កាលពីព្រឹកថ្ងៃទី១៧ មីនា ឆ្នាំ២០២៥ លោកជំទាវឧកញ៉ា កែវ មុំ ស្ថាបនិកនំស្រួយលីលី បានដឹកនាំថ្នាក់ដឹកនាំ និង ក្រុមការងាររបស់សមាគម Save Life មកពីប្រទេសសិង្ហបុរី ដើម្បីចែកអំណោយជូនពលរដ្ឋរហូតដល់ជាង៣០០គ្រួសារ នៅវត្តភ្នៀត ដោយមានព្រះគ្រូព្រះចៅអធិការវត្តជាអ្នកសម្របសម្រួល។
ក្នុងឱកាសនោះ លោកជំទាវឧកញ៉ា ក៏បានប្រគល់ជូននូវអំណោយ និង ថវិកាផ្ទាល់ខ្លួនរបស់ក្រុមហ៊ុននំស្រួយលីលី ប្រគល់ជូនបន្ថែមពីលើសមាគម Save Life របស់ប្រទេសសិង្ហបុរីផងដែរ។
លោកជំទាវឧកញ៉ា កែវ មុំ បានចាត់ទុកថា នេះគឺជាទឹកចិត្តដ៏ប្រពៃរបស់ជនជាតិសិង្ហបុរី ដែលបានពាំនាំនូវជំនួយពីសប្បុរសជននានា ហើយបានសហការជាមួយលោកជំទាវ ដើម្បីជាប្រយោជន៍ដល់បងប្អូនខ្មែរទាំងជាង៣០០គ្រួសារ ដែលបានមកទទួលអំណោយនៅក្នុងពេលនេះ។
ជាគម្រោង លោកជំទាវ និង សមាគម Save Life ក៏នឹងបន្តចុះចែកអំណោយជាច្រើនកន្លែងទៀត ពិសេសគឺនឹងចែកកង់ ជូនដល់អ្នកខ្វះខាត មុនពេលបេសកកម្មរបស់ក្រុមសមាគម Save Life ត្រូវត្រលប់ទៅប្រទេសសិង្ហបុរីវិញផងដែរ។
លោកជំទាវថា ការចែករំលែកគឺជារឿងដ៏សំខាន់ ដូច្នេះក្រៅសកម្មភាពចុះចែកដោយផ្ទាល់នូវធនធានផ្ទាល់ខ្លួន ដូចដែលបានឃើញកន្លងមក លោកជំទាវឧកញ៉ា ក៏នឹងគៀងគរជនបរទេស អោយមកចូលរួមដូចគ្នានេះ អោយបានកាន់តែច្រើននាពេលបន្តបន្ទាប់ទៀត។






























