យោងតាមការបង្ហោះ នៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២០ នៅវត្តប្រាសាទស្រះកណ្ដាល (ខ្ញាស់) ដែលជាវត្តគំរូធំ និងល្បីឈ្មោះមួយនៅខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីសាសានាធំទៀតហើយ ដោយមានពិធីដង្ហែព្រះធាតុ ពីធីបូជាផ្កា ពិធីសម្ដែងធម៌ទេសនា សមាធិ និងបង្ហោះគោមរាប់រយគោមនៅពេលរាត្រី។ ពិធីនេះត្រូវបានរំពឹងថានឹងមានពុទ្ធបរិស័ទជិតឆ្ងាយ រួមទាំងថ្នាក់ដឹកនាំជាច្រើនផងចូលរួម។
ពិធីដែលនឹងធ្វើចាប់ពីម៉ោង៣រសៀល នៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២០នេះ នឹងក្លាយជាព្រឹត្តិការណ៍សាសនាជាប្រវត្តិសាស្ត្រជាថ្មីទៀតហើយ បន្ទាប់ពីព្រះចៅអធិការវត្ត ព្រះមហាធម្មាលង្ការោ ចាន់ សុជន បានដឹកនាំធ្វើពិធីនេះក្នុងឆ្នាំកន្លងមក អោយកក្រើកស្រទាប់មហាជនរួចមកហើយ។ មានការប៉ាន់ស្មានថា អ្នកចូលរួមទាំងក្នុង និងក្រៅប្រទេសមិនតិចពាន់នាក់ទេ ខណៈដែលលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ដែលជាសប្បុរសជនដ៏ធំប្រចាំវត្ត និងជាប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ និងក្រុមការងារ ក៏នឹងចូលរួមក្នុងពិធីនេះផងដែរ។ នៅព្រឹកថ្ងៃ៩ កុម្ភៈ ឆ្នាំ២០២០ ក៏នឹងមានពិធីរាប់បាត្រព្រះសង្ឃរហូតដល់២០០អង្គ នៅក្នុងវត្តប្រាសាទស្រះកណ្តាល (ខ្ចាស់) ដែលស្ថិតនៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យនេះផងដែរ។