មកទល់ម៉ោងនេះ គេចាប់អារម្មណ៍ថា សំណេរមួយរបស់ ឯកឧត្តម ខៀវ កាញ៉ារីទ្ធិ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះមានការចែកចាយ និង ផ្ទុះការគាំទ្រយ៉ាងខ្លាំង ដើម្បីក្រើនរម្លឹកកុំអោយបន្តច្បាប់ចាប់ល្បឿន ក្នុងកម្រិត៤០ និង ៦០ នៅលើផ្លូវជាតិ ចេញផុតពីទីក្រុង។ ឯកឧត្តម លោកបានបង្ហោះសំណួររបស់បុគ្គលម្នាក់ថា “សូមគោរព អរុណសួស្តីឯកឧត្តម 🙏🙏🙏 ក្មួយមានចំងល់មួយ
តាមខេត្ត ចាប់ល្បឿន ៤០ ល្បឿន ៦០ តាមផ្លូវជាតិ មិនគួរមានទេ បេីចាប់ល្បឿនពី ៩០ ឡេីងទៅសមបន្តិច ។ ក្មួយចង់សួរទៅ ប៉ូលីសចរាចរណ៍ ជាពិសេសមេៗប៉ូលីស រួមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផង តេីពេលពួកគាត់ចុះទៅខេត្តម្តងៗ ដែលបេីកបរគោរពច្បាប់ទេ ( តាមល្បឿនកំណត់ ) ?”។
ជាមួយនឹងការបង្ហោះនេះ ឃើញថាអ្នកលេងបណ្ដាញសង្គម ពេញចិត្តឡើងស្ដូកតែម្ដង ដោយសារតែករណីនេះ មានការត្អូញត្អែរច្រើន ហើយក៏ជាលេសដែលធ្វើអោយប៉ូលីសនៅតាមផ្លូវចូលខេត្តមួយចំនួន មានលេសគោះលុយយ៉ាងស្រួលពីអ្នកឆ្លងកាត់។ ក្នុងនោះនៅតាមបណ្ដោយខ្លះ ក៏មិនបានលើកផ្លាកបង្ហាញល្បឿនអោយបានច្បាស់ៗ និង អោយបានគ្រប់ចំណុចផងដែរ ប៉ុន្តែដល់ទីតាំងប៉ូលីសប្រចាំការ គឺឃាត់ផាកយកលុយតែម្ដង។
អ្នកចែកចាយជាច្រើន រំពឹងថា នឹងមានការកែប្រែលើគោលការណ៍នេះ ដើម្បីបញ្ចៀសការត្អូញត្អែរ និង ក៏ដើម្បីធានាថានឹងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវផង។