានដាក់លុយវិនិយោគជាមួយក្រុមហ៊ុន អ៊ីណារីតា ឯ.ក ។
សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់!
កម្មវត្ថុ ៖ ស្នើសុំកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយដោះស្រាយក្នុង ករណីមានប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលបានដាក់លុយវិនិយោគជាមួយក្រុមហ៊ុន អុីណារីតា ឯ.ក ដែល មានលោក ឌីម សួនណាត ជាអគ្គនាយកក្រុមហ៊ុន បច្ចុប្បន្នកំពុងឃុំខ្លួនបណ្តោះអាសន្ននៅឯពន្ធនាគារខេត្តសៀមរាបអស់រយៈពេល ៨ខែមកហើយ។
សេចក្តីដូចបានគោរពជំរាបជូនក្នុងកម្មវត្ថុខាងលើសូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជ្រាបថា មានប្រជាពលរដ្ឋដែលបានដាក់លុយវិនិយោគជាមួយក្រុមហ៊ុនប្រមាណរាប់ពាន់គ្រួសារ កំពុងមានការលំបាកយ៉ាងខ្លាំងបំផុតដូចជា៖
– គ្មានលុយបង់ធនាគារ គ្មានលុយបង់ការប្រាក់ឯកជន និងខ្លះទៀតក៏ពុំមានលុយសូម្បីតែញាំបាយ
– អ្នកខ្លះទៀតក៏មិនហ៊ានទៅស្រុកកំណើត ព្រោះមិនហ៊ានប្រឈមមុខជាមួយម្ចាស់បំណុល
– អ្នកខ្លះត្រូវបាត់បង់គ្រួសារ ប្រពន្ធកូន ការងារ
– អ្នកខ្លះប្រឈមមុខនឹងពាក្យបណ្តឹងពីម្ចាស់បំណុល
– អ្នកខ្លះទៀតកើតជាជម្ងឺបាក់ទឹកចិត្ត គិតខ្លីក៏មានដោយសារការមិនអាចប្រឈម មុខនឹងបញ្ហាដែលជាប់គាំងខាងលើនោះបាន។
សូមគោរពជំរាបជូនផងដែរថា ប្រជាពលរដ្ឋទាំងអស់កំពុងតែរងចាំយ៉ាងអន្ទះអន្ទែងបំផុត និងព្រមទទួលយកដំណោះស្រាយពីលោក ឌីម សួនណាត ដោយមានស្នាមមេដៃគាំទ្រទទួលយកដំណោះស្រាយគឺ ១៥% ពេលចេញមកភ្លាម និងសងតាមដំណាក់កាល រហូតដល់អស់ដើមទុនដែលបានវិនិយោគ។ ដោយផ្អែកលើគោលជំហរទទួលខុសត្រូវរបស់លោក ឌីម សួនណាត យើងខ្ញុំទាំងអស់គ្នាសូមសេចក្តីសន្តោសប្រណៃពី សម្តេចអគ្គមហាសេនាបតីតេជោ មេត្តាជួយអន្តរាគមន៍ពន្លឿននិតិវិធីតុលាការ ក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ៖ ៨៣៥ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ របស់អយ្យាការអមសាលាដំបូងខេត្តសៀមរាប និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋវិនិយោគរាប់ពាន់គ្រួសារដោយអោយលោក ឌីម សួនណាត មានសេរីភាពដើម្បីមានឱកាសសង់បំណុលប្រជាពលរដ្ឋជាអ្នកវិនិយោគ ដោយក្តីអនុគ្រោះផង។
សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំទាំងអស់គ្នា។
ថ្ងៃអង្គារ៍ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក
ព.ស ២៥៦៣
ត្រូវនិង ថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០២០