កាលពីថ្ងៃទី26 ខែកុម្ភៈ ឆ្នាំ2025 មុននេះ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានដឹកនាំសហការី បាននាំយកអំណោយជាច្រើនរួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ភេសជ្ជៈ ថវិកា និង អំណោយជាច្រើនទៀត យកទៅប្រគល់ជូន សមាគមស្នាមញញឹមនៃកហតីសង្ឃឹមកុមារកម្ពុជា។
ដែលតាមការដឹង នេះមិនមែនជាលើកទីមួយទេដែល ឯកឧត្តម កែវ រ៉េមី ចុះមកជួយដល់មណ្ឌលកុមារកំព្រាមួយកន្លែងនេះ គឺឯកឧត្តមតែងតែពាំយកជំនួយច្រើនបែបនេះ ដើម្បីជាការចូលរួមសម្រួលកង្វះខាតនៅក្នុងមណ្ឌលផងដែរ។
ក្នុងនោះ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានដឹកនាំសហការី ផ្តល់ក្តីស្រលាញ់ បង្ហាញនូវការសំណេះសំណាល និង លើកទឹកចិត្តប្អូនៗកុមារ អោយបន្តប្រឹងប្រែងរៀន និង កុំអស់សង្ឃឹមព្រោះខ្លួនជួបនូវបញ្ហានៅក្នុងគ្រួសារ ដែលនាំអោយពួកគេមានឈ្មោះជាក្មេងកំព្រាក្នុងមណ្ឌលនោះផងដែរ។
លោកបានបន្តទៀតថា នៅតែបន្តជ្រោមជ្រែងមណ្ឌល ហើយបើទោះជាស្ថានភាពពិភពលោក នៅតែបន្តអូសបន្លាយយ៉ាងណា លោកនៅតែរក្សាជំហរ នាំយកអំណោយបែបនេះ អោយបានអ្វីដែលធ្លាប់បានធ្វើ។
លោកស្រី ប៉ូ ស្រីគង្គ អនុប្រធានសមាគម យល់ថា វត្តមានរបស់មណ្ឌល និង វត្តមានរបស់ក្មេងៗ កាន់តែមានចំនួនកើនឡើងទាំងនេះ គឺដោយសារតែកម្លាំងសាមគ្គីរបស់សប្បុរសជនគ្រប់ផ្នែកទាំងអស់ដែលបានចូលរួម។ លោកស្រី ក៏ថ្លែងអំណរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង សប្បុរសជនទាំងអស់ ដែលតែងតែជួយមណ្ឌលកន្លងមក ដែលធ្វើអោយមណ្ឌលស្នាមញញឹម អាចបន្តចិញ្ចឹមក្មេងបានមកដល់ពេលនេះ បើទោះជាមានវិបត្តិពិភពលោក។ លោកស្រី ក៏ប្រកាសថានឹងបន្តមើលថែក្មេងដោយមិនបោះបង់ មិនថានៅក្នុងកាលៈទេសៈ ដែលក្នុងពេលខ្លះមណ្ឌល ក៏ជួបនូវផលវិបាកនោះផងដែរ។
អ្វីដែលគួរអោយកត់សម្គាល់ ក្នុងថ្ងៃនោះលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏បានដឹកនាំសិល្បករសិល្បការិនីមួយចំនួនចូលរួមដើម្បីលើកទឹកចិត្តដល់ប្អូនៗដែលរស់នៅក្នុងមណ្ឌល មានកំលាំងក្នុងការធ្វើខ្លួនជាទំពាំងស្នងឫស្សីល្អផងដែរ។













