មិនមែនជារឿងលេងសើចនោះទេ ដែលកូនខ្មែរមួយរូប អាចផលិតផលិតផលសំខាន់ៗជាច្រើន ហើយផលិតផលទាំងនោះ ត្រូវបានវិស្វករជ្រើសយកមករួមចំណែកសាងសង់ព្រលានយន្តហោះ Techo International Airport ដែលអ្នកមិនបានដឹងគិតថាប្រហែលព្រលានមួយនេះ យកគ្រឿងបង្គំ និង ផលិតផលផ្សេងៗមកពីក្រៅប្រទេសទេ ដើម្បីអោយព្រលានដែលទើបរួចរាល់ មានភាពរឹងមាំ និង ប្រណិត។
លោកឧកញ៉ា កែវ បូណ៍ភិរក្ស អគ្គនាយក ក្រុមហ៊ុន បូទីកា (Botica Cambodia) និង បុរីឡុងនី បានលើកឡើងថា វត្តមានរបស់ Techo Airport International គឺបង្ហាញយ៉ាងច្បាស់ថា កម្ពុជាអ្វីក៏អាចធ្វើបាន ហើយនឹងមានការរីកចំរើនលើគ្រប់វិស័យ ពិសេសគឺវិស័យអាកាសចរនៅក្នុងពេលនេះ។
លោកឧកញ៉ាថា គឺជារឿងដែលមោទនភាពដ៏ធំដែលកម្ពុជាអាចស្ថាបនាបានព្រលាននេះ ហើយអ្វីដែលកាន់តែធ្វើអោយលោកឧកញ៉ាបង្ហាញនូវមោទនភាពមិនអាចកាត់ថ្លៃបានទៅទៀត គឺព្រលានមួយនេះបានជ្រើសរើសផលិតផលជាច្រើនមុខពីបូទីកា ដែលជាក្រុមហ៊ុនផលិតដោយស្នាដៃកូនខ្មែរ នឹងជារបស់លោក ដែលអាចអោយផលិតផលរបស់លោក បានរួមចំណែកក្នុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រលាននេះទាំងមូល ដោយរាប់បញ្ចូលទាំងការផ្គត់ផ្គង់គ្រឿងបរិក្ខា និង ផលិតផលផលិតដោយកូនខ្មែរជាច្រើនមុខ ដូចជា ស៊ីម៉ង់ ម៉ាប ផលិតផលការពារជម្រាបទឹក និង ផលិតផលជាច្រើនទៀត ដែលព្រលានយន្តហោះថ្មីនេះ បានជ្រើសយកមកប្រើប្រាស់ ដែលបញ្ជាក់យ៉ាងច្បាស់ថា កូនខ្មែរនាពេលបច្ចុប្បន្នក៏មានសមត្ថភាពអាចផលិតបាននូវសម្ភារៈ និង ផលិតផលស្ដង់ដាររាប់មិនអស់ ដោយមិនចាំបាច់អោយវិស្វករជំនាញត្រូវចំណាយខ្ពស់នាំចូលផលិតផលមកពីប្រទេសខាងក្រៅ នៅពេលស្ថាបនា ឬ សាងសង់គម្រោងធំៗ ដូចជាព្រលានយន្តហោះ តេជោ នេះជាដើម។
ក្រៅពីកោតសរសើរចំពោះស្នាដៃថ្មី ដែលទើបដំណើរការ លោកឧកញ៉ា ក៏បង្ហាញជំហរមិនរិះគន់លើសកម្មភាពរបស់លោកតាលោកយាយ ដែលបានសម្រុកមកទស្សនានៅព្រលានច្រើនៗជារៀងរាល់ថ្ងៃ ដែលកំពុងផ្ទុះការវែកញែកនៅលើបណ្ដាញសង្គម។
លោកឧកញ៉ា បានគូសបញ្ជាក់ថា ចំពោះសកម្មភាពរបស់លោកតាលោកយាយ គួរតែមានការលើកទឹកចិត្ត និង កោតសរសើរពីការចំណាយធនធានរបស់ពួកគាត់ ព្រោះតែចង់ឃើញព្រលានដ៏អស្ចារ្យនេះជំនួសវិញ ព្រោះបើពួកគាត់មិនរំភើប មិនចូលរួមអបអរ ប្រហែលជាបងប្អូនខ្មែរទាំងនោះ មិនខំចំណាយធនធាន និង ពេលវេលាមកលេងដល់ទីតាំងយ៉ាងកកកុញជារៀងរាល់ថ្ងៃបែបនេះនោះទេ។
លោកឧកញ៉ាក៏បានប្រកាសជំហរចំពោះការបន្តធ្វើពហិកាមិនប្រើផលិតផលរបស់ពួកផ្ទះលេខ២ដូចគ្នានឹងបងប្អូនកូនខ្មែរផងដែរ ដោយចាត់ទុកថា គឺជាឱកាសអាចអោយបណ្ដាម្ចាស់សិប្បកម្ម និង រោងចក្រឧស្សាហកម្មទាំងអស់ បានបញ្ចេញស្នាដៃ និង ជំនួសអោយផលិតផលសៀម ដែលខ្មែរប្រកាសមិនប្រើប្រាស់។ លោកឧកញ៉ាថា បើខ្មែរសាមគ្គីគ្នាបានល្អ មិនយូរទេសេដ្ឋកិច្ចខ្មែរនឹងខ្លាំង ហើយសមិទ្ធិផលធំៗ ដូចគ្នានឹងព្រលានថ្មីនេះ ក៏នឹងបន្តការលេចឡើងជាបន្តបន្ទាប់ផងដែរ ដោយសារតែចរន្តលុយ ដែលខ្មែរចរាចរទិញដូរគ្នាទៅវិញទៅមក មិនហូរចេញក្រៅ។
ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL ដែលបានចុះចតក្នុងព្រលានថ្មី ជាមួយផងដែរ បានលើកឡើងថា គឺជាមោទនភាពធំណាស់ ដែលក្រុមហ៊ុនបូទីកា អាចផលិតបាននូវផលិតផលសំខាន់ៗជាច្រើនក្នុងវិស័យគ្រឿងសំណង់ និង សាងសង់ ដើម្បីចូលរួមអោយថ្នាក់ដឹកនាំជ្រើសយកមកប្រើ ក្នុងការសាងសង់ព្រលានយន្តហោះថ្មី និង សមិទ្ធិផលជាច្រើនទៀត នៅក្នុងប្រទេស ដែលបញ្ចៀសនូវការនាំចូល ដែលនាំអោយកម្ពុជាត្រូវហូរលុយចេញក្រៅ។
លោកឧកញ៉ាថា ផលិតផលកូនខ្មែរឥលូវមិនត្រឹមតែសំបូរបែបទេ សូម្បីគុណភាពក៏ស្តង់ដារដែរ ទើបត្រូវទទួលស្គាល់ដោយវិស្វករជំនាញ ហើយឈានដល់ការជ្រើសយកមកប្រើក្នុងការសាងសង់សមិទ្ធិផលធំៗ។
ជាមួយនឹងការរិះគន់ចំពោះលោកតាលោកយាយដែលត្រូវគេរិះគន់ថា បានបង្កអោយបរិយាកាសនៅក្នុងព្រលានថ្មីមិនមានសណ្ដាប់ធ្នាប់ លោកឧកញ៉ា បានបញ្ចេញទស្សនៈថា ធម្មតាសមិទ្ធិផលនៅក្នុងប្រទេសណាក៏ដោយ អោយតែទើបបង្ហាញថ្មី តែងតែមានមនុស្សឈូរឆរទៅមើលកកកុញ ដែលចលនាអ៊ូរអរទាំងនោះ រមែងត្រូវបានគេសម្គាល់ថា បណ្ដាលអោយខ្វះសណ្ដាប់ធ្នាប់។
ក្នុងនាមជាកូនខ្មែរ លោកឧកញ៉ាថា គួរតែលើកទឹកចិត្ត និង សាទរចំពោះវត្តមានរបស់ពួកគាត់ ដែលខំចំណាយធនធាន ហើយស្កាត់មកមើលដោយផ្ទាល់។ ផលោកឧកញ្ញា ក៏បង្ហាញនូវមោទនភាពផងដែរ ដែលកម្ពុជាអាចសម្រេចបាននូវព្រលានយន្តហោះថ្មីខ្នាតយក្ស និង ធំលំដាប់ទី៩នៅលើពិភពលោក ដែលបង្ហាញថាកម្ពុជា កំពុងតែមានការរីកចំរើន និង អាចប្រកួតប្រជែងក្នុងតំបន់បានជាប្រវត្តិសាស្ត្រ សម្រាប់វិស័យអាកាសចរណ៍។