ខណៈដែលកូនខ្មែរទូរទាំងប្រទេសកំពុងផ្ទុះការចាប់អារម្មណ៍នឹងរឿងតាតាយាយយាយពីគ្រប់ទិសទី មកទស្សនាព្រលានយន្តហោះថ្មី Techo International Airport និង មានការរិះគន់ចំពោះវត្តមានរបស់ពួកគាត់ លោកឧកញ៉ា២រូប ដែលជាកូនខ្មែរ ដែលទើបបញ្ចប់បេសកកម្មនៅក្រៅប្រទេស ក៏បង្ហាញនូវការចាប់អារម្មណ៍ផងដែរ ឆ្លើយតបនឹងអ្នករិះគន់ចំពោះវត្តមានកកកុញរបស់បងប្អូនកូនខ្មែរលោកតាលោកយាយ នៅក្នុងបរិវេណព្រលានថ្មីនេះ។
ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានលើកឡើងថា ធម្មតាសមិទ្ធផលដែលទើបបង្ហាញថ្មី មិនថាស្ថិតក្នុងប្រទេសណានោះទេ គឺតែងតែបើកចំហរអោយមានការចូលទស្សនា និង ចូលថតរូប ដើម្បីជាផ្សព្វផ្សាយ។ លោកឧកញ៉ាថា ក្នុងនាមជាកូនខ្មែរ គួរតែលើកទឹកចិត្ត និង សាទរចំពោះវត្តរបស់ពួកគាត់ ដែលបានចំណាយធនធានស្កាត់មកមើលពីសមិទ្ធិផលដែលកូនខ្មែរបង្កើតឡើង បើទោះជាសកម្មភាពរបស់ពួកគាត់នៅក្នុងបរិវេណព្រលានអាចថាមិនសមភ្នែកខ្លះ។
ជាមួយគ្នានោះលោកឧកញ្ញា ក៏បង្ហាញនូវមោទនភាពផងដែរ ដែលកម្ពុជាអាចសម្រេចបាននូវព្រលានយន្តហោះថ្មីខ្នាតយក្ស និង ធំលំដាប់ទី៩នៅលើពិភពលោក ដែលបង្ហាញថាកម្ពុជា កំពុងតែមានការរីកចំរើន និង អាចប្រកួតប្រជែងក្នុងតំបន់បានជាប្រវត្តិសាស្ត្រ សម្រាប់វិស័យអាកាសចរណ៍។
មិនខុសគ្នាដែរ លោកឧកញ៉ា កែវ បូណ៍ភិរក្ស អគ្គនាយក ក្រុមហ៊ុន បូទីកា ( Botica Cambodia) និង បុរីឡុងនី បានលើកឡើងថា វត្តមានរបស់ Techo Airport International គឺបង្ហាញយ៉ាងច្បាស់ថា កម្ពុជាអ្វីក៏អាចធ្វើបាន ហើយនឹងមានការរីកចំរើនលើគ្រប់វិស័យ ពិសេសគឺវិស័យអាកាសចរនៅក្នុងពេលនេះ។ លោកឧកញ៉ាថា គឺមោទនភាពដ៏ធំដែលកម្ពុជាអាចស្ថាបនាបានព្រលាននេះ ហើយអ្វីដែលកាន់តែធ្វើអោយលោកឧកញ៉ាបង្ហាញនូវមោទនភាពមិនអាចកាត់ថ្លៃបានទៅទៀត គឺព្រលានមួយនេះបានជ្រើសរើសផលិតផលជាច្រើនមុខរបស់បូទីកា ដែលផលិតដោយស្នាដៃកូនខ្មែរ នៅក្នុងក្រុមហ៊ុនរបស់លោក យកមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រលាននេះទាំងមូល ដោយរាប់បញ្ចូលទាំងគ្រឿងបរិក្ខា ម៉ាប ផលិតផលការពារជម្រាបទឹក និង ផលិតផលជាច្រើនទៀត ដែលបញ្ជាក់យ៉ាងច្បាស់ថា កូនខ្មែរនាពេលបច្ចុប្បន្នក៏មានសមត្ថភាពអាចផលិតនូវសម្ភារៈ និង ផលិតផលស្ដង់ដាររាប់មិនអស់ ដោយមិនចាំបាច់ទាល់តែធ្វើការនាំចូល ឬ ទិញពីគេ នៅពេលមានគម្រោងសាងសង់សមិទ្ធិផលនីមួយៗ។
ក្រៅពីមិនរិះគន់សកម្មភាពរបស់លោកតាលោកយាយ ដែលសម្រុកមកលេងព្រលានច្រើនៗរាល់ថ្ងៃ លោកឧកញ៉ា បានលើកឡើងថា គួរតែលើកទឹកចិត្ត និង កោតសរសើរពីការចំណាយធនធានរបស់បងប្អូនខ្មែរ ដែលបានមកមើលព្រលានយ៉ាងកកកុញនៅក្នុងពេលនេះ ព្រោះជាសកម្មភាពដែលបង្ហាញថាពួកគាត់មោទនភាព និង សប្បាយចិត្តនឹងវត្តមានរបស់សមិទ្ធិផលនេះ។
ជាមួយគ្នានោះ លោកឧកញ៉ាក៏ប្រកាសជំហរចំពោះការបន្តធ្វើពហិកាមិនប្រើផលិតផលរបស់ពួកផ្ទះលេខ២ផងដែរ ដើម្បីបណ្ដាសិប្បករ និង ឧស្សាហករណ៍ខ្មែរមានឱកាស បញ្ចេញស្នាដៃ និង ផលិតនូវផលិតផលជំនួសអោយផលិតផលសៀម ដែលខ្មែរប្រកាសមិនប្រើប្រាស់នោះ។
លោកឧកញ៉ាថា បើខ្មែរសាមគ្គីគ្នាបានល្អ មិនយូរទេសេដ្ឋកិច្ចខ្មែរនឹងខ្លាំង ហើយសមិទ្ធិផលធំៗ ដូចគ្នានឹងព្រលានថ្មីនេះ ក៏នឹងបន្តការលេចឡើងជាបន្តបន្ទាប់ផងដែរ។