តាំងពីថ្ងៃទី១៥ តុលា ឆ្នាំ២០២៤ ដែលសហជីពគ្រូបង្រៀន មកពីប្រទេសន័រវេស ហៅកាត់ថា UEN បានមកបើកសិក្ខាសាលាបណ្ដុះបណ្ដាលមួយ ដើម្បីពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំសមាគម ស្ដីពីការចងក្រង ការជ្រើសរើស ការថែរក្សាសមាជិក និងការធ្វើផែនការយុទ្ធសាស្ត្រ។
ពិធីនេះបានធ្វើឡើងនៅខេត្តសៀមរាប ដោយមានរយៈពេល៤ថ្ងៃ និង មានសមាគមគ្រូបង្រៀនចំនួន២ចូលរួម។ ក្នុងនោះ សមាគមអ្នកអប់រំជាតិ ដើម្បីអភិឌ្ឍន៍ ដែលជាសមាគមគ្រូបង្រៀន ក្រោមការគាំទ្រពីរដ្ឋាភិបាលរបស់កម្ពុជា ក៏បានដឹកនាំសមាជិកសរុបប្រមាណ១០រូបចូលរួមផងដែរ។
ថ្នាក់ដឹកនាំរបស់សមាគមអ្នកអប់រំជាតិ ដើម្បីអភិវឌ្ឍន៍ ដឹកនាំដោយ ឯកឧត្តម សួង ហួត ជាប្រធានកិត្តិយស, លោក តេង សំអយ ជាប្រធានថ្មី និង លោក ស៊ីវ សំអឿន ជាអនុប្រធាន។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង លោក រុន ណាកូ អ្នកសារព័ត៌មានមកពីផ្ទះតារា ដែលមានកេរ្តិ៍ឈ្មោះ ក៏លេចវត្តមានជាមួយនឹងសិក្ខាសាលានេះផងដែរ។
នេះជាសិក្ខាសាលាដែលដឹកនាំដោយថ្នាក់ដឹកនាំ សហជីពគ្រូបង្រៀន UEN របស់ប្រទេសន័រវេស ដើម្បីធ្វើបទបង្ហាញពីការពង្រឹងសមត្ថភាព និង ដើម្បីអោយសមាគមគ្រូបង្រៀន ក៏ដូចជាលោកគ្រូអ្នកគ្រូ ដែលស្ថិតនៅក្នុងក្របខ័ណ្ឌបណ្ដុះបណ្ដាល កាន់តែមានសមត្ថភាពក្នុងការដឹកនាំ និង ក្នុងការបណ្ដុះធនធានមនុស្ស។
នេះក៏ជាការដោះដូរយោបល់មួយដ៏ល្អរវាងសមាគមគ្រូបង្រៀនរបស់ប្រទេសកម្ពុជា និង សហជីពគ្រូបង្រៀនអន្តរជាតិ UEN ក៏ដូចជាតំណាងអន្តរជាតិផ្សេងទៀត ដោយសារតែវគ្គសិក្ខានេះ ក៏មានអ្នកជំនាញ Zoom Live ផ្ទាល់ នៅក្នុងកម្មវិធីផងដែរ។