លោក យ៉ន សេងហាន ប្រារព្ធខួបមង្គលការ១២ឆ្នាំ អបអរគោរមងារឧកញ៉ា

0

កាលពីយប់ថ្ងៃទី២ មីនា ឆ្នាំ២០២០ អ្នកជំនួញផ្នែកជំនួញដីធ្លីដ៍ល្បីល្បាញ លោក យ៉ន សេងហាន និងភរិយា លោកស្រី ម៉ៃ សុម៉ាលី បានប្រារព្ធខួបអាពាហ៍ពិពាហ៍ យ៉ាងឱឡារិក គម្រប់១២ឆ្នាំក្រោយចាប់ដៃគ្នា។ អ្វីដែលកាន់តែពិសេស គឺលោកបានធ្វើអោយស្រទាប់ មហាជនភ្ញាក់ផ្អើល គឺពិធីមួយនេះ ក៏ត្រូវឡើង ដើម្បីអបអរក្រោយពេលព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារអោយលោកជា”ឧកញ៉ា” ឆ្លើយតបនឹងសកម្មភាពមនុស្សធម៌ជួយដល់សង្គមជាហូរហែររបស់លោក និងក្រុមការងារ។

លោក យ៉ន សេងហាន ដែលបច្ចុប្បន្នជាប្រធានក្រុមហ៊ុនអចលនទ្រព្យ«សេងហាន» គឺជាបុគ្គលម្នាក់ធ្លាប់មានជីវិតលំបាកលំបិន កាលពី១២ឆ្នាំមុនប៉ុណ្ណោះ។ លោកបានឆ្លងកាត់ជីវិតជាអ្នកលក់ស្បែកជើងនៅតាមរោងចក្រ ដើម្បីដោះស្រាយកម្រិតជីវភាព។ អ្វីដែលបានកើតឡើងគ្រានោះ លោកក្រោយរៀបការជាមួយ លោកជំទាវ ម៉ៃ សុម៉ាលី គឺសល់បំណុលរុំខ្លួន ក្លាយជារឿងព្រួយបារម្ភបំផុត។ ប្រឈមនឹងឧបសគ្គ ដ៏លំបាកលោកនឹងភរិយាមិនដែលរាថយទេ គឺពុះពារគ្រប់កាលៈទេសៈ ដោយផ្ដើមហក់លោតពីការងារមួយចូលការងារមួយ ដើម្បីស្វែងរកជំនួញ និង ប្រាក់ចំណូលដើម្បីជីវភាព។ ដូច្នេះហើយ ទើប១២ឆ្នាំ ក្នុងជីវិតតស៊ូ បានជួយអោយលោកងើបឡើងត្រដែត ដោយប្ដូរពីប្ដីប្រពន្ធក្រខ្សត់ ទៅជាអ្នកជំនួញមានមុខមាត់នៅក្នុងសង្គម ។ ការងារជាគ្រូបង្គោលបង្រៀនពីជំនាញជោគជ័យទាំងលោក និង ភរិយា មិនគ្រាន់តែជាការចែករំលែកចំណេះដឹងបណ្ដុះអ្នកជំនាន់ក្រោយ អោយចេះបែកគំនិតប៉ុណ្ណោះទេ តែក៏ជាប្រភពចំណូលដ៏ធំ មុនពេលលោកក្លាយជាអ្នកជំនួញទ្រព្យស្ដុកនៅក្នុងពេលនេះផងដែរ។

ឱកាសរីករាយជួបជុំសមាជិក ជាច្រើនដែលបានធ្វើឡើងកាលពីថ្ងៃទី២ មីនា នោះ ក្រុមការងារដែលលោកធ្លាប់បណ្ដុះបណ្ដាល និង ភ្ញៀវកិត្តិយស ត្រូវគេឃើញជូននូវកាដូ និងបាច់ផ្កាដល់លោកជាហូរហែរ អមដោយការកោតសរសើរពីការតស៊ូ។ លោកឧកញ៉ា យ៉ន សេងហាន ក៏បានប្រកាសដាក់ក្បាលមេក្រូ សុំកុំអោយមនុស្សមិនទាន់ជោកជ័យគ្រប់រូបអស់សង្ឃឹម ដោយលោកបញ្ជាក់ថា កើតមកក្រមិនមែនជាកំហុសទេ តែបើស្លាប់ទៅវិញនៅតែក្រ ឬ ស្ថិតក្នុងភាពបរាជ័យ ទើបជាកំហុស។ លោកទទូចអោយអ្នកចង់សម្រេចគោលដៅនៅក្នុងជីវិត បន្តតស៊ូ នុងហ៊ានពុះពារនូវអ្វីដែលខ្លួនចង់បាន ដោយមិនគ្រាន់តែនិយាយ ហើយមិនធ្វើនោះទេ។ ក្នុងនោះលោកក៏រីករាយបន្តចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងជូនដល់អ្នកជំនាន់ក្រោយផងដែរ ដោយលោកចង់ឃើញបុគ្គលគ្រប់រូប ក្លាយជាម្ចាស់ការលើខ្លួនឯង ហើយក្លាយជាបុគ្គលមានតម្លៃ។

គួរបញ្ជាក់ផងដែរថា លោក យ៉ន សេងហាន ត្រូវបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារជាឧកញ៉ា កាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីលោកធ្វើសកម្មភាពជួយដល់សង្គមច្រើនដូចជាចែកអំណោយ សង់ផ្លួវ ជីកប្រឡាយ ជួយអភិវឌ្ឍន៍សហគមន៍ដែលក្រុមហ៊ុនលោកចុះទៅដល់ និង ជួយបង្កើតការងារអោយកូនខ្មែរបានរាប់ពាន់នាក់កាត់បន្ថយចំណាកស្រុក បន្ទាប់ពីលោកជោគជ័យក្នុងវិស័យជំនួញ៕