កាលពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៤ លោកទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំអំណោយជាច្រើនរួមមានអង្ករ១តោន មី ទឹកត្រី ទឹកស៊ីអ៊ីវ ភេសជ្ជៈ ថវិកា និង អំណោយជាច្រើនទៀត យកទៅប្រគល់ជូន សមាគមស្នាមញញឹមដើម្បីកម្ពុជា ដែលតាមការរៀបរាប់ គឺ សាខាកាកបាទក្រហមកម្ពុជា តែងពាំយកជំនួយដ៏ច្រើនបែបនេះ ក្នុងមួយឆ្នាំ២ដង ដើម្បីជាការចូលរួមសម្រួលកង្វះខាតនៅក្នុងមណ្ឌល។
ក្នុងនោះ លោក ទៀង សុគន្ធ ដែលតំណាងអោយថ្នាក់ដឹកនាំកាកបាទក្រហមទាំងមូល ក៏បានបង្ហាញនូវការសំណេះសំណាល និង លើកទឹកចិត្តប្អូនៗកុមារ អោយបន្តប្រឹងប្រែងរៀន និង កុំអស់សង្ឃឹមព្រោះខ្លួនជួបនូវបញ្ហានៅក្នុងគ្រួសារ ដែលនាំអោយពួកគេមានឈ្មោះជាក្មេងមណ្ឌលនោះផងដែរ។
លោកថា កាកបាទក្រហមខេត្តកណ្ដាល នឹងនៅតែបន្តជ្រោមជ្រែងមណ្ឌល ហើយបើទោះជាស្ថានភាពពិភពលោក នៅតែបន្តអូសបន្លាយ ក៏កាកបាទក្រហមកម្ពុជា សាខាខេត្តកណ្ដាលទាំងមូល នៅតែរក្សាជំហរ នាំយកអំណោយធំៗបែបនេះ អោយបាន២ដងក្នុងមួយឆ្នាំ ដូចអ្វីដែលធ្លាប់បានធ្វើ។
លោក ប៉េន សុផល ប្រធានមណ្ឌលស្នាមញញឹមថ្មី នៃកុមារ បានលើកឡើងថា មកដល់បច្ចុប្បន្ន មណ្ឌលទាំងមូលមានក្មេងសរុបទាំងអស់ជាង១៤០នាក់ ដោយក្នុងនោះរួមមាន ក្មេងកំព្រាឪពុកម្ដាយ ក្មេងឪពុកម្ដាយបោះបង់ចោល ក្មេងក្រីក្រ ក្មេងតាមចិញ្ចើមថ្នល់ ក្មេងរងការរំលោភបំពាន ក្មេងរងអំពើហឹង្សា ក្មេងកើតជម្ងឺអូឌីហ្សឹម និង ក្មេងមានបញ្ហាផ្លូវចិត្តជាដើម។ ក្មេងទាំងអស់នេះ ខ្លះឪពុកម្ដាយយកមកផ្ញើ ខ្លះអាជ្ញាធរបញ្ជូនមកដាក់ និង ខ្លះទៀត លោកដឹងពីស្ថានភាពលំបាក ហើយយកមកនៅតែម្ដង។
លោកស្រី ប៉ូ ស្រីគង្គ អនុប្រធានសមាគម យល់ថា វត្តមានរបស់មណ្ឌល និង វត្តមានរបស់ក្មេងៗ កាន់តែមានចំនួនកើនឡើងទាំងនេះ គឺដោយសារតែកម្លាំងសាមគ្គីរបស់សប្បុរសជនគ្រប់ផ្នែក ដែលក្នុងនោះ កាកបាទក្រហមខេត្តកណ្ដាល បានរួមចំណែកដ៏ធំជួយដល់មណ្ឌល ក្នុងរយៈពេលច្រើនឆ្នាំមកនេះ។
លោកស្រី ក៏ថ្លែងអំណរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និង សប្បុរសជនទាំងអស់ ដែលតែងតែជួយមណ្ឌលកន្លងមក ដែលធ្វើអោយមណ្ឌលស្នាមញញឹម អាចបន្តចិញ្ចឹមក្មេងបានមកដល់ពេលនេះ បើទោះជាមានវិបត្តិពិភពលោក។ លោកស្រី ក៏ប្រកាសថានឹងបន្តមើលថែក្មេងដោយមិនបោះបង់ មិនថានៅក្នុងកាលៈទេសៈ ដែលក្នុងពេលខ្លះមណ្ឌល ក៏ជួបនូវផលវិបាកនោះផងដែរ៕