សាលាក្រីក្រដាច់ស្រយាលមួយនៅកំពង់ចាម ទទួលបានអំណោយអគារសិក្សា ពីសប្បុរសជន

0

នៅលើទឹកដីកំពង់ចាម ស្ថិតនៅក្បែរព្រំប្រទល់ខេត្តកំពង់ធំ គឺនៅក្នុងសហគមន៍ភូមិអូរ២ និង ភូមិស្វាយផ្អែម ស្ថិតក្នុងឃុំដងក្ដារ ស្រុកចម្ការលើ គេកត់សម្គាល់ថាគឺជាភូមិដែលនៅដាច់ស្រយាលយ៉ាងខ្លាំងពីទីប្រជុំជន។ សូម្បីផ្លូវធ្វើដំណើរចូលក៏ហុយរលាក់ខ្លាំង និងត្រូវបានគេបញ្ជាក់ថា គឺអោយតែខែធ្លាក់ភ្លៀងមកដល់ ផ្លូវចូលភូមិដែលមានចម្ងាយពីទីប្រជុំជនជាង១៥គីឡូម៉ែត្រនេះ រមែងក្លាយជាល្បាប់ភក់ជិះមិនកើត។ ប៉ុន្តែគួរអោយសរសើរដែលសប្បុរសជនមួយក្រុមដែលក្នុងនោះក៏មានអតីតពិធីការិនីកម្មវិធីមុខម្ហូបរបស់CTN មួយរូប និងថ្នាក់ដឹកនាំក្រុមហ៊ុន យ៉ុនណាសេងម៉ៅ Investment ដែលមានទាំងជនជាតិចិនផង តស៊ូចុះទៅដល់ ហើយក្រៅពីចែកអំណោយ ក៏បានផ្ដល់ប្រាក់ជួយកសាងសាលា៣អគារមាន៣បន្ទប់ ដើម្បីអោយក្មេងជាង១៥០នាក់នៅក្នុងសហគមមានកន្លែងអង្គុយរៀន។

លោក សាន ភារិន ប្រធានទីផ្សារក្រុមហ៊ុនយ៉ុនណានសេងម៉ៅ Investment ដែលជាក្រុមហ៊ុនវិនិយោគបង្កើតផ្សារពាណិជ្ជកម្មធំមួយនៅប្ញស្សីកែវ បញ្ជាក់ថា ហេតុផលដែលនាំអោយមានសកម្មភាពជួយកសាងសាលា និង ចែកអំណោយនៅក្នុងភូមិដាច់ស្រយាលនេះ គឺដោយសារតែមានអង្គការមួយបានបញ្ជូនដំណឹងពីកង្វះខាតរបស់សាលាមកកាន់ក្រុមហ៊ុន ស្របពេលដែលក្រុមហ៊ុនក៏មានមូលនិធិប្រចាំក្រុមហ៊ុនដើម្បីជួយលើផ្នែកសប្បុរសធម៍នេះ។ លោកថាជំនួយដែលយកមកប្រគល់ជូនរួមមាន សម្ភារៈសិក្សា ថវិកាជារួម ថវិកាចែកជូនដោយផ្ទាល់សម្រាប់ម្នាក់ៗ ក៏បានប្រគល់ជូនសហគមចំនួន២៥លានរៀល ដើម្បីជួយលើការសាងសង់សាលា៣ខ្នង ឬ ៣អគារ ស្មើនឹង៣បន្ទប់ ដោយសម្រេចការសាងសង់យ៉ាងយូរនៅអំឡុងខែ៦។ លោកថានេះមិនមែនជាលើកទី១នោះទេ សម្រាប់កិច្ចការសប្បុរសធម៌ ពោលគឺមានច្រើនលើកមកហើយ ដោយសារតែក្រុមហ៊ុនក៏មានបំណងបំផុសក្នុងសកម្មភាពបែបនេះ ដោយមិនសូវមើលរំលងដែរនោះ។ លោកថាកាន់តែសប្បាយចិត្ត ដោយសារតែក្រៅពីនាយករបស់លោក ក្រុមសប្បុរសជនផ្សេងទៀត ដែលរួមមានទាំងលោកស្រី ចាន់ថេត ជាម្ដាយរបស់លោក ដែលជាអតីតពិធីការិនីផ្នែកមុខម្ហូបប្រចាំទូរទស្សន៍មួយផងក៏ចូលរួម ព្រមជាមួយនឹងការបរិច្ចាគថវិកា និងសម្ភារៈផ្ដល់ជូនដល់ក្មេងៗ និងអ្នកភូមិជាច្រើនផងដែរ។ លោកគម្រោងនឹងជួយសហគមន៍នេះបន្ថែមទៀត ដើម្បីអោយសាលាសហគមន៍នេះ មានតុកៅអី ក្ដារខៀន តារាងបាល់ និងមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ។

លោក ចិន តៃអាន អគ្គនាយកក្រុមហ៊ុន យ៉ុនណានសេងម៉ៅ Investment ជាជនជាតិចិនបានសម្ដែងអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលលោក សាន ភារិន នាំអោយស្គាល់ពីសហគមន៍មួយនេះ ហើយបានទាំងចូលរួមបរិច្ចាគផង។ លោកនឹងបន្តជួយដល់សហគមន៍មួយនេះបន្តទៀត ដើម្បីអោយសហគមន៍ទាំងមូលកាន់តែមានលទ្ធភាពសមរម្យជាពិសេសគឺសាលារៀន ដែលខ្វះខាត។

ខាងក្រោមនេះជាទិដ្ឋភាព របស់ក្រុមសប្បុរសជន នៅសហគមន៍ដាច់ស្រយាលនៅភូមិអូរ២ និងភូមិស្វាយផ្អែម ក្រោមវត្តមានមកចូលរួមយ៉ាងច្រើនកុះករពីសិស្សៗ និងប្រជាជន៖