បន្ទាប់ពីបានទស្សនាវីដេអូ ពីសកម្មភាពប្រគល់ថវិកាជាង១ម៉ឺនដុល្លារជូនដល់សាលាភូមិថ្មី នៅខេត្តកំពង់ស្ពឺ កសាងជាខ្លោងទ្វារ របស់ឯកឧត្តម តាំង សុខឃី និង លោកជំទាវ ទ្រី ចិន្តា ឧត្តមទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃរាជ បួរ គ្រី និង ជាអគ្គនាយកអគ្គនាយិកាក្រុមហ៊ុន ឃី ចិន្តា ឌីវេឡុបម៉ិន ឯ.ក ឯកឧត្តម គង់ សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏ទាក់ទងមកដោយផ្ទាល់ ទៅកាន់ឯកឧត្តម តាំង សុខឃី ដោយបានបរិច្ចាគថវិកាចំនួន 1000$ ( មួយពាន់ដុល្លា ) ក្នុងការកសាងរបងសាលាបឋមសិក្សា ភូមិថ្មី មិត្តភាព កម្ពុជា ជប៉ុន បន្ទាប់ពីបានឮនៅក្នុងវីដេអូ តារារដ្ឋ TV ថា ឯកឧត្តមកំពុងពិចារណារឿងជួយកសាងរបងសាលា បន្ទាប់ពីសាលាទទួលបាន ក្លោងទ្វារជាផ្លូវការ។
ឯកឧត្តម តាំង សុខឃី បានបង្ហាញនូវអារម្មណ៍រំភើប ដែលឯកឧត្តម គង់ សោភ័ណ្ឌ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប បានយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ក្រុមហ៊ុន ឃី ចិន្តា ហើយក្រោយពីឯកឧត្តម គង់ សោភ័ណ្ឌ បរិច្ចាគជួយតាមរយៈឯកឧត្តមនេះ ឯកឧត្តមផ្ទាល់នឹងប្ដេជ្ញាគៀងគរសប្បុរសជន និង បរិច្ចាគថវិកាផ្ទាល់ ដើម្បីជួយកសាងរបងដល់សាលានេះតាមការស្នើសុំហើយ បើទោះជាក្នុងពិធីបុកគ្រឹះកសាងក្លោងទ្វារ ឯកឧត្តម ត្រឹមតែអះអាងថា នឹងពិចារណាសំណើររបស់នាយកសាលា។
ឯកឧត្តម ក៏សូមអំពាវអោយមានការចូលរួមបរិច្ចាគជួយដល់របងសាលាមួយនេះ ពីគ្រប់ទិសទី ដើម្បីរួមចំណែកបុណ្យរួមគ្នា និង ជួយអោយសាលានេះ ទទួលបានទាំងក្លោងទ្វារ និង របងព្រមគ្នា ជាប្រយោជន៍ដល់សិស្ស និង លោកគ្រូអ្នកគ្រូ។








